កីឡា
ឥណ្ឌូណេស៊ី ស្នើសុំធ្វើម្ចាស់ផ្ទះ ជើងឯកគុនខ្មែរពិភពលោក ឆ្នាំ២០២៥
ប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅក្នុងតំបន់អាស៊ានបានស្នើសុំរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ ដែលនឹងក្លាយជាការប្រកួតគុនខ្មែរជើងឯកពិភពលោកលើកដំបូងនៅក្រៅប្រទេស។
លោក មៀម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបានឲ្យដឹងថា នៅក្នុងមហាសន្និបាតប្រចាំរបស់សហព័ន្ធគុនខ្មែរអន្តរជាតិគឺរៀបចំកិច្ចពិភាក្សាដើម្បីស្វែងរកប្រទេសទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតគុនខ្មែរពិភពលោក ឆ្នាំ២០២៥ ប៉ុន្តែបើគ្មានប្រទេសណាស្នើសុំទេ កម្ពុជានឹងបន្តរៀបចំទៀតនៅខេត្តព្រះសីហនុ។
ទោះបីជាយ៉ាងណា នៅក្នុង មហាសន្និបាតប្រចាំឆ្នាំ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ប្រតិភូប្រទេសឥណ្ឌូណេស៊ី បានស្នើសុំរៀបចំធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៥។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអក្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់ថា ឥណ្ឌូណេស៊ី បានស្នើសុំរៀបចំការប្រកួតគុនខ្មែរពិភពលោក លើកទី៦ ឆ្នាំ២០២៥ ក្នុងនោះ សហព័ន្ធគុនខ្មែរអន្តរជាតិ និងប្រទេសជាសមាជិកទាំងអស់បានគាំទ្រ១០០%លើសំណើរបស់ឥណ្ឌូណេស៊ី។
នេះជាលើកទី១ហើយដែលប្រទេសជាសមាជិកទទួលរៀបចំការប្រកួតគុនខ្មែរពិភពលោក បន្ទាប់ពីការប្រកួត៥លើកន្លងទៅគឺកម្ពុជារៀបចំនៅក្នុងប្រទេសរហូតគឺនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងព្រះសីហនុ។
សម្រាប់លទ្ធផលការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៥ ពីថ្ងៃទី៦ ដល់ទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ម្ចាស់ផ្ទះ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោម១៨ប្រទេសដែលបានចូលរួម ដោយទទួលបានមេដាយមាស៧ ប្រាក់១០ និងសំរិទ្ធ៤ ខណៈគីជីស្ថាន ឈរលេខ២ ជាមួយមេដាយមាស៧ និងប្រាក់៣ ហើយអាហ្វហ្គានីស្ថានលេខ៣ដោយឈ្នះមេដាយមាស៤ និងសំរិទ្ធ២។
មហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ ដែលមានប្រទេសជាសមជិកចំនួន១៨ចូលរួមផ្ទាល់ និងប្រទេសជាសមាជិកផ្ដល់សិទ្ធិប្រទាន៤៦ប្រទេសបានចេញសេចក្តីថ្លែងការណ៍ចំនួន៧ចំណុចជុំវញនិរន្តរភាព និងការពង្រឹងគុនខ្មែរលើឆាកអន្តរជាតិ។
- បាវចនាមហាគ្រួសារគុនខ្មែរពិភពលោក «រឹងមាំទាំងអស់គ្នា Stronger Together»។
- សហព័ន្ធគុនខ្មែរអន្ដរជាតិ និងសមាជិកគុនខ្មែរទាំងអស់ បានឯកភាពគ្នារក្សាឱ្យបាននូវនិរន្ដរភាពនៃការរៀបចំការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក និងការប្រកួតជើងឯកគុនខ្មែរអាស៊ីឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។
- សហព័ន្ធគុនខ្មែរអន្ដរជាតិ បាននឹងកំពុងខិតខំប្រឹងប្រែង ពង្រឹងយន្ដការគ្រប់គ្រង ដឹកនាំសហព័ន្ធ និងសមាជិកទាំងអស់ តាមយន្ដការអភិបាលកិច្ចល្អ តម្លាភាព និងស្មារតីមិត្តភាព សាមគ្គីភាព ឯកភាព និងសហប្រតិបត្តិការល្អ។
- សហព័ន្ធគុនខ្មែរអន្ដរជាតិ អំពាវនាវសុំការឧបត្ថម្ភគាំទ្រឱ្យមាន «ចលនាជាតិអភិវឌ្ឍគុនខ្មែរពិភពលោក» ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ដ្រជាតិ «ការបញ្ចូលកីឡាគុនខ្មែរអន្ដរជាតិទៅក្នុងការប្រកួតពហុកីឡាគ្រប់កម្រិត»។
- សហព័ន្ធគុនខ្មែរអន្ដរជាតិបន្ដបើកទ្វារចំហរជានិច្ច រង់ចាំទទួលសមាជិកភាពគុនខ្មែរពីគ្រប់ប្រទេសនៅលើពិភពលោក។
- មហាសន្និបាត និងការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ហើយបើកទូលំទូលាយដល់ប្រទេសដែលមានបំណងចង់ចូលជាសមាជិកត្រូវដាក់ពាក្យស្នើសុំមួយឆ្នាំមុន។
- សហព័ន្ធគុនខ្មែរអន្ដរជាតិប្ដេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់ គោរពអនុវត្តនូវគោលការណ៍កីឡាយុត្តិធម៌ (Fair-Play) និងគោលការណ៍កីឡាស្អាតស្អំ (Clean Sport) ដោយគោរពបទដ្ឋានគតិយុត្ដនៃការប្រឆាំងដាច់ខាតការប្រើប្រាស់សារធាតុលើកកម្លាំង (WADA Code of Anti-Doping Rule)។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ