កីឡាករ Regian Eersel សង្ឃឹមផ្តួលដៃគូឲ្យសន្លប់ សម្រាប់ការឡើងការពារខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Lightweight យប់នេះទល់នឹងកីឡាករ Islam Murtazaev ក្នុងព្រឹត្តិការណ៍ ONE: WINTER WARRIORS យប់ថ្ងៃសុក្រ ទី ៣ ខែធ្នូ នេះនៅប្រទេសសិង្ហបុរី។
មុនពេលការប្រកួតឈានចូលមកដល់ល្ងាចនេះ ម្ចាស់ខ្សែក្រវាត់បានឲ្យដឹងថា រូបគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ល្អណាស់សម្រាប់ការប្រកួតយប់នេះ។ កីឡាករ Eersel បាននិយាយថា ៖«ខ្ញុំមានអារម្មណ៍ផ្លូវចិត្តដូចជាខ្ញុំ អាចប្រកួតដើម្បីពិភពលោកទាំងមូល។ បើនិយាយពីផ្លូវកាយវិញ ខ្ញុំល្អណាស់។ ខ្ញុំបានហ្វឹកហាត់ខ្លាំងសម្រាប់ការប្រកួតនេះ ហើយអ្នកគាំទ្រនឹងឃើញវ៉ៃល្អឥតខ្ចោះសម្រាប់ការប្រកួតនេះ»។
ទោះបីជាឈ្នះការប្រកួត ១៧ លើកជាប់គ្នានេះ រហូតមកជួបនឹងជើងខ្លាំង Murtazaev ម្ចាស់ជើងឯកសញ្ជាតិហុល្លង់កំណើតសូរីណាមបានអះអាងកាលពីពេលថ្មីៗថា រូបគេមិនទាន់ទទួលបានកេរ្តិ៍ឈ្មោះល្បី តាមអ្វីដែលរូបគេចង់បានឡើយ។ យ៉ាងណា សម្រាប់ការប្រកួតនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ខ្លួនកាន់តែល្បីទេ្វឡើង។ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនឈានដល់កម្រិតកំពូលទេ។ ខ្ញុំមានអារម្មណ៍ខ្លួនឯងដល់កម្រិតល្អឥតខ្ចោះហើយ តែកេរ្តិ៍ឈ្មោះមិនទាន់បានដូចចិត្តទេ។ ពីព្រោះខ្ញុំត្រូវការមានមហាជនទទួលស្គាល់ទាំងនៅលើសង្វៀន និងក្រៅសង្វៀន»។ កីឡាករបាននិយាយ។ «ខ្ញុំទើបអាយុ២៨ឆ្នាំទេ ដូច្នេះខ្ញុំគិតថា ខ្ញុំអាចបន្តអាជីព៨ ឬ១០ឆ្នាំទៅមុខទៀត»។
និយាយពី Murtazaev ដែលជាជើងខ្លាំងម្នាក់ទើបលេចមុខប្រកួតនៅសង្វៀន ONE ម្ចាស់ការពារខ្សែក្រវាត់និយាយថា ៖«គ្រប់គូប្រកួតគឺសុទ្ធតែមានចំណុចខ្លាំង និងខ្សោយ ហើយខ្ញុំគិតថា Islam មានរបៀបវ៉ៃដ៏គ្រោះថ្នាក់មួយ។ ខ្ញុំគិតថា គាត់នឹងក្លាយជាដៃគូដ៏លំបាកខ្លាំង»។
កីឡាករពន្យល់ថា ៖«ដោយសារគាត់មានបទពិសោធន៍វ៉ៃមួយថៃ ហើយគាត់ដូចជាចូលចិត្តវ៉ៃសន្ធាប់ណាស់ ដូច្នេះខ្ញុំជឿថា ជំនួបនេះកក្រើកខ្លាំង»។
ធ្លាប់ឡើងប្រកួតឈ្នះ៥ដង និងមិនចាញ់សោះនៅ ONE កីឡាករនៅទីក្រុង Amsterdam បាននិយាយថា ៖«ខ្ញុំគិតថា ខ្លួនឯងល្អជាងអ្នករាល់គ្នាគ្រប់ទីកន្លែង ពីព្រោះខ្ញុំមានរបៀបខុសប្លែកពីគ្រោះ ហើយរបៀបវ៉ៃគឃ្លើន។ ខ្ញុំដាល់ ទាត់ និងជង្គង់មានក្បាច់ប្លែកពីគេ ហើយវានឹងធ្វើឲ្យដៃគូភ្ញាក់ផ្អើល»។ «ឲ្យខ្ញុំព្យាករការប្រកួតខ្លួនឯង? វាពិបាកនិយាយណាស់។ អ្វីៗក៏អាចកើតឡើងដែរ តែខ្ញុំសង្ឃឹមឈ្នះដោយផ្តួលដៃគូឲ្យសន្លប់»។
ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកខាងលើ ក៏មានការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រផ្នែកនារីរវាងកីឡាការិនីថៃ Stamp Fairtex និងខ្លាញីឥណ្ឌា Ritu Phogat៕