ចរាចរណ៍
ពលរដ្ឋគាំទ្រចំពោះការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក របស់សមត្ថកិច្ច ដែលជួយកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ
ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ បានសម្ដែងការគាំទ្រចំពោះវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក របស់សមត្ថកិច្ចជំនាញ ដែលផាកពិន័យទៅលើអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងបើកបរហួសល្បឿនកំណត់ បង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ខណៈពលរដ្ឋបានអះអាងថា វិធានការនេះ ជួយកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់បានមួយកម្រិត ប្រសើរជាងពេលកន្លងទៅ។

លោក ផាន បាលី អ្នកលក់ដូរ ម្ដុំផ្សារពោធិ៍ចិនតុង បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា លោកគាំទ្រចំពោះវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់សមត្ថកិច្ចជំនាញ ដែលចុះផាកពិន័យ និងឃាត់រថយន្តល្មើសច្បាប់ផ្សេងៗ ពិសេសនៅពេលយប់តែម្ដង។ លោក បាលី មើលឃើញថា មួយរយៈចុងក្រោយនេះ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ នៅពេលដែលសមត្ថកិច្ចចុះធ្វើការតាមគោលដៅ គ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសឆក់ប្លន់ ផ្សេងៗ មានការថយចុះ គួរឱ្យកត់សម្គាល់ ដែលនេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋាន មិនថាតែរាជធានីភ្នំពេញ និងបណ្ដាខេត្ដមួយចំនួននោះឡើយ។
លោក ផាន បាលី បន្ថែមទៀតថា លោកចង់ស្នើសុំឱ្យថ្នាក់ដឹកនាំ និងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ ប្រសិនបើអាច ជួយរួមគ្នាបង្កើតច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹងជាងនេះទៅទៀត។ ក្រៅពីនេះ លោក ក៏ស្នើសមត្ថកិច្ចជំនាញ សូមមេត្តាអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ រហូតតទៅ ដើម្បីជៀសវាងកុំឱ្យកើតមានគ្រោះថ្នាក់់ចរាចរណ៍តទៅទៀត។

ចំណែក អ្នកស្រី ស៊ាន យាង អាជីវករផ្សារទួលសង្កែតូច ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដែរថា អ្នកស្រី គាំទ្រចំពោះវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់សមត្ថកិច្ចជំនាញ ដែលបានចុះដាក់គោលដៅសម្រាប់ធ្វើការផាកពិន័យ និងឃាត់រថយន្ដល្មើសច្បាប់ផ្សេងៗ មិនថាពេលថ្ងៃ និងយប់ នោះទេ ការធ្វើបែបនេះ នឹងធ្វើឱ្យអ្នកបើកបរទាំងអស់មិនហ៊ានបំពានច្បាប់ និងមិនកើតមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ អ្នកស្រី បន្ថែមថា ភាគច្រើនគ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្ននេះ ច្រើនតែកើតមាននៅពេលយប់ៗ ដែលកន្លងមកពុំសូវមានសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យ ទើបធ្វើឱ្យអ្នកបើកបរទាំងនោះ ហ៊ានល្មើសច្បាប់ និងបើកបរហួសល្បឿនកំណត់ បង្កឱ្យកើតមានគ្រោះថ្នាក់ស្លាប់មនុស្សអស់ជាច្រើននាក់ដូចពេលកន្លងមក។

រីឯ លោក នឿ សុធា ពលរដ្ឋរស់នៅសង្កាត់ផ្សារថ្មី ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដូចគ្នាថា លោកពិតជាសប្បាយចិត្ត និងគាំទ្រចំពោះការរឹតបន្ដឹងនេះ ដែលកន្លងមក លោកឃើញថាអ្នកបើកបរ មួយចំនួនមិនសូវគោរពច្បាប់ចរាចរណ៍នោះឡើយ។ លោក បន្ថែមថា នៅពេលសមត្ថកិច្ចជំនាញចុះដាក់គោលដៅត្រួតពិនិត្យបែបនេះ អ្នកបើកបរ ក៏មិនហ៊ានល្មើសច្បាប់ និងមិនសូវកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវដូចពេលកន្លងទៅអ៊ីចឹងដែរ៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


