Connect with us

កីឡា

មក​ស្គាល់​ប្រវត្តិ​គ្រូ​ក្មេង​ កំពុង​បង្ហាត់​គុន​ខ្មែរ​ល្បីឈ្មោះ​នៅ​ប្រទេស​បារាំង

បានផុស

នៅ

គ្រូ​ក្មេង​ សៀងហៃ​ ដែល​ល្បី​ក្នុង​ការ​បង្ហាត់ផ្សព្វផ្សាយ​គុន​ខ្មែរ​ និង​ជា​អ្នក​មាន​ទឹកចិត្ត​​ស្រឡាញ់​ចេះជួយ​យក​អាសារ​គ្នា​​នៅ​ឯ​ប្រទេស​បារាំង​ និង​រាល់​ពេល​ក្រុមគុន​ខ្មែរ​​ចេញ​ទៅ​ប្រកួត​នៅ​ទី​នោះ​គឺ​តែងតែ​មាន​មុខ​រូប​គេ​ជា​ប្រចាំក៏​ដូច​ជាចាំ​​ជួយ​សម្រួបសម្រួលការងារ​​ជា​និច្ច។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពហ្វេសបុកគ្រូ​ក្មេង

ថ្ងៃ​នេះ​កម្ពុជា​ថ្មី​ នឹង​លើក​យក​ពី​ប្រវត្តិ​របស់​គ្រូ​ក្មេង​មាន​សាវតា​រយ៉ាង​ណា​ និង​ដើមចម​ដូចម្ដេច​ទើប​អាច​ទៅ​រស់នៅ​ និង​បង្ហាត់​គុន​ខ្មែរ​បាន​នៅ​ឯ​ប្រទេស​បារាំង។​

គ្រូ​ក្មេង​មាន​ឈ្មោះ​ដើម​ ធីម​ សៀងហៃ​ អាយុ ២៧ឆ្នាំ​ មាន​បង​ប្អូន ២នាក់​គឺ​រូប​គេ​ និង​ប្អូន​ស្រី​ឈ្មោះ ធីម ម៉េងអួយ អាយុ ១៥​ឆ្នាំ។​ ឪពុក​ឈ្មោះ​ ទិត្យ ផល្លា​ និង​ម្ដាយ​ឈ្មោះ​ ភាព សុភី។​ គ្រូ​ក្មេង​ជា​អ្នក​រស់នៅភូមិបួន ​ឃុំ​ដងទង់ ស្រុក​ ស្មាច់មានជ័យ ខេត្ត​កោះកុង ។​

ប្រវត្តិ ​នៃ​ការ​សិក្សា​រៀន​សូត្រ សៀងហៃ​ បាន​​បញ្ចប់​បាក់ឌុប​ និង​បាន​បន្ត​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​ PPIU ផ្នែក​ IT ​ក្នុង​ឆ្នាំ​ ២០១៦ ។​

រូបភាពហ្វេសបុកគ្រូ​ក្មេង

សៀងហៃ​ ចាប់​ហាត់​ប្រដាល់​នៅ​អាយុ​ ៤-៥​ឆ្នាំ ​​អំឡុង​ឆ្នាំ ​២០០៤​ ជា​មួយ​ឪពុក​ និង​ពូ​បង្កើត​របស់​ខ្លួនគឺ​ ទិត្យ​ សុវណ្ណគិរី​ បន្ទាប់​ពី​ទំនេរ​ពី​ការ​សិក្សា។​ ឈាន​ដល់​វ័យ​ ៩-១០​ យុវជន​ខេត្ត​កោះកុង​រូប​នេះ​ ចាប់​ផ្ដើម​ហ្វឹកហាត់​ពេញលេង​នៅ​ឯក្លឹប​ប្រដាល់​ និង​ហាត់​ខ្លួន​ឯង​បន្ថែម​រហូត​បាន​ចេញ​ប្រកួត​តាម​កម្មវិធី​ផ្សេងៗ​នៅ​ឯ​កោះកុង​ផង​ និង​ឈាន​ទៅ​ដល់​រាជធានី​ភ្នំពេញ​ផង។​ កាល​ពី​នៅ​ខ្មែរ​គ្រូ​ក្មេង​ ធីម​ សៀងហៃ​ ក៏​ជា​អ្នក​បង្ហាត់​ប្រដាល់​ឯកជន (Private)​ មួយ​រូប​ដែរ​នៅ​រាជធានីភ្នំពេញ។​

រូបភាពហ្វេសបុកគ្រូ​ក្មេង

អាច​ថា​ជា​និស្ស័យ​កាល​​ឆ្នាំ​ ២០១៩​ សៀងហៃ​ មាន​ឱកាស​ចេញ​ទៅ​ប្រទេស​បារាំង​ដើម្បី​កសាង​ជីវភាព​ថ្មី​តាម​រយៈ​អ្នក​ស្គាល់​គ្នា​ និង​ស្វែង​រក​ការងារ​ធ្វើ​នៅ​ទី​នោះ​សង្ឃឹម​ខ្សែ​ជីវិត​រសាត​អណ្ដែត​មួយ​នេះ​ប្រសើរ​ឡើង​ និង​អាច​ជួយ​ដល់​ជីវភាព​ក្រុម​គ្រួសារ​នៅ​ឯ​ខ្មែរ​ផង។​

រូបភាពហ្វេសបុកគ្រូ​ក្មេង

ការងារ​ដំបូង​នៅ​ប្រទេស​បារាំង​ គ្រូ​ក្មេង​ធ្វើ​ជា​អ្នក​ខ្ចប់​ផ្លែឈើ​ក្នុង​ឃ្លាំង​មួយ​កន្លែង​រយៈពេល​បាន​ ១ខែ​ក៏​បាន​ស្វែង​យល់​ពី​ការ​រស់នៅ​ទី​នោះ​ និង​ឆ្លៀត​ឱកាស​ស្វែង​រក​ដំណឹង​ពី​ក្លឹប​ប្រដាល់​ផ្សេងៗ​ដើម្បី​បាន​ធ្វើ​ការងារ​ក្នុង​ក្ដី​ស្រឡាញ់​។​ ជា​រឿង​ល្អ​បំផុត​រូប​គេ​ក៏​បាន​ជាប់​ការ​សាកល្បង​ (Test)​ ការ​បង្ហាត់​ និង​កាន់​ស៊ីប​ក្នុង​ក្លឹប​ប្រដាល់​មួយ​បន្ទាប់​មក​ចាប់​ផ្ដើម​ការងារ​នេះ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​តែ​ម្ដង។​

រូបភាពហ្វេសបុកគ្រូ​ក្មេង

បច្ចុប្បន្ន​រូប​គេ​កំពុង​បង្ហាត់​ប្រដាល់​នៅ​ក្លឹប​ឯកជន​មួយ​នៅ​ក្នុង​ទីក្រុង​បុកដូ​ ប្រទេស​បារាំង។​ ងាក​មក​និយាយ​ពី​ប្រាក់​ចំណូល​វិញ​របស់​ សៀងហៃ​ សម្រាប់​ការងារ​ប្រចាំខែ​​នេះ​ទទួល​បាន​សមរម្យ​ដើម្បី​យក​មក​ចំណាយ​លើ​ការ​ជួល​ផ្ទះ​ស្នាក់នៅ​ ហូបចុក​ និង​ជួយ​ដល់​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​ខ្មែរ។​

រូបភាពហ្វេសបុកគ្រូ​ក្មេង

ការ​ចេញ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ ឬ​បង្ហាត់​គុន​ខ្មែរ​រូប​គេ​ធ្លាប់​ចេញ​ទៅ​បណ្ដា​ប្រទេស​នៅ​អ៊ឺរ៉ុប​ជា​​ច្រើន​កន្លង​ទៅ​ដូច​ជា​ អេស្ប៉ាញ​ បែលហ្ស៉ិក​ ជា​ដើម​ និង​ប្ដេជ្ញា​ចិត្ត​បន្ត​ផ្សព្វផ្សាយ​គុន​ខ្មែរ​មួយ​នេះ​ឲ្យ​រឹតតែ​ទទួល​បាន​ភាព​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត៕

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម