ព័ត៌មានជាតិ
គម្រោងវិនិយោគចំនួន ១១ មានទុន ៤០០ លានដុល្លារនៅភូមិភាគឦសានទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល
គម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុប ៤០០ លានដុល្លារ និងអាចបង្កើតការងារ ៨០០ កន្លែង នៅភូមិភាគឦសានទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល ខណៈគិតត្រឹមថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២៥ តំបន់ភូមិភាគឦសានទទួលបានសំណើគម្រោងវិនិយោគចំនួន ២១ ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារអាមេរិក។

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេសជាលើកទី ២ សម្រាប់គម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារអាមេរិកកាលពីចុងខែតុលានៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ១១ ក្នុងនោះរួមមានគម្រោងចំនួន ៤ នៅខេត្តក្រចេះ, ១ នៅខេត្តស្ទឹងត្រែង, ៤ នៅខេត្តរតនគិរី និង ២ នៅខេត្តមណ្ឌលគិរី ដែលគ្របដណ្តប់លើវិស័យនិងសកម្មភាពចម្រុះមានជាអាទិ៍ សកម្មភាពផលិតកម្ម និង ការកែច្នៃកសិកម្ម, ការដាំដុះ និង ការកែច្នៃដំណាំកសិ-ឧស្សាហកម្ម, ការសាងសង់សណ្ឋាគារ-រីសត, ការបង្កើតគ្រឹះស្ថានអប់រំ, ថែទាំសុខភាពឯកជន និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្នុងនោះគម្រោងសាងសង់កំពង់ផែពហុបំណង និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងអាជីវកម្មពាក់ព័ន្ធ ក្នុងខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៣៥០ លានដុល្លារអាមេរិក។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្តថា កំពង់ផែពហុបំណងនេះនឹងក្លាយជាកំពង់ផែពហុបំណងដំបូងរបស់ខេត្តផងនិងសម្រាប់ភូមិភាគឦសានផង ដែលនឹងដើរតួនាទីសំខាន់ក្នុងការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និង ប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលឡូជីស្ទីក សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងឧស្សាហកម្ម ក៏ដូចជាការតភ្ជាប់ជាមួយនឹងប្រព័ន្ធឡូជីស្ទីកនៃព្រែកជីកហ្វូណនតេជោនាពេលអនាគត។
បន្ថែមលើភាពចម្រុះនៃវិស័យវិនិយោគ, ភូមិភាគឦសានក៏ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនចម្រុះជាតិសាសន៍ផងដែរ។ ជាក់ស្តែង សម្រាប់សំណើលើកនេះ ក្រុមការងារបានទទួលសំណើពីវិនិយោគិនចិន ជប៉ុន វៀតណាម ក៏ដូចជាវិនិយោគិនក្នុងស្រុក ដែលមានទាំងវិនិយោគិនថ្មី និងវិនិយោគិនដែលមានស្រាប់ក្នុងតំបន់ ដែលមានចំណាប់អារម្មណ៍ក្នុងការពង្រីកវិសាលភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន បន្ទាប់ពីបានជ្រួតជ្រាបអំពីអត្ថប្រយោជន៍ពិសេសនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់លើអភិក្រមបុរេសកម្មរបស់ «ក.វ.ឦសាន» រួមទាំងអនុគណៈកម្មធិការវិនិយោគខេត្ត និងស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាននៃបណ្តាខេត្តទាំងបួនដែលមានភារកិច្ចសំខាន់ក្នុងការផ្សព្វផ្សាយអត្ថប្រយោជន៍ពិសេស របស់កម្មវិធីពិសេសនេះ ឱ្យបានទូលំទូលាយ និងជួយផ្តល់ការគាំទ្រ ការប្រឹក្សាយោបល់ និង ការសម្រួលនីតិវិធីជាអតិបរមា ប្រយោជន៍ដើម្បីបង្កើតបរិយាកាសកក់ក្តៅ ភាពទាក់ទាញនៃវិនិយោគ និង ការចូលរួមក្នុងបេសកកម្មរួម ក្នុងការជំរុញ និង ថែទាំវិនិយោគនៅភូមិភាគឦសាន ។
ជាមួយគ្នានេះ, លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារ និងអនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវចុះទៅកាន់ទីតាំងវិនិយោគជាប្រចាំ ទោះបីជាមានឬមិនមានសំណើគម្រោងវិនិយោគក្តី ដើម្បីជួបជាមួយវិនិយោគិន, ស្តាប់អំពីកង្វល់/បញ្ហាប្រឈម, និងស្វែងរកដំណោះស្រាយសមស្របសម្រាប់វិនិយោគិន ដូចអ្វីដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានក្រើនរំលឹកអំពីតួនាទីជា “អ្នកដោះស្រាយបញ្ហា” មិនមែនជា “អ្នកបង្កបញ្ហា”។

លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និងការគាំទ្រសកម្ម ដល់ ក.វ.ឦសាន ក្នុងការបំពេញតួនាទីជា “ច្រកចេញចូលតែមួយ” ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ក្នុងស្មារតី “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីផ្តល់ដំណោះស្រាយជាកញ្ចប់ ដល់វិនិយោគិន និងធានាឱ្យបានថា ក.វ.ឦសាន គឺជាដៃគូពិតប្រាកដរបស់វិស័យឯកជន ក្នុងការជំរុញការវិនិយោគក្នុងភូមិភាគឦសាន។
ដោយឡែក, នៅពេលដែលទទួលបានការលើកទឹកចិត្តពិសេសទាំងនេះ វិនិយោគិនឯកជន ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែងតាមផែនការដែលបានស្នើសុំ, ជាពិសេសត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និង ការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃដែលមានតម្លៃបន្ថែមកាន់តែប្រសើរ សម្រាប់សង្គម-សេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥, ក.វ.ឦសាន បានទទួលសំណើគម្រោងវិនិយោគចំនួន ២១ គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


