កីឡា
លោក Conor និយាយពីការត្រៀមខ្លួនរបស់ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់លីគខាប់ ២០២៣
ពានរង្វាន់ខេមបូឌានលីគខាប់ (Cambodian League) ឆ្នាំ២០២៣ ដែលជាពានរង្វាន់កម្រិតទី៣ ប្រចាំប្រទេសបន្ទាប់ពីពានរង្វាន់លីគកំពូលកម្ពុជា និងពានសម្តេចតេជោ ហ៊ុន សែន នឹងឈានចូលមកដល់នាសប្ដាហ៍ក្រោយនេះហើយ។
ជាមួយគ្នានេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏កំពុងត្រៀមខ្លួនសម្រាប់ពានដដែលនេះ ក្នុងរជ្ជកាលនៃការផ្លាស់ប្ដូរបរិបទបាល់ទាត់ថ្មីនៃបាល់ទាត់កម្ពុជា ដែលបានផ្លាស់ប្ដូររបៀបនៃការចាប់ផ្ដើមរដូវកាលថ្មីខុសពីសព្វដង។

បរិបទថ្មីនោះគឺ ការចាប់ផ្ដើមលីគកំពូលកម្ពុជា ឬហៅថា ខេមបូឌានព្រីមៀរលីគ នឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០២៣ ពោលគឺនៅខែសីហា ហើយទៅបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤។ ខណៈពានខេមបូឌានលីគខាប់ ដែលលេងក្នុងរដូវកាលប្រកួតលីគ ត្រូវមកលេងនៅដើមខែកុម្ភៈ ឆ្នាំ២០២៣នេះវិញ។
និយាយពីពានរង្វាន់ខេមបូឌានលីគខាប់ រដូវកាល២០២៣ ព្រះខ័នរាជស្វាយរៀង ត្រូវបានចាប់ឆ្នោតចូលពូល B ដោយរួមពូលជាមួយក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, ណាហ្គាវើលដ៍, នគរបាលជាតិ, អាយអេសអាយដង្កោរសែនជ័យ និងសូលទីឡូអង្គរ។
លោក Conor Nestor បានឱ្យ ‘កម្ពុជាថ្មី’ ដឹងដូច្នេះថា «សម្រាប់ពួកយើង យើងកំពុងរំពឹងថា នឹងចាប់ផ្តើមការប្រកួតយឺត។ កាលពីឆ្នាំមុនគឺជារដូវកាលដ៏វែងឆ្ងាយ ហើយឆ្នាំនេះរដូវកាលចាប់ផ្តើមឆាប់ៗនេះ ប៉ុន្តែមិនបញ្ចប់រហូតដល់ខែឧសភា ឆ្នាំ២០២៤។ ដូច្នេះហើយ យើងបានផ្ដល់ពេលសម្រាកដល់កីឡាកររបស់យើងច្រើន។ កីឡាករបរទេសរបស់យើងខ្លះមិនទាន់បានប្រកួតមិត្តភាពទេ ហើយកីឡាករជម្រើសជាតិយើងទើបតែលេងបាន ៤៥នាទីប៉ុណ្ណោះ»។
លោកក៏បាននិយាយបន្ថែមផងដែរថា «យើងស្វាគមន៍ឱកាសក្នុងការប្រកួតប្រជែង ខណៈពេលដែលកំពុងរង់ចាំលីគចាប់ផ្តើម ប៉ុន្តែសម្រាប់ពួកយើង អ្វីដែលសំខាន់បំផុតនោះគឺការរក្សាខ្លួន និងត្រៀមខ្លួនសម្រាប់លីគ និងពានរង្វាន់សម្តេចតេជោ»។
ព្រះខ័នរាជស្វាយរៀង ក៏បានធ្វើការនាំចូលកីឡាករច្រើនផងដែរនារដូវកាលនេះ ទាំងកីឡាករខ្មែរ និងកីឡាករបរទេស ដែលមានដូចជា កីឡាករ សេត រ៉ូស៊ីប មកពី បឹងកេត, គួច ដានី ខ្សែបម្រើមកពីក្លិបណាហ្គាវើល, ណារ៉ុង កក្កដា ខ្សែប្រយុទ្ធមកពីក្រសួងការពារជាតិ, វីរៈ ដារ៉ា (ខ្ចីជើង) អ្នកចាំទីមកក្លិបវិសាខា, ធារី ចន្ថាប៊ីន ខ្សែការពារមកពីក្លិប វិសាខា និងខ្សែប្រយុទ្ធប្រេស៊ីលមកពីក្លិបអង្គរថាយហ្គឺរ ២រូប Gabriel Silva Costa និង Iago Bento Fernandes។

លោក Conor Nestor ក៏បាននិយាយពីកីឡាករចំណូលថ្មីផងដែរថា «ពួកគេនឹងត្រូវការពេលវេលាច្រើន ដើម្បីស៊ាំនឹងរបៀបដែលយើងចង់លេង និងស្វែងរកភាពស៊ីសង្វាក់គ្នាជាមួយមិត្តរួមក្រុមថ្មីរបស់ពួកគេ។ នេះជារឿងធម្មតា ហើយនោះហើយជាមូលហេតុដែលខ្ញុំដឹងគុណចំពោះប្រធានក្លិបរបស់យើង (ឯកឧត្តម ឌី វិជ្ជា) ដែលលោកបានអនុញ្ញាតឱ្យធ្វើការចុះហត្ថលេខាទាំងនេះនៅពេលនេះ នៅពេលដែលយើងអាចប្រើប្រាស់ League Cup ដើម្បីបង្កើនការយល់ដឹងអំពីគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នឹងចាប់ផ្ដើមយុទ្ធនាការ ខេមបូឌានលីគខាប់ នៅថ្ងៃទី១៨ ខែកុម្ភៈ ដោយត្រូវជួបក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន នៅកីឡដ្ឋានស្តាតចាស់៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


