កីឡា
ដំណឹងរីករាយ ប៉ឺត សង្ឃឹម ជិតវិលមកកាន់សង្វៀនវិញហើយ
ម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាល ប៉ឺត សង្ឃឹម បានប្រាប់ពីពេលវេលាដែលអាចវិលត្រឡប់មកកាន់សង្វៀនវិញ បន្ទាប់ពីសម្រាកព្យាបាលរបួសសរសៃជង្គង់អស់រយៈពេលជាង៣ខែ។

ប៉ឺត សង្ឃឹម បានរងរបួសសរសៃជង្គង់តាំងពីការប្រកួតផ្សេងៗមុនកីឡាស៊ីហ្គេម ប៉ុន្តែអាការកាន់តែធ្ងន់នៅពេលប្រកួតកីឡាឃីកបុកស៊ីងក្នុងកីឡាស៊ីហ្គេម ដោយសារត្រូវប្រកួតច្រើនលើកក្នុងរយៈពេលមួយដ៏ខ្លី។ បន្ទាប់ពីចប់កីឡាស៊ីហ្គេម រូបគេពិនិត្យឃើញមានបញ្ហាដាច់សរសៃជង្គង់ដែលត្រូវការពារព្យាបាលរយៈពេលយូរ។
ប៉ឺត សង្ឃឹម បានប្រាប់«កម្ពុជាថ្មី»ថា ៖«របួសសរសៃជង្គង់ ឥឡូវនេះធូរច្រើនស្ទើរ៨០ទៅ៩០%ហើយ។ គ្រាន់តែនៅស្រៀវអីតិចតូច ប៉ុន្តែលែងឈឺចាប់។ ខ្ញុំបានចាប់ផ្តើមហ្វឹកហាត់ឡើងវិញគឺអត់បញ្ហាអ្វីទេ។ ខ្ញុំអាចទាត់បាវសាក់ ទាត់ស៊ីបធម្មតាវិញពេញទំហឹង ប៉ុន្តែគ្រាន់តែមុនហាត់គឺត្រូវកម្តៅសាច់ដុំឲ្យសរសៃដើរស្រួល ឡើងក្តៅទើបអាចហាត់បានពេញលេញ»។
នៅពេលកើតមានរបួសធ្ងន់ធ្ងរពីដំបូងបានធ្វើឲ្យ ប៉ឺត សង្ឃឹម បានរងសម្ពាធផ្លូវចិត្ត និងបាក់ទឹកចិត្តខ្លះដែរដោយសារបារម្ភបាត់បង់អាជីពដែលកំពុងទទួលបានជោគជ័យទាំងជាតិ និងផ្ទាល់ខ្លួន។ «ពេលមានរបួស ពីដំបូងធ្វើឲ្យមានសម្ពាធដែរ ពីព្រោះរបួសចំសរសៃសំខាន់ ខ្លាចធ្វើឲ្យបាត់បង់អាជីព។ ពេលខ្លះធ្វើឲ្យខ្ញុំបាក់ទឹកចិត្តដែរ តែពេលបានជួបគ្រូពេទ្យ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យធ្វើឲ្យធូរស្រាលពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំក៏ចាប់ផ្តើមសប្បាយចិត្តឡើងវិញ»។

ប៉ឺត សង្ឃឹម បានប្រាប់ពីមូលហេតុដែលការព្យាបាលមិនត្រូវការវះកាត់ថា ពីដំបូង គ្រូពេទ្យមិនទាន់តម្រូវឲ្យវះកាត់ទេគឺសាកល្បងព្យាបាលបែបលំហាត់ប្រាណសាច់ដុំជាមុន។ ប្រសិនទទួលបានផលល្អគឺមិនចាំបាច់វះកាត់ ប៉ុន្តែប្រសិនរយៈពេលពីរបីខែមិនមានផលល្អទើបអាចឈានដល់វគ្គវះកាត់។
«ពេលធ្វើលំហាត់សាច់ដុំមួយរយៈពេល សាច់ដុំអត់ស្វិត សាច់ដុំនៅដំណើរការ។ អីចឹងព្យាបាលតាមលំហាត់ប្រាណសាច់ដុំពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែល្អប្រសើរ ហើយបាត់ឈឺ»។ ប៉ឺត សង្ឃឹម បានបញ្ជាក់។
កីឡាករល្អក្បាច់រូបនេះបាននិយាយថា ក្នុងរយៈពេលសម្រាកព្យាបាលប៉ុន្មានខែកន្លងទៅ រូបគេពិតជាចង់ឡើងប្រកួតខ្លាំង ពីព្រោះក្នុងនាមជាកីឡាករគឺតែងតែចង់ប្រកួត។ ជាពិសេសអ្វីដែលខ្លួនបានប្រឹងប្រែង និងលទ្ធផលទទួលបានរហូតដល់ពេលនេះគឺអាចចាត់ទុកជោគជ័យកម្រិតធំ ដូច្នេះមិនចង់ឲ្យបាត់បង់ទេ។ ម្យ៉ាងវិញទៀត ការប្រកួតទទួលបានតម្លៃខ្លួនខ្ពស់ ស្របពេលខ្លួនកំពុងល្អ ទីផ្សារប្រកួតកំពុងត្រូវប៉ាន់។
ប៉ឺត សង្ឃឹម បានប្រាប់ថា ៖«ក្នុងរយៈពេលដ៏ខ្លីខាងមុខ ខ្ញុំនឹងត្រឡប់ទៅកាន់សង្វៀនវិញ ពីព្រោះឥឡូវនេះ ខ្ញុំចាប់ផ្តើមហ្វឹកហាត់ប្រហែលជាពីរសប្តាហ៍ហើយ។ ការចាប់ផ្តើមហ្វឹកហាត់វិញ ពីដំបូងអន់ស៊ុហ្វដែរ តែពេលហាត់បន្តិចៗម្តង ខ្ញុំគិតថា មិនយូរទេ ខ្ញុំនឹងទទួលការប្រកួតវិញ។ ប្រហែលជាអាចចុងខែកញ្ញា ឬដើមខែតុលា»។

ម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាលរូបនេះបានបញ្ជាក់ថា ដោយសារសម្រាករយៈពេលជាង៣ខែ ដូច្នេះត្រូវការពេលវេលាខ្ទង់មួយខែ ឬយ៉ាងយូរពីរខែទៀតដើម្បីហ្វឹកហាត់ឲ្យកម្លាំងស៊ុហ្វពេញលេញ និងកាយសម្បទាមាំមួនដូចដើម។
កីឡាករគុនខ្មែរ ប៉ឺត សង្ឃឹម មិនទាន់ស្គាល់ពាក្យបរាជ័យឡើងក្នុងការឡើងសង្វៀនប្រហែលជាពីរឆ្នាំចុងក្រោយនេះ និងអាចចាត់ទុកជាកីឡាករទទួលបានជោគជ័យបំផុត។ រូបគេបានឈ្នះមេដាយមាសស៊ីហ្គេម២រដូវកាលជាប់គ្នាគឺឆ្នាំ២០២១ និងឆ្នាំ២០២៣ ព្រមទាំងបានឈ្នះខ្សែក្រវាត់គុនខ្មែរ IPCC Kun Khmer៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន