កីឡា
ទើបបង្ហាត់បាន២ខែ លោក Pep មានមោទនភាពចំពោះក្រុមព្រះខ័នរាជស្វាយរៀង
លោក Pep Munoz មានមោទនភាព និងរីករាយចំពោះក្រុមកីឡាករព្រះខ័នរាជស្វាយរៀងដែលចាប់បានលឿននូវអ្វីដែលលោកបានបង្ហាត់ បន្ទាប់ពីលោកបានចូលខ្លួនមកដឹកនាំក្លិបមួយនេះកាលពីដើមខែឧសភាកន្លងទៅ។

បុរសសញ្ជាតិអេស្ប៉ាញអាយុ៤៣ឆ្នាំបានចុះកុងត្រាក្លាយជាគ្រូបង្គោលរបស់ព្រះខ័នរាជស្វាយរៀងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ ក្នុងរយៈពេលប្រមាណ២ខែនេះ លោកបានបង្វឹកបង្ហាត់ក្រុមព្រះខ័នរាជស្វាយរៀងយ៉ាងសកម្មជារៀងរាល់ថ្ងៃនៅទីលានហ្វឹកហាត់របស់ព្រះខ័នរាជស្វាយរៀងតាមបណ្តោយវិថីឈ្នះឈ្នះ។
លោក Pep បានប្រាប់«កម្ពុជាថ្មី»ក្នុងបទសម្ភាសមួយថា ៖«រយៈពេល២ខែកន្លងទៅនេះ ការហ្វឹកហាត់ កីឡាករពិតជាខិតខំប្រឹងប្រែងខ្លាំង។ ពួកគេចាប់បានលឿនតាមហ្គេមម៉ូដែលរបស់ខ្ញុំ។ ខ្ញុំពិតជាមានមោនភាពចំពោះអ្វីដែលក្រុមបានខិតខំហ្វឹកហាត់។ ពួកគេហ្វឹកហាត់ខ្លាំង ហើយមានទ្រឹស្តីផ្សេងៗជាមុន។ ពួកគេមានលក្ខខណ្ឌល្អ ហើយចាប់បានលឿន»។
«លំហាត់ដែលយើងកំពុងធ្វើគឺការរក្សាបាល់ និងគ្រប់គ្រងការប្រកួតឲ្យបានច្រើន។ មុននឹងបាល់ដល់ជើង កីឡាករត្រូវគិតទុកឲ្យហើយ គិតឲ្យលឿន ថាតើត្រូវលេងយ៉ាងម៉េចទៅមុខ? ផ្នែកនេះជារឿងលំបាកក្នុងបាល់ទាត់។ យើងត្រូវគិតពីស្ថានភាព យើងត្រូវគិតពីការប្រកួតបន្ទាប់។ របៀបដែលត្រូវចែកបាល់ មិនមែនគ្រាន់តែមើលទៅលើបាល់ម្យ៉ាងនោះទេ។ នេះជារបៀបដែលមិនងាយស្រួលផ្លាស់ប្តូរទេ។ ខ្ញុំបានព្យាយាមជំរុញឲ្យកីឡាករគិតលើរឿងនេះ ហើយពួកគាត់រីកចម្រើនបានលឿន»។ លោកបានពន្យល់។

សម្រាប់ទម្រង់លេងនៅលើទីលាន លោក Pep Munoz បានផ្តោតសំខាន់គឺកីឡាករធ្វើការងារជាក្រុមជាជាងគិតថា ខ្លួនមានតួនាទីជាខ្សែការពារ ខ្លួនជាខ្សែបម្រើ ឬខ្លួនជាខ្សែប្រយុទ្ធ។
លោកមានប្រសាសន៍ថា ៖«គោលបំណងរបស់យើងគឺលេងជាក្រុម។ យើងមិនចែកដាច់គ្នាទាំងស្រុងរវាងតំបន់ការពារ បម្រើ ឬប្រយុទ្ធទេ។ បើយើងនៅតំបន់ការពារគឺការពារទាំងអស់គ្នា។ បើនៅតំបន់បម្រើគឺបម្រើរួមគ្នា ហើយបើដល់តំបន់ប្រយុទ្ធគឺប្រយុទ្ធរួមគ្នា ប៉ុន្តែយើងត្រូវមានតុល្យភាពក្នុងការប្រែប្រួលចុះឡើង»។
រហូតដល់ពេលនេះ ព្រះខ័នរាជស្វាយរៀងមានសមាជិកគ្រប់គ្រាន់ហើយទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ ប៉ុន្តែនៅកូតាកីឡាករតំបន់អាស៊ានម្នាក់ទៀតដែលព្រះខ័នរាជស្វាយរៀងមិនទាន់បំពេញ។
ដើមខែកក្កដាខាងមុខនេះ ព្រះខ័នរាជស្វាយរៀងនឹងធ្វើដំណើរទៅប្រទេសថៃដើម្បីហ្វឹកហាត់ និងប្រកួតមិត្តភាពកម្តៅសាច់ដុំ២ប្រកួតជាមួយក្លិបលីគកំពូលថៃ និងក្លិបលីគថៃលំដាប់ទី២។

ជុំវិញការទៅប្រកួតមិត្តភាពនៅថៃ លោក Pep បានប្រាប់ថា ៖«មិត្តភាពកម្តៅសាច់ដុំខាងមុខនេះជាពេលវេលាមួយដែលក្រុមរបស់យើងត្រូវស្វែងចិត្តគ្នាឲ្យកាន់តែល្អប្រសើរ។ គោលបំណងសំខាន់ចំពោះការប្រកួតមិត្តភាពនៅថៃគឺដើម្បីអភិវឌ្ឍស្មារតីក្រុម។ យើងនឹងចំណាយពេលវេលានៅជាមួយគ្នា និងមានការប្រកួតមិត្តភាព។ ជាសប្តាហ៍ដែលយើងពង្រឹងក្រុមមុនពេលរដូវកាលថ្មីចូលមកដល់។ នេះជាឱកាសល្អដែលក្រុមត្រូវបង្កើតគំនិតរួមគ្នា»។
លោក Pep ជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិនដែលមានបទពិសោធជាច្រើនឆ្នាំ។ លោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញមុនទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។ ចំណាយរយៈពេល៤ឆ្នាំជាមួយក្រុមយុវជន U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគ២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅប្រទេសចិនដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


