Connect with us

សន្តិសុខសង្គម

៣ ខែ​​ឆ្នាំ ២០២៦ ខេត្តក្រចេះជួប​គ្រោះអគ្គិភ័យនិង​ខ្យល់កន្ត្រាក់ បង្កខាតបង់ទ្រព្យសម្បត្តិប្រមាណ ៧៤០ លានរៀល

បានផុស

នៅ

ស្ថានភាពគ្រោះមហន្តរាយក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៦ ក្នុង​ខេត្តក្រចេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ ដោយក្នុងនោះគ្រោះអគ្គិភ័យត្រូវបានកត់សម្គាល់ឃើញថា ជាមុខសញ្ញាគ្រោះថ្នាក់ដែលបង្កការខូចខាតខ្លាំងជាងគេ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះបានឲ្យដឹងថា ឧបទ្ទវហេតុសំខាន់ៗដែល​បានកើតឡើងរួមមាន៖ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ០៧លើក ក្នុងស្រុកចំនួន៤ គឺ ស្រុកឆ្លូង, ព្រែកប្រសព្វ, ចិត្របុរី និងអូរគ្រឿងសែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផល ផ្ទះចំនួន ១១ ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ក្នុងនោះ ០៨ខ្នង ខូចខាតទាំងស្រុង ប៉ះពាល់ដល់ពលរដ្ឋ ៤៤នាក់។ ទំហំនៃការខូចខាតសរុបមានទឹកប្រាក់ប្រមាណ ៧៣៨,០០០,០០០ រៀល និងមាសចំនួន ៤.៥ ដំឡើង។

គ្រោះខ្យល់កន្ត្រាក់បានកើតឡើងចំនួន ០១ លើក នៅឃុំកន្ទួត និងឃុំថ្មី ស្រុកចិត្របុរី បណ្តាលឱ្យប៉ះពាល់ផ្ទះចំនួន ០៧​ខ្នង ខូចខាតធ្ងន់ ០២ ខ្នង និងប៉ះពាល់ពលរដ្ឋ ៣៥ នាក់។ ករណីលង់ទឹក បានកើតឡើងមាន ០២ករណី នៅស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី បណ្តាលឱ្យមនុស្ស ០២នាក់ស្លាប់ ក្នុងនោះ ស្រី ០១នាក់។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះបានឲ្យដឹងបន្ថែមថា ក្រោយកើតមានហេតុការណ៍ភ្លាមៗ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីផ្តល់ជំនួយសង្គ្រោះបឋម។ គ្រួសាររងគ្រោះសរុបចំនួន ៤៦ គ្រួសារ ស្មើនឹង ១៤៧នាក់ ទទួលបានអំណោយមនុស្សធម៌ ដើម្បីសម្រាល​ការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានដាក់ចេញនូវសេចក្តីណែនាំជាបន្តបន្ទាប់ ដើម្បីឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ និងដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនាពេលខាងមុខ ដោយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រមួយចំនួន ដូចជា ត្រៀមលក្ខណៈសម្រាប់ទឹកជំនន់ និងរាំងស្ងួត ធ្វើបច្ចុប្បន្នភាពផែនការឆ្លើយតបសម្រាប់ឆ្នាំ២០២៦ និងចុះពិនិត្យទីតាំងទួលសុវត្ថិភាពឱ្យបានរួចរាល់។

ពង្រឹងបច្ចេកវិទ្យា ជំរុញការប្រើប្រាស់ប្រព័ន្ធ PRISM និងប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ដើម្បីផ្តល់ព័ត៌មានដល់ពលរដ្ឋបានរហ័ស។ សុវត្ថិភាពជលយាន រឹតបន្តឹងសុវត្ថិភាពតាមទូកដរចម្លង ដោយតម្រូវឱ្យមានអាវពោងសុវត្ថិភាពជាដាច់ខាត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម