Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងប្ដឹងទៅអន្តរជាតិចំពោះអំពើស្មោកគ្រោករបស់យោធាថៃរំលោភបូកលើយុវតីខ្មែរដែលវិលចូលប្រទេស

បានផុស

នៅ

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា អះអាងថា អគ្គស្នងការនគរបាលជាតិ និងអង្គការ សមាគមន៍នានានៅកម្ពុជា កំពុងសហការក្នុងការប្រមូលភស្តុតាង ដើម្បីប្ដឹងបកស្បែកមុខយោធាថៃលើឆាកអន្តរជាតិចំពោះទង្វើដ៏ស្មោកគ្រោករំលោភបំពានលើយុវតីខ្មែរម្នាក់ដែលត្រឡប់ពីប្រទេសថៃវិលមកស្រុកកំណើតវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាថៃយ៉ាងហោច៧នាក់បានរំលោភបំពានលើរាងកាយយុវតីម្នាក់វ័យ១៨ឆ្នាំ ក្នុងពេលដែលនាង និងមនុស្សប្រុសស្រីជាង​១០​នាក់ ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពីថៃ ចូលមកមាតុប្រទេសវិញតាមរថយន្ត មកដល់ចំណុចកៀកនឹងព្រំដែន​ខ្មែរ​-​ថៃ ទល់មុខនឹង​ស្រុក​កំ​រៀង ខេត្តបាត់ដំបងទៅហើយ​។ ក្នុងពេលធ្វើដំណើរតាមរថយន្ត នាយប់ថ្ងៃទី១៥ ខែវិច្ឆិក យោធាថៃ បានកាក់រថយន្ត ហើយធ្វើ​ទារុណកម្ម​ពលករ​ប្រុស​ៗ និង ប្លន់​យក​ទូរស័ព្ទ និង លុយកាក់​អស់​គ្មាន​សល់​ ទើបដោះលែងឱ្យបន្តដំណើរចូលមកកម្ពុជាវិញ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក។

តាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បន្ទាប់ពីរងការរំលោភបំពានពីសំណាក់យោធាថៃ  ក្មេងស្រីរងគ្រោះបានជួបបញ្ហាវិបត្តផ្លូវចិត្ត បាត់បង់ការចងចាំ រវើរវាយខ្លាំងណាស់  ប៉ុន្តែចូលមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា នេះ ស្ថានភាពសុខភាពរបស់យុវតីរងគ្រោះមានភាពល្អប្រសើរជាងមុន។

ប្រមុខមហាផ្ទៃកម្ពុជា បានស្នើទៅកាន់ពលករខ្មែរកំពុងបម្រើការងារនៅក្នុងប្រទេសថៃ ហើយមានបំណងវិលមកស្រុកកំណើតវិញនាពេលខាងមុខ ត្រូវប្រមូលផ្ដុំគ្នាលក្ខណៈជាក្រុមហើយកុំធ្វើដំណើរបែកពីគ្នា ជាពិសេសត្រូវផ្ដល់ដំណឹងមកកាន់ក្រុមគ្រួសារជាមុនឱ្យដឹងអំពីកាលបរិច្ឆេទជាក់លាក់ដែលវិលមកកម្ពុជាវិញ។ ក្នុងករណីជួបនូវហេតុការណ៍មិនល្អ ត្រូវដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋាន។

ជុំវិញទង្វើយោធាថៃយ៉ាងហោច៧នាក់ រំលោភបំពានរាងកាយយុវតីខ្មែរ ឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាក់អំពីការប្ដឹងទៅកាន់ស្ថាប័នសមត្ថកិច្ចអន្តរជាតិដូច្នេះ៖« យើងកំពុងតែរហ័សដៃរហ័សជើង ដើម្បីបង្ហាញលើឆាកអន្តរជាតិអំពីអំពើស្មោកគ្រោកមួយនេះ ដែលយើងមិនអាចទទួលយកបានក្នុងនាមប្រជាពលរដ្ឋដូចគ្នា។»។

ជាការកត់សម្គាល់នេះ សកម្មភាពយោធាថៃទាំងហ្វូងរំលោភបំពានយុវតីខ្មែរ បង្កជាការឈឺចាប់នេះ  មិនមែនជាលើកទីមួយឡើយដែលយោធាថៃ និយាយដោយឡែក និងនិយាយជារួមគឺជនជាតិថៃប្រមាថ រំលោភបំពាន ប្រើហិង្សា មកលើពលករខ្មែរនៅលើទឹកដីថៃ ទោះបីជានៅកម្ពុជាជនជាតិខ្មែរមិនបានធ្វើសកម្មភាពណាមួយដាក់ជនជាតិថៃក៏ដោយ។ តាមការកត់សម្គាល់ជនជាតិថៃ បានប្រើអំពើហិង្សាលើពលរដ្ឋខ្មែរជាច្រើនករណី បន្ទាប់ពីភាពតានតឹងតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរឡើងកម្ដៅខ្លាំងចាប់ពីចុងខែឧសភា ចំណែកយោធាថៃបាញ់កម្ទេចផ្ទះសម្បែងពលរដ្ឋស៊ីវិលក្នុងពេលជម្លោះប្រដាប់អាវុធរយ​ៈពេល៥ថ្ងៃកាលពីចុងខែកក្កដា និងនាពេលថ្មីៗនេះ យោធាថៃបានបាញ់សម្លាប់ពលរដ្ឋខ្មែរម្នាក់ឱ្យស្លាប់នៅនឹងកន្លែង និងបណ្ដាលឱ្យ៣នាក់ទៀតរងរបួសធ្ងន់។

ទង្វើប្រាសចាកពីសកម្មភាពមនុស្សធម៌នេះ ត្រូវបានអ្នកជំនាញ អ្នកតាមដាន ចាត់ទុកថាជាសកម្មភាពដែលយោធាថៃ និងជនជាតិថៃ ធ្វើឡើងក្នុងចេតនាញុះញង់ឱ្យថ្នាក់ដឹកនាំកម្ពុជាអស់ការអត់ធ្មត់ ឆ្លើយតបទៅភាគីថៃវិញដោយអាវុធ បង្កចេញជាសង្គ្រាមជាថ្មីម្ដងទៀត៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម