ព័ត៌មានជាតិ
អាជ្ញាធររាជធានី ដោះស្រាយបញ្ហាប្រឈម និងសំណូមពរឱ្យមានប្រសិទ្ធភាព បម្រើដល់ប្រយោជន៍ តម្រូវការ ជូនពលរដ្ឋ
លោក ម៉ប់ សារិន បានថ្លែងឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ បានពង្រឹងការកំណត់បញ្ហាអាទិភាព និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព ដែលបម្រើដល់ផលប្រយោជន៍ និងតម្រូវការនានា ជូនប្រជាពលរដ្ឋ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៤ នៅខណ្ឌចំការមន កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ ក្រោមវត្តមានលោក ឯក ឃុនដឿន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ។

នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សា បានបន្តថា ការកំណត់អាទិភាព នៃបញ្ហាប្រឈម និងសំណូមពរនេះ គឺបន្ទាប់ពីទទួលបានការលើកឡើងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរនៅក្នុងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ។

លោកបញ្ជាក់ទៀតថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ពួកគាត់ ជាពិសេសពលរដ្ឋក្រីក្រនៅមូលដ្ឋាន សង្កាត់ ខណ្ឌ ឱ្យបានល្អប្រសើរ។

ក្នុងឱកាសនោះដែរ លោក ឯក ឃុនដឿន មានប្រសាសន៍ថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌចំការមន មានប្រជាពលរដ្ឋស្នើឱ្យជួយដោះស្រាយប្រព័ន្ធលូរំដោះទឹកក្នុងសាលាជំនាន់ថ្មីបឹងត្របែក ជួយដាក់មន្ត្រីនគរបាលសម្រួលចរាចរណ៍នៅកន្លែងដែលមានផ្លូវខ្វាត់ខ្វែងច្រើន ជួយពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋមួយចំនួន និងការស្នើសុំដាក់លូបន្ថែមនៅកន្លែងដែលមានទឹកលិចដោយទឹកភ្លៀង។

លោក ឯក ឃុនដឿន បានបញ្ជាក់ថា ចំពោះបញ្ហាដាក់លូថ្មីបានណែនាំឱ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្តចុះពិនិត្យជាក់ស្តែងនៅក្នុងសាលាជំនាន់ថ្មីបឹងត្រែងឱ្យបានលឿន ដើម្បីកុំឱ្យប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្សានុសិស្ស។ រីឯសំណើសុំដាក់លូថ្មី នៅភូមិ ១ សង្កាត់ទន្លេបាសាក់ អាជ្ញាធរខណ្ឌចំការមន ត្រៀមចុះស្ថាបនានៅឆ្នាំ ២០២៦ ខាងមុខ។

លោកបានបញ្ជាក់ទៀតថា ចំពោះសំណើសុំពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ២៧ ឡូត៍ នៅភូមិ ១០ សង្កាត់ទន្លេសាក់ លោកបានណែនាំក្រុមការងារខណ្ឌចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្តែង ហើយធ្វើរបាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីបន្ត។
ក្នុងនោះដែរលោកអភិបាលរង ក៏បានណែនាំឱ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន បន្តពង្រាយកម្លាំងនគរបាលចរាចរណ៍នៅតាមទីតាំងផ្លូវខ្វាត់ខ្វែងច្រើន ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្មក្នុងការស្តារ កសាង អភិវឌ្ឍន៍មូលដ្ឋាន ឱ្យមានភាពរីកចម្រើនគ្រប់វិស័យ រួមមាន ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អអនាម័យបរិស្ថាន ការផ្តល់សេវាសាធារណៈ សកម្មភាពមនុស្សធម៌ ការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


