កីឡា
៣ប្រកួតនេះរបស់ ចំរើន ធ្វើបានល្អហួសពីការស្មាន
អ្នកប្រដាល់ ចំរើន គុនខ្មែរ បានឈ្នះខ្សែក្រវាត់«តេជោសន្តិភាព IPCC» កាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីបានយកឈ្នះជើងខ្លាំងជប៉ុន តៃម៉ូ ហ៊ីសៃ (TAIMU HISIA) ដោយពិន្ទុនៅសង្វៀនថោន។

ជ័យជម្នះរបស់ ចំរើន គុនខ្មែរ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង។ អ្នកគាំទ្រភាគច្រើនចាត់ទុកការផ្គូផ្គងរវាងកីឡាករកម្ពុជារូបនេះជាមួយកីឡាករជប៉ុន តៃម៉ូ ហាក់ដូចជាខុសសមត្ថភាពគ្នាឆ្ងាយ ហើយភាគច្រើនគិតថា ចំរើន មិនអាចយកឈ្នះកីឡាករជប៉ុនបានទេ ពីព្រោះជើងខ្លាំងជប៉ុនរូបនេះបានផ្តួល ពេជ្រ សម្បត្តិ និង ឈុត សេរីវ៉ាន់ថង ឲ្យសន្លប់ ព្រមទាំងឈ្នះពិន្ទុ ឯម សុធី ថែមទៀត។ តៃម៉ូ មានទាំងកម្លាំងស៊ុហ្វ បច្ចេកទេស ល្បឿន រហ័ស និងអាវុធស្ទើរគ្រប់គ្រឿង។
ប៉ុន្តែការពិតនៅលើសង្វៀនបង្ហាញថា ចំរើន គុនខ្មែរ វាយត្រូវគោលដៅបានច្រើនជាង បើទោះជាកីឡាករម្ចាស់ផ្ទះភាគច្រើនថយក្រោយក៏ដោយ។ នៅដើមទឹកទី១ ឃើញថា ចំរើន ធ្វើបានល្អមែនទែនតាមរយៈការទាត់ជើងឆ្វេងលើដៃ តៃម៉ូ ជាច្រើនដែលបង្ខំចិត្តបន្ថយល្បឿនក្នុងវ៉ៃសម្រុក ហើយកីឡាករកម្ពុជាបានវាយកែងមើលទៅគ្រោះថ្នាក់ជាច្រើនថែមទៀត។

នៅទឹកទី២ និងទី៣ តៃម៉ូ នៅតែព្យាយាមសម្រុកចូលវ៉ៃតាមរយៈការប្រើកណ្តាប់ដៃ ហើយពេលខ្លះប្រើក្បាច់ពិសេសជាលើក។ រូបគេថែមទាំងចាប់ជើងរបស់ ចំរើន ធ្វើឲ្យដួលជាច្រើនលើក។ ទោះបីជាយ៉ាងណា ការចូលវ៉ៃសន្ធាប់របស់ តៃម៉ូ មិនសូវចំគោលដៅច្រើនឡើយ។
ការបង្ហាញសមត្ថភាពរបស់ ចំរើន គុនខ្មែរ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងកោតសរសើរខ្លាំងពីអ្នកគាំទ្រ។ ជាពិសេសគឺភាគច្រើនគិតខុសលើកីឡាករកម្ពុជារូបនេះតែម្តង។
មែនទែនទៅនេះមិនមែនជាលើកទី១ទេដែល ចំរើន គុនខ្មែរ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ នៅពេលរូបគេទៅប្រកួតនៅប្រទេសជប៉ុនជាមួយកីឡាករ Ogasawara Eisaku កាលពីខែធ្នូ ឆ្នាំ២០២៤ អ្នកគាំទ្រភាគច្រើនសង្ឃឹមលើកីឡាករកម្ពុជា ឈុត សេរីវ៉ាន់ថង ដែលប្រកួតជាមួយ តៃម៉ូ ប៉ុន្តែពេលនោះ សេរីវ៉ាន់ថង ត្រូវបាន តៃម៉ូ ប្រើក្បាច់ពិសេសផ្តួលឲ្យសន្លប់នៅក្នុងទឹកទី១។ ចំណែក ចំរើន បែរជាធ្វើបានល្អវិញដោយបានផ្តួលកីឡាករជប៉ុន Ogasawara តាមរយៈការទាត់ផ្កាប់ចានឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី១។

មួយវិញ ការប្រកួតនៅប្រទេសអូស្ត្រាលី កាលពីដើមខែមីនា កន្លងទៅ ចំរើន ធ្វើបានល្អ និងទទួលបានការសរសើរពីអ្នកគាំទ្រកម្ពុជាផងដែរ បើទោះជាចាញ់ដោយពិន្ទុក៏ដោយ។ ការប្រកួតនៅទឹកដីអូស្ត្រាលី៥ទឹកពេញ ចំរើន វាយចំគោលដៅបានច្រើន ប៉ុន្តែភាគច្រើនថយការពារ និងវាយបក ខណៈកីឡាករអូស្ត្រាលី James Kostic បានព្យាយាមចូលវ៉ៃទាំង៥ទឹក។ ក្រោយចប់ការប្រកួត កីឡាករអូស្ត្រាលីជាម្ចាស់ផ្ទះត្រូវបានចៅក្រមផ្តល់ពិន្ទុឲ្យឈ្នះ ប៉ុន្តែមើលតាមសមត្ថភាពវ៉ៃមិនលើសខ្វះគ្នាប៉ុន្មានឡើយ។
ចំរើន គុនខ្មែរ ដែលពីមុនប្រើឈ្មោះ អេលីត ចំរើន ត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅពេលបានយកឈ្នះកីឡាករ បឺត សង្ឃឹម ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់កាលពីឆ្នាំ២០២១ នៅសង្វៀន PNN។ រូបគេបានទទួលបានខ្សែក្រវាត់អមដោយប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក និងបានឈ្នះខ្សែក្រវាត់ប្រាក់រង្វាន់១ម៉ឺនដុល្លារទៀត។ ពេលនោះ ចំរើន ត្រូវបានគេស្គាល់ខ្លាំងអំពីបច្ចេកទេសទាត់ជើងដ៏អស្ចារ្យ។
ទោះបីជាយ៉ាងណា ក្រោយមក កេរ្តិ៍ឈ្មោះរបស់ ចំរើន បានធ្លាក់ចុះវិញ ស្របពេលរូបគេមានបញ្ហារបួស និងជាមួយក្លិបជាដើម។ ឆ្នាំបន្តបន្ទាប់ រូបគេក៏ចាប់ផ្តើមឡើងកូដមកវិញ។ ជាពិសេសអាវុធរបស់គេកាន់តែច្រើនសំបួរបែប។ កាលពីមុន រូបគេភាគច្រើនប្រើរន្ទះជើង ប៉ុន្តែឥឡូវនេះទាំងទាត់ កែង និងកណ្តាប់ដៃធ្វើបានយ៉ាងល្អ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស