ព័ត៌មានអន្ដរជាតិ
អាជីវកម្មថៃទាមទារជំនួយពីរដ្ឋាភិបាល ជុំវិញផលប៉ះពាល់ពីការបិទព្រំដែនជាមួយកម្ពុជា
អាជីវកម្មថៃកំពុងទាមទារសុំជំនួយពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុន (Anutin Charnvirakul) ដោយព្រមានថា ការបិទព្រំដែនជាមួយកម្ពុជាដែលកំពុងបន្តអូសបន្លាយ អាចបង្កការខាតបង់សេដ្ឋកិច្ចរហូតដល់ប្រមាណ ១០០ ប៊ីលានបាត ឬប្រហែល ៣,១ ប៊ីលានដុល្លារ គិតត្រឹមចុងឆ្នាំ ២០២៥។

តាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអាទិត្យ វិស័យឯកជនថៃបានដាក់សំណើបន្ទាន់ចំនួន ៣ ដែលរាប់បញ្ចូលទាំងការកាត់បន្ថយពន្ធ និងការផ្ដល់ «ឥណទានការប្រាក់ទាប» ទៅកាន់គណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច ដោយទាមទារឱ្យមានវិធានការសង្គ្រោះជាបន្ទាន់ ជុំវិញការបិទព្រំដែនជាមួយកម្ពុជា ដែលប៉ះពាល់ដល់លំហូរពាណិជ្ជកម្មរវាងប្រទេសទាំង២។
ប្រភពពីវិមានរដ្ឋាភិបាលបានប្រាប់ The Nation ថា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្មីៗនេះ បានជួបជាមួយក្រុមធុរកិច្ចសំខាន់ៗ រួមទាំងក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា និងសភាពាណិជ្ជកម្មថៃ ដើម្បីដោះស្រាយវិបត្តិនេះ។
ប្រភពបន្តថា ការបិទទ្វាព្រំដែនកម្ពុជា ដែលថៃបានផ្ដួចផ្ដើមឡើងជាឯកតោភាគីនៅខែមិថុនា បានបង្កការរាំងស្ទះពាណិជ្ជកម្ម ១៥ ប៊ីលានបាត ឬ ៤៥៨ លានដុល្លារអាមេរិក ក្នុង១ខែៗ ដែលថៃទទួលផលប្រយោជន៍ភាគច្រើន។ ហើយសំណើទាំង ៣ ដែលអាជីវកម្មថៃស្នើឡើងរួមមាន ការគាំទ្រផ្នែកហិរញ្ញវត្ថុ ជម្រើសភស្តុភារបន្ថែម និងការការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់។
ចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុ អាជីវកម្មថៃស្នើឱ្យរដ្ឋាភិបាលជួញកាត់បន្ថយពន្ធ កាត់បន្ថយថ្លៃសេវាប្រើប្រាស់ និងដាក់ចេញនូវ «ឥណទានដែលមានអត្រាការប្រាក់ទាប» ដើម្បីធានាថា សហគ្រិនដែលរងផលប៉ះពាល់ពីការបិទព្រំដែន អាចរក្សាបាននូវសាច់ប្រាក់ងាយស្រួលចាំបាច់ដើម្បីបន្តដំណើរការ។

ចំណែកឯជម្រើសភស្តុភារវិញ នៅពេលដែលស្ថានភាពព្រំដែនមានភាពប្រសើរឡើង អាជីវកម្មថៃជំរុញឱ្យរដ្ឋាភិបាលបើកផ្លូវកំពង់ផែ និងផ្លូវដឹកជញ្ជូននៅខេត្តត្រាតជាជម្រើសសំខាន់ សម្រាប់ការដឹកជញ្ជូនទំនិញ។
ពាក់ព័ន្ធនឹងការការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ពួកគេបានស្នើសុំវិធានការពិសេសដើម្បីអនុញ្ញាតឱ្យមានការនាំចូលទំនិញចាំបាច់ជាបន្ទាន់តាមរយៈការឆ្លងកាត់ដីគោក ដើម្បីការពារការរំខានធ្ងន់ធ្ងរដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ជាតិ។
កាសែត The Nation បានផ្សាយថា រដ្ឋមន្ត្រីការបរទេសថៃបានសន្យាថានឹងដាក់សំណើជំនួយទាំង៣នេះភ្លាមៗទៅកាន់លោកនាយករដ្ឋមន្ត្រី ឆានវីរៈគុន ដើម្បីពិចារណាឱ្យបានឆាប់រហ័ស។ ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវបានទាមទារឱ្យដោះស្រាយបញ្ហាផ្សេងៗទៀត ដែលកើតចេញពីភាពតានតឹងជាមួយកម្ពុជា រួមទាំងកង្វះកម្លាំងពលកម្មដោយសារមាតុភូមិនិវត្តន៍របស់កម្មករខ្មែរ និងកង្វល់សុវត្ថិភាពផ្នែកទេសចរណ៍៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


