កីឡា
គុនខ្មែរជោគជ័យក្នុងជើងឯកអាស៊ីអាគ្នេយ៍ គឺជាក្ដីសង្ឃឹមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡា មានដូចជា រត់កម្សាន្ដ ប្រណាំងកង់ កីឡាទូកក្ដោង ក៏ដូចជាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ក្នុងពិធីបុណ្យសមុទ្រខាង លើ សុទ្ធតែទទួលបានការគាំទ្រ និងជោគជ័យដ៏ធំធេង ពិសេសគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ដែលជាការប្រកួត Pre-SEA Games សម្រាប់ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង។

សកម្មភាពកីឡា ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ បានបញ្ចប់ដោយជោគជ័យ ពិសេសការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលជាបុរេព្រឹត្តិការណ៍ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ គឺជាក្ដីសង្ឃឹមមួយ សម្រាប់ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជានេះ។
ឯកឧត្តមបានគូសបញ្ជាក់ថា «ក្នុងការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ៣ថ្ងៃ ក្នុងពិធីបុណ្យសមុទ្រនេះ គឺយើងសង្កេតឃើញជាក់ស្តែង ពីការងាររបស់អាជ្ញាកណ្តាល-ចៅក្រមទាំងអស់ បានគោរពតាមគោល ការណ៍រួមនៃបទបញ្ជាការប្រកួតគុនខ្មែរ ក៏ដូចជាគោលការណ៍ប្រកួត Muay ដែលមានចែងក្នុងធម្មនុញ្ញរបស់ស៊ីហ្គេម។ការរៀបចំផ្តល់ពិន្ទុ កាត់សេចក្តី របស់អាជ្ញាកណ្តាល-ចៅក្រមទាំងអស់ មានយុត្តិធម៌ ដែលជារឿងសំខាន់ ក្នុងការវិនិច្ឆ័យនៃជំនាញនីមួយៗ»។

«មានន័យថា យើងទាំងអស់គ្នា និងមហាជន ឃើញច្បាស់ពីភាពឈ្នះ-ចាញ់របស់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ដែលចូលរួមប្រកួតយ៉ាងស្វិតស្វាញ នៃគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍នេះ មានភាពសមហេតុសមផល។ ទាំងអស់នេះហើយ ដែលជំរុញឲ្យការៀបចំទាំងមូលឈរលើស្តង់ដាមួយ ដែលយើងប្រាថ្នាចង់បាន ហើយដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ នឹងដំណើរការដោយរលូន និងទំនុកចិត្តកាន់តែខ្ពស់ ពីបណ្តាប្រទេសទាំងអស់ ដែលបានចូលរួមថា ម្ចាស់ផ្ទះកម្ពុជា បានរៀបចំគោរពបានតាមគោលការណ៍យុត្តិធម៌ តាមបទបញ្ជាការប្រកួតត្រឹមត្រូវច្បាស់លាស់»។ ឯកឧត្តម បានបញ្ជាក់បន្ថែម។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានសង្កត់ធ្ងន់ថា «នេះជាភាពសប្បាយរីករាយមួយ របស់គណៈកម្មការរៀបចំ ក្នុងនាមជាម្ចាស់ផ្ទះ ហើយសូមអរគុណដល់មន្ត្រីអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីជំនាញ មកពីសហព័ន្ធអន្តរជាតិ ដូចជាមកពីប្រទេសបារំាង ថៃ ម៉ាឡេស៊ី វៀតណាមជាដើម បានមកជួយផ្តល់គុណតម្លៃដល់ការរៀបចំ ឲ្យមានភាពល្អប្រសើរ ស្មើភាពគ្នា និងយុត្តិធម៌។ នេះជាការរៀបចំមួយមានភាពអស្ចារ្យ ហើយបានធ្វើឲ្យគុនខ្មែរក្លាយជាប្រភេទកីឡាមួយ មានទំនុកចិត្តកាន់តែខ្ពស់ ពីបណ្តាប្រទេសនានា ដែលបានចូលរួមក្នុងពេលនេះ រួមទាំងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ»។

ឯកឧត្តមទៀតបន្ថែមថា «ក្នុងនយោបាយនៃការគ្រប់គ្រងដឹកនាំ ការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដោយបណ្តាប្រទេសទាំងអស់ថា ម្ចាស់ផ្ទះកម្ពុជាមានភាពរីករាយ រួសរាយរាក់ទាក់ខ្លាំង ទទួលបដិសណ្ឋារកិច្ចបានល្អ ហើយរៀបចំការប្រកួតមានលក្ខណៈស្តង់ដាមួយ អាចទុកចិត្តបាន នាពេលស៊ីហ្គេម ២០២៣។ ជារួម ការវាយតម្លៃនៃការរៀបចំការប្រកួតគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ៣ថ្ងៃ ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២២ បានប្រព្រឹត្តដោយរលូន និងជោគជ័យ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹង នាពេលនេះ ដែលជាក្តីសង្ឃឹមកាន់តែខ្ពស់ នៃដំណើរការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ»៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


