Connect with us

សន្តិសុខសង្គម

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

បានផុស

នៅ

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានធ្វើការណែនាំដល់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគបាលខេត្តតាកែវឲ្យអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឹងម៉ាត ក្នុងនោះត្រូវទប់ស្កាត់ឲ្យបានចំពោះរថយន្តដឹកទំនិញសំពីងសំពោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តតាកែវបានថ្លែងបន្តថា កន្លងមកមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋចំពោះអាជ្ញាធរថាបានបណ្ដែតបណ្ដោយឲ្យមានការដឹកទំនិញសំពីងសំពោងតាមរថយន្តកែច្នៃខុសបច្ចេកទេសដែលមានទ្រុងខ្ពស់ៗយកទៅដឹកទំនិញ និងដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។

លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា បើសមត្ថកិច្ចទប់ស្កាត់ការដឹកទំនិញសំពីងសំពោងមិនបានទេ វានឹងក្លាយទៅជាបញ្ហាអនាធិបតេយ្យ ហើយអ្នកដែលត្រូវប្រជាពលរដ្ឋរិះគន់មុនគេ គឺចៅហ្វាយខេត្ត ដូច្នោះត្រូវយកច្បាប់មកអនុវត្តដោយគ្មានមនោសញ្ចេតនាព្រោះមនោសញ្ចេតនា និងច្បាប់គឺខុសគ្នា។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក វ៉ី សំណាង អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគបាលខេត្តតាកែវបានសន្យាថានឹងទប់ស្កាត់ឲ្យអស់ចំពោះរថយន្តដឹកទំនិញសំពីងសំពោងចាប់ពីថ្ងៃនេះតទៅ ហើយប្រសិនបើលោកធ្វើមិនបានទេ លោកសន្យាថានឹងចុះចេញពីតំណែងជាស្នងការនគបាលខេត្តតាកែវ។

គួរបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋក្នុងខេត្តតាកែវតែងតែនាំគ្នារិះគន់រឿងរថយន្តកែច្នៃខុសបច្ចេកទេសដឹកទំនិញសំពីងសំពោងចេញពីច្រកទ្វាអន្តរជាតិភ្នំដិនមកកាន់ទីរួមខេត្តតាកែវ និងបន្តទៅរាជធានីភ្នំពេញយ៉ាងរលូន ដោយគ្មានសមត្ថកិច្ចណាធ្វើការទប់ស្កាត់នោះទេ។ គេមិនដឹងថា ហេតុអ្វីបានជាសមត្ថកិច្ចចរាចរណ៍មិនទប់ស្កាត់ឬក៏មើលមិនឃើញរថយន្តទាំងអស់នេះដឹកយ៉ាងសំពីងសំពោង?..៕

អត្ថបទ៖ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម