Connect with us

សន្តិសុខសង្គម

៣សប្តាហ៍ នៃខែកុម្ភៈ សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងជាង៣០០នាក់បញ្ជូនទៅតុលាការ និងពន្ធនាគារ

បានផុស

នៅ

ក្នុងរយៈពេល៣សប្តាហ៍ នៃខែកុម្ភៈ ពោលគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិទូទាំងប្រទេស បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៨២ករណី និងឃាត់ខ្លួនជនបង្ក៣០២នាក់ និងបានបញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តនិតិវិធីច្បាប់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ ក្រុមក្មេងទំនើងដែលបង្ក្រាបបាន ភាគច្រើនត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ និងបញ្ជូនបន្តទៅកាន់ពន្ធនាគារផងដែរ។ ដោយឡែក សម្រាប់ក្រុមក្មេងទំនើងមួយចំនួនតូចដែលចូលរួម ឬពាក់ព័ន្ធក្នុងកម្រិតស្រាល និងមិនទាន់ឈានដល់កម្រិតបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល ដោយអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងតម្រូវឱ្យមានការធានាអះអាងច្បាស់លាស់ពីអាណាព្យាបាល មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

តាមរបាយការណ៍ដដែល សកម្មភាពបង្ក្រាបក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ ភាគច្រើនកើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ។

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវចុះប្រតិបត្តិការឱ្យបានលឿន និងត្រូវស្រាវជ្រាវចាប់ខ្លួនឱ្យបានមិនលើសពី៤៨ម៉ោង រាល់ក្រុមក្មេងទំនើងដែលបង្កហេតុ ឬរត់គេចខ្លួន។

លោក ស សុខា បានសង្កត់ធ្ងន់ក្នុងន័យប្រដូចថា សូម្បីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែសមត្ថកិច្ចអាចបោសសម្អាតបានជាបន្តបន្ទាប់ ដូច្នេះ ត្រឹមក្មេងទំនើង ឱ្យតែយើងមានឆន្ទៈមុតមាំ រឿងអ្វីយើងមិនអាចក្របួចចាប់ពួកគេយកទៅផ្ដន្ទាទោសបាន៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម