ព័ត៌មានអន្ដរជាតិ
ក្រោយជោគជ័យក្នុងជម្លោះ ថៃ-កម្ពុជា លោក អាន់វ៉ា បង្ហាញក្តីរីករាយទៅចូលរួមប្រជុំ G-20 ក្នុងនាមប្រធានអាស៊ាន
បន្ទាប់ពីសម្របសម្រួលដោយជោគជ័យក្នុងជម្លោះព្រំដែនរវាងថៃនិងកម្ពុជា ដោយមានការគាំទ្រផ្នែកនយោបាយ និងសម្ពាធសេដ្ឋកិច្ចពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូម៉ាឡេស៊ី ទៅចូលរួមប្រជុំកំពូល G-20 នៅអាហ្វ្រិកខាងត្បូង ក្នុងនាមជាប្រធានអាស៊ាន។

ក្នុងនាមប្រធានប្តូរវេននៃសមាគមអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវបានគេមើលឃើញថា ជាតួអង្គដ៏សំខាន់ក្នុងការសម្របសម្រួលបញ្ចប់ជម្លោះរវាងប្រទេសថៃនិងកម្ពុជា ចាប់តាំងពីថ្ងៃផ្ទុះអាវុធនៅថ្ងៃទី២៤ខែកក្កដា ដោយមានការជ្រុមជ្រែងដាក់សម្ពាធដល់ភាគីជម្លោះពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើឲ្យលោកបានប្រឹងប្រែងសម្របសម្រួលឲ្យមានបទឈប់បាញ់ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៨ខែកក្កដា។
នៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់ លោក អាន់វ៉ា ត្រូវបានគេមើលឃើញថា ជាអ្នកតាមដានដ៏ស្អិតលើការអនុវត្តបទឈប់បាញ់ដែលមានភាពផុយស្រួយបំផុត រហូតដល់ការចរចាឈានទៅកំណត់ពេលវេលាចុះកិច្ចព្រមព្រៀងសន្តិភាព នៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ ដែលជាការឆ្លើយតបទៅនឹងការចង់បានរបស់រដ្ឋបាលសហរដ្ឋអាមេរិក ដឹកនាំដោយប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវបានគេប្រសិទ្ធនាមថា «ប្រធានាធិបតីសន្តិភាព»។
ក្នុងការចេញដំណើរទៅកាន់អាហ្វ្រិកខាងត្បូងនៅថ្ងៃទី១៨ខែវិច្ឆិកានេះ លោក អាន់វ៉ា បានដឹកនាំគណៈប្រតិភូម៉ាឡេស៊ី ចាកចេញទៅមុន ដោយបំណងឈប់សំចតតាមផ្លូវដើម្បីរៀបចំជំនួបទ្វេភាគី មុនទៅដល់ទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែលរៀបចំកិច្ចប្រជុំកំពូលនៃប្រទេសរីកលួតលាស់សេដ្ឋកិច្ច ហៅកាត់ថា G-20 នៅថ្ងៃទី២២និង២៣ខែវិច្ឆិកានេះ។

ក្នុងដំណើរទៅកាន់អាហ្វ្រិកខាងត្បូងនេះ ទីក្រុងដែលគណៈប្រតិភូដឹកនាំដោយ លោក អាន់វ៉ា នឹងត្រូវចុះសំចតនិងធ្វើសវនាការ គឺទីក្រុង Addis Ababa នៃសាធារណៈរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី ដើម្បីរៀបចំជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី Abiy Ahmed Ali។ ក្រៅពីនោះ ក៏មានរៀបចំជំនួបជាមួយអ្នកដឹកនាំធុរកិច្ចនិងឧស្សាហកម្ម និងអ្នកដឹកនាំគណៈសាសនាអ៊ីស្លាមនៅទីនោះផងដែរ។
លោក ក៏នឹងជួបដាច់ដោយឡែក ជាមួយប្រធានាធិបតី អាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa អំឡុងពេលនៃកិច្ចប្រជុំ G-20 នៅអាហ្វ្រិកខាងត្បូង ហើយ ក្រោយកិច្ចប្រជុំនោះចប់ លោក ក៏នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសកែនយ៉ា ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី William Ruto ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។
មុនពេលចេញដំណើរ លោកអាន់វ៉ា បានបង្ហោះសារលើបណ្តាញសង្គមថា៖«ម៉ាឡេស៊ីនឹងបន្តលើកតម្កើងសារៈសំខាន់ និងសំឡេងរបស់ប្រទេស ក្រៅពីស្វែងរកការពង្រឹងពហុភាគីនិយម ពង្រីកការវិនិយោគ និងឱកាសសេដ្ឋកិច្ច ព្រមទាំងពង្រឹងសិល្បៈការទូត និងទំនាក់ទំនងអន្តរជាតិរបស់ប្រទេស»។
លោក បានសរសេរចុងក្រោយថា៖«សូមបួងសួងសម្រាប់មិត្តទាំងអស់ សូមឲ្យកិច្ចការរបស់ខ្ញុំ និងគណៈប្រតិភូម៉ាឡេស៊ី ប្រព្រឹត្តទៅដោយរលូន និងនាំមកនូវផលប្រយោជន៏ល្អៗ និងបានវិលមកប្រទេសវិញ»៕
រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


