សន្តិសុខសង្គម
ស្នងការរាជធានីកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា៤នាក់ពាក់ព័ន្ធករណីឃាត់រ៉ឺម៉កម៉ូតូនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍២នាក់ និងមន្ត្រីជាប់កិច្ចសន្យា២នាក់ដែលឈរជើងនៅគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យមកសួរនាំ ពាក់ព័ន្ធករណីស្ទាក់ឃាត់រ៉ឺម៉កម៉ូតូមួយគ្រឿងក្រោយពីមានការបង្ហោះចែកចាយនៅលើបណ្ដាញសង្គម។

យោងតាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍សរុប៤នាក់ឈរជើងគោលដៅខាងលើឲ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
តាមការបំភ្លឺរបស់មន្រ្តីទាំងនោះបានឲ្យដឹងថា ម៉ូតូរ៉ឺម៉កបានដឹកសំពីងសំពោង និងគ្មានបំពាក់ស្លាកលេខត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងល្មើសការហាមឃាត់ដោយមិនអនុញ្ញាតឲ្យម៉ូតូរ៉ឺម៉កដឹកសំពីងសំពោងចូលក្នុងក្រុងខុសពេលវេលានោះទេ ខណៈដែលម៉ូតូរ៉ឺម៉កនោះធ្វើដំណើរឆ្លងកាត់នៅគោលដៅខាងលើមន្រ្តីនគរបាលចរាចរណ៍ឈរនៅខាងមុខបានកាក់ហៅឲ្យម៉ូតូរ៉ឺម៉កនោះឈប់ ប៉ុន្តែអ្នកបើកម៉ូតូរ៉ឺម៉កបើកបរក្នុងស្ថានភាពលឿន ជ្រុលមកដល់ចំណុចឈរជើងមន្រ្តីជាប់កិច្ចសន្យាទើបមន្រ្តីកិច្ចសន្យាកាក់ហៅឲ្យឈប់ ហើយមន្រ្តីនគរបាលចរាចរណ៍បានធ្វើការអប់រំណែនាំគាត់ បន្ទាប់មកបានអនុញ្ញាតឲ្យគាត់បន្តដំណើរទៅមុខ ដោយមិនបានផាកពិន័យអ្នកបើកម៉ូតូរ៉ឺម៉កនោះទេ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់ថា តាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីពេលកន្លងទៅ មន្ត្រីជាប់កិច្ចសន្យាមានសិទ្ធស្លៀកពាក់ឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យា សហការជាមួយមន្រ្តីនគរបាលចរាចរណ៍សម្រួលដោះស្រាយការកកស្ទះចរាចរណ៍។ មន្ត្រីជាប់កិច្ចសន្យា គ្មានសិទ្ធពាក់ឯកសណ្ឋានមន្រ្តីនគរបាលចរាចរណ៍ និងប្រើប្រាស់អាវុធជាតិផ្ទុះនោះទេ។ គ្មានសិទ្ធអង្គុយសរសេរវិក័យបត្រផាកពិន័យចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ គ្មានសិទ្ធបង្កើតក្រុមរបស់ពួកគាត់ទៅលួចឈរជើងគោលដៅណាមួយដោយគ្មានការដឹកនាំបញ្ជាពីមន្រ្តីនគរបាលចរាចរណ៍។ មន្ត្រីជាប់កិច្ចសន្យាជាជំនួយការរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកដឹកនាំដោយមន្រ្តីនគរបាលចរាចរណ៍។ មានសិទ្ធចាប់ឃាត់រាល់បទល្មើសជាក់ស្តែងនៅលើដងផ្លូវរួមទាំងបទល្មើសព្រហ្មទណ្ឌផងដែរ។

ទោះបីយ៉ាងណា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តពង្រឹងវិន័យចំពោះមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ចុះបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបើក្នុងករណីធ្វើសកម្មភាពល្មើសវិន័យកងកម្លាំងនគរបាលជាតិ អនុវត្តផ្ទុយពីបទបញ្ជាថ្នាក់លើ និងអនុវត្តខុសគោលការណ៍ច្បាប់ បង្កប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋនឹងត្រូវយកមកដាក់ពិន័យទៅតាមទោសកំហុសដែលបានប្រព្រឹត្ត៕


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


