សន្តិសុខសង្គម
មន្ត្រីជាន់ខ្ពស់ក្រើនរំលឹកអ្នកដឹកកម្មករត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនចៀសវាងបង្កហានិភ័យគ្រោះថ្នាក់ផ្សេងៗ
មន្ត្រីជាន់ខ្ពស់នគរបាលជាតិបានក្រើនរំលឹកដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតទាំងអស់ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីកង្វល់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត” នៅរោងចក្រ LIANFA HENGYU (CAMBODIA) GARMENT CO.,LTD នៅខេត្តពោធិ៍សាត់កាលពីថ្ងៃទី១៣កញ្ញា លោកឧត្តមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្ដាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងថា អ្នកបើកបររថយន្តដឹកកម្មករនិយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ព្រោះថា កម្មករនិយោជិតរាប់សិបនាក់ បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នកបើកបរតែម្នាក់គត់។

ចំណែកលោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានក្រើនរំលឹកដល់អ្នកបើកបរយានយន្តទាំងអស់ ត្រូវមានក្រមសីលធម៌ក្នុងការបើកបរនៅលើដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រមទាំងថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំកម្មវិធីនេះឡើងដើម្បីឱ្យកម្មករនិយោជិតទាំងអស់បានយល់ដឹងបន្ថែមលើច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)បានបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តជំរុញការកែលម្អរថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករនិយោជិតនាពេលបច្ចុប្បន្នទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករនិយោជិត យ៉ាងយូរត្រឹមឆ្នាំ២០២៧ ក្នុងគោលបំណងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារឱ្យបានជាអតិបរមា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្តទៀតថា ដើម្បីអនុវត្តឱ្យស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពង្រីកវិសាលភាពការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា ស្តីពីការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


