Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន Ford ប្រកាសចេញរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ 2023 ជំនាន់ថ្មី

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Ford បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងការសម្ពោធរថយន្ត Pickup ជំនាន់ថ្មីរបស់ខ្លួននោះ គឺរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ 2023 ជំនាន់ថ្មី (The Next-Gen Ford Ranger) ដែល​ត្រូវបាន​រចនា​រូបរាង​ថ្មី​ទាំងស្រុង​ទាំង​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ ហើយ​រថយន្ត​នេះ​នឹង​ក្លាយជា​រថយន្ត​ដែលមាន​ភាព​ឆ្លាត​វៃ មាន​ភាពបត់បែន និង​សមត្ថ​ភាពខ្លាំង​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​រថយន្ត Pickup​។​

​ដោយ​ប្រើ​ជំនាញ និង​បទពិសោធន៍​នៃ​ការផលិត​រថយន្ត Ford អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​ការស្វែងយល់​អំពី​តម្រូវការ​របស់​អតិថិជន​រថយន្ត Pickup ក្រុមហ៊ុន Ford បានធ្វើការ​សម្ភាសន៍​អតិថិជន​ជាង 5,000 នាក់ និង​រៀបចំ​សិក្ខាសាលា​ជាច្រើន​ដង ទម្រាំ​តែ​អាច​ផលិត​រថយន្ត Ford Ranger ជំនាន់​ថ្មី​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លក្ខណៈ​អាជីវកម្ម គ្រួសារ ការ​ផ្សងព្រេង និង​គ្រប់​ដំណើរ​កម្សាន្ត​ផ្សេងៗ​។

​លោក Jim Farley អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Ford Motor Company បាន​លើកឡើងថា​៖ “​រថយន្ត​ត្រកូល Ford Ranger បាន​មាន​វត្តមាន​ក្នុង​ទីផ្សារ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ រថយន្ត Pickup មួយ​នេះ​តែងតែ​ជា​ដៃគូ​ដែល​គួរ​ឲ្យ​ទុកចិត្ត​សម្រាប់​ម្ចាស់​អាជីវកម្ម កសិករ គ្រួសារ អ្នក​ផ្សងព្រេង អ្នក​ដឹកជញ្ជូន និង​អតិថិជន​នានា នៅ​ជាង 180 ប្រទេស​ជុំវិញ​ពិភពលោក​។ សម្រាប់​រថយន្ត Ford Ranger ជំនាន់​ថ្មី​នេះ​ គឺ​មិន​ត្រឹមតែ​ជា​ផលិតផល​ដែល​អតិថិជន​ស្រឡាញ់​ពេញចិត្ត និង​ទិញយក​មកប្រើប្រាស់​ក្នុងពេល​បច្ចុប្បន្ន​នោះទេ ប៉ុន្តែ​វា​នឹង​ក្លាយជា​បទពិសោធន៍​ថ្មីស្រឡាង​មួយ​ដែល​អាចជួយ​បង្កើត​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន Ford និង​អតិថិជន​ឲ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង​។​

​ក្រុមហ៊ុន Ford បាន​បង្កើត​ពាក្យស្លោក​ស​ម្រា​ប់​ម៉ូ​ឌែ​ល Ford Ranger ថា​៖ “Living The Ranger Life ដែល​វា​មានន័យថា​រស់នៅ​ជីវិត​ជាមួយ​រថយន្ត Ranger” ដែល​នេះ​វា​ក៏​ជាការ​រួមចំណែក​ក្នុងការ​ចូលរួម​បង្កើត​រថយន្ត Ford Ranger ជំនាន់​ថ្មី​នេះ​ផងដែរ​។

​ជាក់ស្តែង​រថយន្ត Ford Ranger ជំនាន់​ថ្មី​មាន​ភាព​លេចធ្លោ និង​ពោរពេញ​ដោយ​អំណាច ដោយ​ផ្នែក​ទទឹង​នៃ​រថយន្ត​មាន​ទំហំ​ធំ​ជាង​មុន​រហូតដល់​ទៅ 50mm ដោយ​នេះ​មិន​ត្រឹមតែ​ជាការ​ឌី​ហ្សា​ញ​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ការជួយ​សម្រួល​ដល់​ប្រព័ន្ធ​ជើង​ក្រោម​ថ្មី​ឲ្យ​ដំណើរការ​កាន់តែ​ប្រសើរ​ជាង​មុន​។ ជាមួយនឹង​ការ​រចនា​ប៉ា​ណា​ថ្មីស្រឡាង បូករួម​នឹង​ចង្កៀង​មុខ​ប្រភេទ C-Clamp ដែល​ត្រូវបាន​រចនា​ជា​រាង​អក្សរ C ប្លែក​ខុសពី​រថយន្ត​ដ៏​ទៃ ជា​ប្រភេទ Matrix LED ជំនាន់​ចុងក្រោយ និង​អាច​បញ្ចេញ​ភ្លើង​មួយ​ជុំវិញ​រថយន្ត​តែម្តង (Zone Lighting) ដែល​វា​ជា​អត្តសញ្ញាណ​ថ្មី​មួយ​សម្រាប់​រថយន្ត Ford Ranger ជំនាន់​ថ្មី​នេះ​។ ផ្នែក​ខាងក្រោយ​ក៏ត្រូវ​បាន​រចនា​ថ្មី​ទាំងស្រុង មាន​ភាព​ធំ​ទូលាយ​ជាង​មុន​ដោយ​ការ​រចនា​បាន​យក​គំរូ​តាម Ford F-150 ជាពិសេស​នោះ​ គឺ​បាន​បំពាក់​មក​ជាមួយនឹង​អក្សរ​ផុស​ធំ RANGER ដែល​មើលទៅ​កាន់តែ​អង់អាច​ក្លាហាន ដែល​នេះ​ជា​អ្វីដែល​អតិថិជន​កំពុងតែ​ទន្ទឹងរង់ចាំ​ជា​យូរណាស់​មកហើយ​។ រីឯ​ទ្វារ​ផ្នែក​ខាងក្រោយ​ក៏​អាច​ប្រើ​សម្រាប់​ភ្ជាប់​ជាមួយនឹង​ឧបករណ៍​ផ្សេងៗ និង​មាន​រន្ធ​សាក​ថ្ម​ទំហំ​ធំ​ដែល​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជា​ប្រភេទ​អាជីវកម្ម និង​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​។ ចំណុច​ថ្មី​មួយ​ដែល​រថយន្ត Ford Pickup ជំនាន់​មុនៗ​មិន​ធ្លាប់បាន​បំពាក់​នោះ​ គឺ​ឈ្នាន់​ជាន់​នៅ​ចំហៀង​កាង​ផ្នែក​ខាងក្រោយ (Rear Load Box Access Step) ដែល​អនុញ្ញាត​ឲ្យ​ឡើង​ចុះ​រថយន្ត​តាម​ផ្នែក​ចំហៀង​ដោយ​មិនចាំបាច់​ឡើងជា​ន់​លើ​សំបក​កង់​ដូច​មុន​នោះទេ នេះ​ជា​ចំណុច​ដែល​អាច​បញ្ជាក់ថា Ford កាន់តែ​គិតគូរ​ពី​អ្នកប្រើប្រាស់​រថយន្ត ហើយ​ចំណុច​នេះ​គេ​សង្កេតឃើញថា ​មិនទាន់មាន​រថយន្ត Pickup ណាមួយ​មាន​បំពាក់​ឈ្នាន់​បែបនេះ​នៅឡើយ​ទេ ដោយ​នេះ​ស្តែង​ឲ្យ​ឃើញ​ក្រុមហ៊ុន Ford កាន់តែ​យកចិត្តទុកដាក់​ដល់​អ្ន​ក​ប្រើប្រាស់​។

​ផ្នែក​ខាងក្នុង​ត្រូវបាន​រចនា​រូបរាង​ថ្មី​ទាំងស្រុង ដែលមាន​លក្ខណៈ​ធំ​ទូលាយ ស្រឡះ ទំនើប និង​ប្រណិត​ជាង​មុន ហើយ​សម្ភារៈ​តុបតែង​លម្អ​ផ្នែក​ខាងក្នុង​ត្រូវបាន​ធ្វើឡើង​ពី​ស្បែក​ប្រណិត​លំដាប់​ខ្ពស់​ដែល​កាន់តែ​ផ្តល់នូវ​ផាសុកភាព ផ្តល់​ភាពងាយស្រួល​ដល់​អ្នកបើក​បរ និង​អ្នករួមដំណើរ​។ អ្វីដែល​កាន់តែ​ពិសេស​អស្ចារ្យ​បំផុត​នោះ​ គឺ​អេក្រង់ Touch Screen ចំ​កណ្តាល​ទំហំ 10.1​អ៊ី​ញ ឬ 12​អ៊ី​ញ ទៅតាម​ម៉ូ​ឌែ​ល​នៃ​រថយន្ត និង​បច្ចេកវិទ្យា SYNC 4 ជំនាន់​ចុងក្រោយ​បំផុត ដែល​អនុញ្ញាត​ឲ្យ​ភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត​នៅពេល​ធ្វើដំណើរ និង​ការភ្ជាប់​ជាមួយ​កម្មវិធី FordPassTM ដែល​វា​នឹង​បង្កើត​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​អ្នកប្រើប្រាស់​មុខងារ​កម្សាន្ត និង​អត្ថប្រយោជន៍​ប្រើប្រាស់​ជាច្រើន​ទៀត​ដូចជា​៖ ការ​បញ្ឆេះ​ពី​ចម្ងាយ ការត្រួតពិនិត្យ​ស្ថានភាព​រថយន្ត មុខងារ​ចាក់សោ និង​ដោះ​សោ​ពី​ចម្ងាយ​តាមរយៈ​ទូរស័ព្ទដៃ​របស់លោក​អ្នក​។​ល​។ មិនតែប៉ុណ្ណោះ​រថយន្ត​នេះ​ថែមទាំង​មានមុខ​ងារ​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ (Wireless Charging) រន្ធ​សាក​ថ្ម USB មុខក្រោយ និង​រន្ធ​សាក​ថ្ម USB Type C ផងដែរ​។ កុង​ទ័​រ​ក៏បាន​រចនា​ថ្មី​ទាំងស្រុង​ដែល​សម្រាប់​ជំនាន់​ថ្មី​នេះ Ford បាន​ប្រើប្រាស់​កុង​ទ័​រ Digital ទំហំ 8​អ៊ី​ញ​ដែល​អាច​បង្ហាញ​នូវ​ព័ត៌មាន​នានា​អំពី​រថយន្ត​ដែល​ផ្តល់នូវ​រូប​ភាពរស់រវើក​ច្បាស់​ល្អ​។

​បច្ចេកវិទ្យា​ថ្មី​ដែល​អតិថិជន​កំពុង​ទន្ទឹងរង់ចាំ​សម្រាប់​រថយន្ត Ford Ranger Pickup នោះ​គឺ

•​ ​ប្រព័ន្ធ​កាមេរ៉ា 360 ដឺ​ក្រេ (360 Degree Camera View) ផ្តល់នូវ​រូបភាព​ច្បាស់​ល្អ មាន​ភាពរស់រវើក​ចំ​កណ្តាល​នៃ​អេក្រង់​ធំ​ទំហំ 10.1​អ៊ី​ញ ឬ 12​អ៊ី​ញ លាតសន្ធឹង​ពីលើ​ចុះក្រោម​រាង​ជា​ទ្រវែង (Portrait)

•​ ​ប្រព័ន្ធគ្រប់គ្រង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ (On and Off-Road Drive Modes) ដែល​ប្រព័ន្ធ​នេះ​ដូច​ទៅនឹង​រថយន្ត Ford Ranger Raptor និង Ford F-150 Raptor ដែលជា​ប្រព័ន្ធ​មួយ​ជួយ​សម្រួល​ដល់​អ្នកបើក​បរ​អាច​ជ្រើស mode នៃ​ការបើកបរ​ទៅ​ស្ថានភាព​ផ្លូវ​ដូចជា​៖ រអិល ខ្សាច់ ភក់ និង​ការ​អូស​សណ្តោង​ជាដើម​

•​ ​ប្រព័ន្ធ​ហ្វ្រាំងដៃ​អេ​ឡិច​ត្រូ​និ​ក (Electric Parking Brake) ជួយ​សម្រួល​ដល់​ការដាក់​ហ្វ្រាំងដៃ​មាន​ភាព​លឿន​រហ័ស និង​បត់បែន

•​ ​អ្វីដែល​កាន់តែ​អស្ចារ្យ​មួយទៀត​នោះ ​គឺ​ការ​រចនា​ចង្កឹះ​លេខ​ជំនាន់​ថ្មី​រូបរាង​ស្រស់ស្អាត​បែប​ស្ព័​រ បូករួម​ជាមួយនឹង​ប្រព័ន្ធ​ប្តូរ​លេខ​អេ​ឡិច​ត្រូ​និ​ក (All New E-Shifter) ដែលមាន​ប្រអប់លេខ 10​វគ្គ​អូ​តូ និង​អាច​ប្រើប្រាស់​លេខ​ដៃ​រហូតដល់​ទៅ 6 លេខ ដែល​អាច​ឲ្យ​អ្នកបើកបរ​ប្តូរ​លេខ​ពេល​កំពុង​បើកបរ​កាន់តែ​ផ្តល់​ភាពងាយស្រួល​ថែម​មួយកម្រិត​ទៀត​សម្រាប់​អ្នកបើកបរ​។​

​យោងតាម​ការចេញប្រកាស​ពី​ក្រុមហ៊ុន Ford នៅ​ប្រទេស​អូស្ត្រាលី បានបង្ហាញ​ឲ្យ​ឃើញថា Ford បាន​បន្ថែម​ជម្រើស​ម៉ាស៊ីន​ជូន​អតិថិជន​ដែល​ក្នុងនោះ​មាន​រហូតដល់ 4 ជម្រើស​ដូចជា​៖

-​ ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ទំហំ 3.0L V6 Turbodiesel សម្រាប់​អតិថិជន​ចង់បាន​ជម្រើស​នៃ​ថាមពល និង​កម្លាំង​បង្វិល​ជុំ​បន្ថែមទៀត​សម្រាប់​ការ​អូស​សណ្តោង ដឹកទំនិញ​ធ្ងន់ៗ និង​ការបើកបរ​លើផ្លូវ​មាន​ឧបសគ្គ​

-​ ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត Single-Turbo ដែល​ផ្តល់នូវ​ថាមពល​កម្លាំង​បង្វិល​ជុំ និង​សន្សំសំចៃ​ប្រេង​ដែល​ស័ក្ដិសម​សម្រាប់​ការប្រើប្រាស់​ទូទៅ និង​បែប​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​

-​ ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត Bi-Turbo ដែលជា​ប្រភេទ​ម៉ាស៊ីន​ដែល​បានធ្វើ​កំណែទម្រង់​ថ្មី​មាន​លក្ខណៈ​ទំនើប​ជាង​មុន សម្រាប់​អតិថិជន​ដែល​ចង់បាន​ថាមពល និង​កម្លាំង​ខ្លាំង​តែ​ក៏ត្រូវ​ការ​ការ​សន្សំសំចៃ​ប្រេង​

-​ ​ម៉ាស៊ីន​សាំង​ប្រភេទ 2.3L EcoBoost ស៊ីឡាំង 4 នេះ​ជា​លើកដំបូង​ដែល​ក្រុមហ៊ុន Ford បាន​បំពាក់​ម៉ាស៊ីន​សាំង​ប្រភេទ EcoBoost លើ​រថយន្ត Ford Ranger Pickup

​ជា​សរុប​មកវិញ សម្រាប់​ម៉ូ​ឌែ​ល Ford Ranger ជំនាន់​ថ្មី​នេះ Ford បាន​កែ​រូបរាង​ថ្មី​ទាំងស្រុង​ទាំង​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង ជាពិសេស​នោះ​គឺ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ចុងក្រោយ​ដែល​ចំណុច​នេះ​គឺ Ford តែងតែ​ឈរលើ​ដៃគូ​ប្រកួតប្រជែង​ជានិច្ច​។ រថយន្ត Ford Ranger ជំនាន់​ថ្មី​នឹង​ក្លាយជា​រថយន្ត​ដែល​ឆ្លាត​វៃ ធន់​រឹងមាំ និង​អាច​ជម្នះ​បត់បែន​គ្រប់​កាលៈទេសៈ ហើយនឹង​ក្លាយជា​រថយន្ត​ ដែលមាន​វិសាលភាព​ឥត​ដែន​កំណត់​។ យើង​សង្ឃឹមថា​ឆាប់ៗ​ខាងមុខនេះ ក្រុមហ៊ុន Ford នឹងធ្វើ​បញ្ចេញ​ព័ត៌មាន និង​លក្ខណៈផ្សេងៗ​អំពី​រថយន្ត Ford Ranger ម៉ូ​ឌែ​ល​ឆ្នាំ 2023 ជំនាន់​ថ្មី​នេះ​ឲ្យ​សាធារណៈជន​ជ្រាប​កាន់តែច្បាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម