ព័ត៌មានជាតិ
ខណ្ឌទាំង១៤ ចុះពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើស ONLINE SCAMS ចំនួន៨០ទីតាំង រកឃើញជនបរទេសស្នាក់នៅជាង១៣០០នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន៨០ទីតាំង រកឃើញជនបរទេសស្នាក់នៅជាង១៣០០នាក់ ក្នុងនោះជនបរទេសចំនួន១៦នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមការងារពុំបានឃើញបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និង ជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១មិថុនា២០២៦នេះថា៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌទាំង១៤ បានធ្វើចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និង សណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការ បោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និង ជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ

លោកស្រីបានបន្តថា៖ ក្នុងប្រតិបត្តិការរយៈពេល ១ថ្ងៃនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យទីតាំងសរុបបានចំនួន៨០ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១៣៥៤នាក់ (ស្រី ៣៨៣នាក់) ក្នុងនោះជនបរទេសចំនួន ១៦នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ជារួមក្រុមការងារពុំបានឃើញបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។


លោកស្រីអ្នកនាំពាក្យបន្តទៀតថា៖ ដោយឡែកចំពោះ ខណ្ឌ៧មករា ក្រុមការងារបានរកឃើញទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ១ករណី នៅបន្ទប់លេខ២៦០៥ ជាន់ទី២៦ នៃអគារ Skyline B ស្ថិតនៅអគារលេខ៦ ផ្លូវលេខ១៣៤ ភូមិ៣ សង្កាត់វាលវង់ រួមមាន៖ កុំព្យូទ័រ (Laptop) ៤គ្រឿង ម៉ូនីទ័រ ១គ្រឿង និងទូរស័ព្ទដៃ ១៥គ្រឿង ប៉ុន្តែមិនមានមនុស្សស្នាក់នៅទេ។ រីឯនៅខណ្ឌឫស្សីកែវវិញ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យទីតាំងចំនួន ៤កន្លែង នៅក្នុងបុរី ផេនសៀ ស្ថិតនៅសង្កាត់ស្វាយប៉ាក រួមមកក្រុមការងារបានរកឃើញមានសម្ភារគួរឱ្យសង្ស័យមួយចំនួនធំ នៅក្នុងផ្ទះលេខ៨I ផ្លូវលេខP១ និងផ្ទះលេខ៨D ផ្លូវលេខP០៣ រួមមាន៖ ទូរស័ព្ទដៃចំនួន ៣១៧គ្រឿង កុំព្យូទ័រ (all in one) ចំនួន ៤០គ្រឿង ម៉ូនីទ័រចំនួន ៦គ្រឿង និងធុង CPUចំនួន ៣គ្រឿង ដោយមិនមានមនុស្សស្នាក់នៅ ឬប្រព្រឹត្តបទល្មើសនៅទីតាំងនោះទេ។



ចំណែកគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានរកឃើញជនបរទេសចំនួន ០៩នាក់ស្នាក់នៅខុសច្បាប់(គ្មានលិខិតឆ្លងដែន ០៦នាក់ និងផុតទិដ្ឋាការ ០៣នាក់) ។ ករណីមិនសហការជាមួយសមត្ថកិច្ចត្រួតពិនិត្យរដ្ឋបាល និងគ្មានមុខរបរច្បាស់លាស់។ ជនបរទេសចំនួន ០៩នាក់ខាងលើ សម្រេចប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ដ។



លោកស្រីដោ សម្ផស្ស បានបញ្ជាក់បន្ថែមទៀតថា៖ ក្រោយការពិនិត្យរួចវត្ថុតាង រួមទាំងជនបរទេសដែលស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តនីតិវិធី។ ក្នុងថ្ងៃជាមួយគ្នានេះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬ អ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ អនក្រ.បក សរុបចំនួន ៤ទីតាំង មានមនុស្សចំនួន ៥នាក់ គិតជាថវិកាសរុបបានចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀលគត់)៕ អត្ថបទ៖ ស្រីរ័ត្ន


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


