Connect with us

ព័ត៌មានអន្ដរជាតិ

ថៃចង់​​បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង ចុងឆ្នាំនេះ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី ស៊ូផាជី ស៊៊ូធុមភុន (Suphajee Suthumpun) បាន​និយាយថា ប្រទេសថៃសង្ឈឹមបញ្ចប់ការចរចាពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​កូរ៉េខាងត្បូងនៅចុងឆ្នាំនេះ​។ ​នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មែនទែនទៅ មន្ត្រីពាណិជ្ជកម្មថៃ និងកូរ៉េខាងត្បូង ​បាន​ចាប់ផ្ដើមចរចាសម្រាប់ FTA រវាងប្រទេសទាំង២ ចាប់តាំងពីឆ្នាំ ២០០៤ ម្ល៉េះ ហើយឥឡូវនេះ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកិច្ចចរចា។

លោកស្រី Suphajee បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Standard ដែល​ចេញផ្សាយកាលពីថ្ងៃចន្ទថា៖ «យើងគិតថាយើងអាចបញ្ចប់ការចរចាជាមួយកូរ៉េខាងត្បូងនៅចុងឆ្នាំនេះ»។

​កូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) ចាប់ពីថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុង Gyeongju ក្បែរទីក្រុង Busan ។ លោកស្រី Suphajee នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម ហើយលោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុន ​នឹងចូលរួមជាមួយមេដឹកនាំផ្សេងទៀត​ក្នុងកិច្ចប្រជុំកំពូលនេះ។

រដ្ឋមន្រ្តីដដែលបាននិយាយថា៖ «យើងមានគម្រោងសេចក្តីប្រកាសរួមមួយ (ជាមួយកូរ៉េខាងត្បូង) ដើម្បីគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់យើងសម្រាប់​ការសរុប (នៃ FTA)»។

គួររំឭកថា ពាណិជ្ជកម្ម​ទ្វេភាគីថៃ និងកូរ៉េខាងត្បូង មាន​ប្រមាណ ១៤,៧ ប៊ីលាន​ដុល្លារកាលពីឆ្នាំមុន។ គេមិនទាន់ដឹងថាភាគីនឹង​ព្រមព្រៀងគ្នាចុះហត្ថលេខាជាផ្លូវការនៅពេលណានោះទេ ខណៈក្រោយបិទបញ្ចប់ការចរចា FTA ត្រូវការការអនុម័តពីសភាមួយសារទៀត មុនពេលចុះហត្ថលេខាផ្លូវការ។

ការចុះពាណិជ្ជកម្ម​សេរី គឺជាផ្នែកមួយ​នៃការជំរុញពិពិធកម្មទីផ្សារនាំចេញរបស់ថៃ ដែល​រងការគំរាមកំហែងពីកំណើនគោលនយោបាយការពារនិយម រួមទាំងពន្ធគយបដិការរបស់សហរដ្ឋអាមេរិក។ ប្រទេសនេះពឹងផ្អែកខ្លាំងលើការនាំចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែល​ដើរអូសជើង និងខ្សោយ ធៀប​នឹងដៃគូក្នុងតំបន់សំខាន់ៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម