Connect with us

កីឡា

សារ៉េត គ្រីយ៉ា តែត​ចូល១គ្រាប់ ជួយ ​កម្ពុជា ស្មើ ហុងកុង ១-១ ខណៈ​វគ្គ​២​មាន​ឱកាស​ច្រើន

បានផុស

នៅ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ ១-១ ជា​មួយ​ម្ចាស់​ផ្ទះ ហុងកុង សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នៅ​វគ្គ​ទី១ ក្រុម​ហុងកុង បាន​ដាក់​សម្ពាធ​ខ្លាំង​មែន​ទែន​តាម​រយៈ​ការ​វាយ​លុក និង​គៀប​សង្កត់​លើ​កម្ពុជា​ ហើយ​ក៏​មាន​ឱកាស​ស៊ុត​ជា​ច្រើន​លើក។ ពួក​គេ​ដាក់​សម្ពាធ​ខ្លាំង​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​គ្រប់​គ្រង​បាល់​មិន​បាន​យូរ​ទេ។ ទី​បំផុត ពួក​គេ​​បំប៉ោង​សំណាញ់​ទី​របស់​កម្ពុជា​​នៅ​នាទី៣១ ដោយ​កីឡាករ Wong Wai ដើម្បី​មុខ ១-០។

ប៉ុន្តែ​ការ​នាំ​មុខ​របស់​ហុងកុង បាន​ត្រឹម​តែ ២ នាទី​ប៉ុណ្ណោះ ត្រូវ​បាន​កម្ពុជា រក​បាន​គ្រាប់​បាល់​តាម​ស្មើ ១-១ តាម​រយៈ​ការ​តែតចូល​របស់​ខ្សែ​ការពារ និង​ជា​ប្រធាន​ក្រុម សារ៉េត គ្រីយ៉ា នៅ​នាទី​៣៣ បន្ទាប់​ពី​ ញាណ សុស៊ីដាន លើក​បាល់ជ្រុង។ ការ​ប្រកួត​ចុង​វគ្គ​ទី១ ហុងកុង នៅ​តែ​បន្ត​ដាក់​សម្ពាធ ប៉ុន្តែ​មិន​អាច​រក​​គ្រាប់​បាល់​បាន​។

នៅ​វគ្គ​ទី២ ក្រុម​កម្ពុជា​ហាក់​កាន់​តែ​ល្អ​ប្រសើរ​ជាង​វគ្គ​ទី​១ ខណៈ​ម្ចាស់​ផ្ទះ ហុងកុង ហាក់​ដូច​ជា​ថម​ថយ​ក្នុង​ការ​សម្រុក​ខ្លាំង។ តាម​រយៈ​ការ​លេង​ការពារ និង​វាយ​បក​បាន​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​ទទួល​បាន​ឱកាស​ស៊ុតជា​ច្រើន​លើក​ពោល​គឺ​ហោច​ណាស់​ក៏ ៥ លើក​ដែរ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ សារ ទី និង Andres Neito មិន​អាច​ស៊ុត​ផុត​ដៃ​អ្នក​ចាំទី​របស់​ ហុងកុង​ឡើយ។

ជា​រួម​ក្រុម​ធ្វើ​បាន​ល្អ​នៅ​វគ្គ​ទី​២ ហើយ​មាន​ឱកាស​ច្រើន ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ ហុងកុង បន្ថែម​ទៀត​បាន។ សរុប​ទៅ​ កម្ពុជា មិន​ទាន់​អាច​យក​ឈ្នះ​លើ ហុងកុង​ បាន​ឡើយ​ក្នុង​ប្រវត្តិ​សាស្ត្រ ជួប​គ្នា ១១ លើក​ពោល​គឺ​ស្មើ ៣ លើក និង ចាញ់ ៨ លើក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម