សន្តិសុខសង្គម
មនុស្ស៣នាក់ ត្រូវឃាត់ខ្លួនករណីដឹកជញ្ជូនសាច់បង្កកលើទូកមកពីថៃ
កោះកុង ៖ មនុស្ស៣នាក់ឃាត់ខ្លួន ករណីដឹកជញ្ជូនសាច់បង្កកមកពីថៃ ត្រូវបានសមត្ថកិច្ចជំនាញបង្រ្កាបបាន គ្រាកំពុងធ្វើដំណើរលើផ្ទៃសមុទ្រត្រង់ចំណុចឆ្នេរខ្សាច់ពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយទំនិញបង្កកមួយចំនួនដុតបំផ្លាញចោល និងរឹបអូលជាវត្ថុតាងតាមច្បាប់។

អាជ្ញាធរខេត្តកោះកុង ព្រះរាជអាជ្ញារងខេត្ត និងមន្រ្តីជំនាញចម្រុះ រួមសហការបន្តតាមដានបង្រ្កាបទូកដឹកទំនិញជាសាច់បង្កក១គ្រឿងមកពីប្រទេសនៅលើផ្ទៃសមុទ្រ កាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៧ខែតុលា គ្រោងបម្រុងនឹងបន្តដឹកទៅកាន់ព្រំដែនព្រែកចាក។

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានឱ្យដឹងល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ថា ម្ចាស់ទូកដឹកឥវ៉ាន់ឈ្មោះ អ៊ុក ណារ៉ូ និងជនសង្ស័យ២នាក់ទៀត រស់នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដឹកទំនិញគេចពន្ធខាងលើពីចំណុចខ្លងស្រ៊ុន ស្រុកខ្លងយ៉ៃ ខេត្តត្រាត ដោយបម្រុងឡើងទំនិញនៅព្រែកឆ្មាបាត់ចូលតាមច្រកពាមក្រសោប ប៉ុន្តែត្រូវទប់ស្កាត់បង្រ្កាបបានភ្លាមៗ។

លោក ហាក់ ឡេង បានបន្តថា ពួកគេស៊ីឈ្នួលដឹកទំនិញពីថៃក្នុង១ជើងយកថ្លៃ១២០០បាតទៅ១៥០០បាត ទំនិញទាំងនោះនឹងត្រូវដឹកជញ្ជូនបន្តទៅកាន់ព្រំដែនព្រែកចាក ខេត្តកំពត។

សកម្មភាពល្មើសរបស់ជនសង្ស័យធ្វើឡើងរយៈពេល២ខែមកហើយ។ សមត្ថកិច្ចរកឃើញមានក្តាមសកចំនួន២៩កេស តូចធំ ក្តាមបង្កក៥កេស ជើងមាន់បង្កក១២កេស ស្មើនឹងទម្ងន់សរុបជាង១តោន។ ក្រៅពីនេះ ថ្នាំលាបពណ៌កំប៉ុង ថ្នាំសារធាតុប្រតិកម្មអាស៊ីត កាហ្វេកញ្ចប់ ស្លឹកកាធម ស្រោមដៃក្រណាត់ និងសំបកដបទឹក។ ជាក់ស្តែង ទំនិញបង្កកត្រូវបានដុតកម្ទេចចោល រីឯក្តាមសក បញ្ជូនទៅប្រលែងឱ្យរស់រានមានជីវិតនៅព្រៃកោងកាង។

ក្នុងនាមជាថ្នាក់ដឹកនាំខេត្តមួយរូប លោក ហាក់ ឡេង បានណែនាំដល់សមត្ថកិច្ចដែលមានតួនាទីចំពោះមុខចាំបាច់បន្តតាមដានស្រាវជ្រាវមុខសញ្ញាដែលនាំចូលទំនិញពីប្រទេសថៃមកកម្ពុជា ពិសេសក្នុងភូមិសាស្រ្តខេត្តកោះកុងតែម្តង ដោយមិនឱ្យរួចទោសទណ្ឌនោះទេ។

នេះជាលើកទី៣ហើយដែល អាជ្ញាធរ និងសមត្ថកិច្ចចម្រុះសហការបង្ក្រាបទំនិញគេចពន្ធពីប្រទេសថៃ ចូលមកកម្ពុជាដោយខុសច្បាប់ក្នុងភូមិសាស្រ្តខេត្តកោះកុង។ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ស្នើដល់រាជរដ្ឋាភិបាលចាំបាច់ត្រូវមានវិធានការចំពោះមន្រ្តី និងឈ្នួញខិលខូចដែលបន្តលួចនាំទំនិញពីប្រទេសថៃចូលមកកម្ពុជា ដោយដាក់ទោសឱ្យធ្ងន់ធ្ងរបំផុតផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


