Connect with us

កីឡា

ក្លិប​ប្រដាល់​គុន​ខ្មែរ​អាយុ​៣៦​ឆ្នាំ​នៅ​អាមេរិក​នឹងប្តូរទីតាំងថ្មី

បានផុស

នៅ

ក្លិប​ប្រដាល់គុនខ្មែរនៅទីកក្រុងឡុងប៊ិច សហរដ្ឋអាមេរិកឈ្មោះ «មជ្ឈមណ្ឌល​ខ្មែរឃីកបុកស៊ីងឡុងប៊ិច»នឹង​ត្រូវ​ផ្លាស់​ប្តូរទៅ​កាន់​ទី​តាំង​ថ្មី បន្ទាប់ពី​បានបើក​ដំណើការ​អស់​រយៈ​ពេល​៣៦​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​​ការ​ផ្សាយ​របស់​សារព័ត៌មាន Long Beach Post ថា ក្លិប​ប្រដាល់​គុន​ខ្មែរ​នេះ​ស្ថិត​នៅ Anaheim Street ដែល​មាន​អង្គការ Long Beach Rescue Mission ជា​ម្ចាស់។ អង្គការ​ត្រូវ​ការ​ ទី​កន្លែង​​​ដើម្បី​ធ្វើ​ជា​ទី​ជម្រក​សម្រាប់​អ្នក​គ្មាន​ផ្ទះសម្បែង។

ក្លិប​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៨៧ ដោយ​លោក អ៊ុំ រី ដែល​ជាជើងឯក​គុន​ខ្មែរ​ម្នាក់​។ កាលអាយុ​២៣​ឆ្នាំ លោក​បាន​ក្លាយ​ជា​ជើង​ឯក​ជាតិ​នៅ​ប្រទេស​កម្ពុជា និង​រយៈ​ពេល​១៥​ឆ្នាំ​លោក​បាន​ចេញ​ប្រកួត​ទូទាំង​តំបន់​អាស៊ាន​ដែល​មាន​ស្ថិតិ​ប្រកួត​ឈ្នះ​ជាង​២៥០​ដង។ នៅ​ឆ្នាំ​១៩៧២ លោក​បាន​​ឈ្នះ​ជើង​ឯក​អន្តរជាតិ និង​​​​​មាន​ជីវិត​ពី​សម័យ​ខ្មែរ​ក្រហម​ឆ្នាំ​១៩៧៥​។

បន្ទាប់​មក លោក រី បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក និង​បាន​រស់​នៅ​ទី​ក្រុង​ឡុងប៊ិច ដោយ​បាន​បើក​ក្លិប​ប្រដាល់​គុន​ខ្មែរ​មួយ​នេះ​ដែល​បាន​ក្លាយ​ជា​សាលា​បង្ហាត់​ប្រដាល់​ឃីកបុក​ស៊ីង​​​មាន​អាយុ​កាល​ចាស់​ជាង​គេ​បំផុត​របស់​ជន​ជាតិ​អាស៊ាន​នៅ​​​រដ្ឋកាលីហ្វ័រញ៉ា​ខាង​ត្បូង។

តាម​ការ​ឲ្យ​ដឹង​ពី​លោក រ៉ុន ស្មីត សហម្ចាស់ក្លិប​ប្រដាល់​ខ្មែរ​មួយ​នេះ​បាន​និយាយ​ថា ការ​ផ្លាស់​ប្តូរ​ទៅ​ទី​តាំង​ថ្មី​ប្រហែល​ជា​ថ្ងៃ​ទី១ ខែ​សីហាខាង​មុខ​។ លោក​បាន​ហ្វឹក​ហាត់​ប្រដាល់​គុន​ខ្មែរ​តាម​រយៈ​លោកគ្រូ អ៊ុំ រី ដូច្នេះ​លោក​ចង់​ឲ្យ​មរតក​គុន​ខ្មែរ​បន្តគង់វង់យូរ​អង្វែង។

លោក​ស្មីត​បានឲ្យ​ដឹង​ថា រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ «មជ្ឈមណ្ឌមខ្មែរឃីកបុកស៊ីងឡុងប៊ិច»​បាន​បណ្តុះ​បណ្តាល​កីឡាករ កីឡាការិនី​ប្រដាល់គុន​ខ្មែរ និង​ឃីក​បុក​ស៊ីង​ជា​ច្រើន​ដែល​បាន​ចេញ​ប្រកួត​ទូទាំង​ពិភព​លោក​។

លោក Jeff Levine នាយក​ប្រតិបត្តិអង្គការ Long Beach Rescue Mission បាន​និយាយ​ថា ទីកន្លែង និងអ្វី​ដែល​មាន​នៅក្លិបនឹង​ត្រូវ​បាន​កែ​ប្រែ​ទៅ​ជាទីកន្លែង​ជម្រក​សម្រាប់​អ្នក​គ្មាន​ផ្ទះ​សម្បែង។ ក្នុង​រយៈ​ពេល​ជូន​ដំណឹង​ឲ្យ​មាន​ការ​ប្តូរ​ទីតាំង​នេះ អង្គការ​មិន​យក​តម្លៃ​ជួល​ទេ៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម