ព័ត៌មានអន្ដរជាតិ
ជប៉ុនត្រៀមដាក់ពង្រាយមីស៊ីលក្បែរកោះតៃវ៉ាន់ ខណៈកំពុងមានភាពតានតឹងខ្លាំងជាមួយចិន
យោងតាម Bloomberg រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ជប៉ុនបានថ្លែងកាលពីថ្ងៃអាទិត្យទី២៣ខែវិច្ឆិកាឆ្នាំ២០២៥ថា ផែនការដាក់ពង្រាយមីស៊ីលបាញ់ចេញពីដីទៅអាកាស នៅមូលដ្ឋានក្បែរកោះតៃវ៉ាន់ នឹងបន្តទៅមុខ ដោយច្រានចោលការព្រួយបារម្ភថា សកម្មភាពនេះអាចបង្កឲ្យភាពតានតឹងជាមួយចិនកើនឡើង។

លោក Shinjiro Koizumi ក្នុងដំណើរទស្សនកិច្ចមូលដ្ឋានកងកម្លាំងស្វ័យការពារជើងគោក នៅលើកោះយ៉ូណាហ្គូនី (Yonaguni) បានប្រកាសថា ការដាក់ពង្រាយនេះនឹងជួយពង្រឹងការទប់ស្កាត់ ខណៈដែលហានិភ័យសន្តិសុខក្នុងតំបន់កំពុងកើនឡើង។ លោកបានប្រាប់អ្នកយកព័ត៌មានថា «ទស្សនៈដែលថា វានឹងបង្កើនភាពតានតឹងក្នុងតំបន់ គឺមិនត្រឹមត្រូវទេ»។
ទីក្រុងតូក្យូបានពិចារណាដាក់មីស៊ីល Type 03 Chu-SAM នៅលើកោះយ៉ូណាហ្គូនី តាំងពីដើមឆ្នាំ២០២៤មកម្ល៉េះ។ លោក Koizumi បានបញ្ជាក់ថា ក្រសួងនៅតែស្ថិតក្នុងដំណាក់កាលបញ្ចប់ផែនការ ហើយនឹងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាននៅពេលរួចរាល់។
លោក Koizumi ក៏បានទៅទស្សនាមូលដ្ឋាននៅទីក្រុង Ishigaki និង Miyako ដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់មីស៊ីលប្រឆាំងនាវា ការឃ្លាំមើលតាមអាកាស និងសង្គ្រាមអេឡិចត្រូនិចផងដែរ។ កងទ័ពអាមេរិកថ្មីៗនេះ បានធ្វើសមយុទ្ធភស្តុភារ ដើម្បីក្លែងធ្វើការផ្គត់ផ្គង់កោះយ៉ូណាហ្គូនីក្នុងអំឡុងពេលមានវិបត្តិ។
លោក Koizumi បានលើកឡើងទៀតថា ជប៉ុនកំពុងប្រឈមមុខនឹង «បរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរបំផុត និងស្មុគស្មាញបំផុតចាប់តាំងពីចប់សង្គ្រាមលោកលើកទីពីរមក» ដោយបន្ថែមថា កងកម្លាំងស្វ័យការពារកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកកាន់តែជិតស្និទ្ធ គឺជារឿងសំខាន់បំផុត។

ក្រសួងការបរទេសចិនមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។ ក្រសួងការពារជាតិតៃវ៉ាន់ក៏មិនបានឆ្លើយតបដែរ។
ការដាក់ពង្រាយដែលបានគ្រោងទុកនេះ ស្ថិតចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃការបង្កើនកម្លាំងយោធាទូលំទូលាយរបស់ជប៉ុននៅទូទាំងខ្សែសង្វាក់កោះភាគខាងត្បូង ដោយសារការព្រួយបារម្ភលើការពង្រីកអំណាចយោធារបស់ចិន និងហានិភ័យនៃជម្លោះតៃវ៉ាន់។ សមយុទ្ធមីស៊ីលរបស់ចិន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ ក្នុងឆ្នាំ២០២២ គឺបានបណ្តាលឲ្យមីស៊ីលផ្លោងធ្លាក់នៅភាគខាងត្បូងនៃកោះយ៉ូណាហ្គូនីរបស់ជប៉ុន។
សូមជម្រាបថា ភាពតានតឹងបានកើនឡើងនៅក្នុងខែវិច្ឆិកានេះ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានលើកឡើងថា ប្រទេសជប៉ុនអាចនឹងសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត បើចិនវាយប្រហារតៃវ៉ាន់ ដែលបណ្តាលឲ្យមានការសងសឹកផ្នែកសេដ្ឋកិច្ច និងការរិះគន់យ៉ាងខ្លាំងពីទីក្រុងប៉េកាំង។ ទីក្រុងតូក្យូបាននិយាយថា ការចោទប្រកាន់របស់ចិនដែលថា ជប៉ុនបានផ្លាស់ប្តូរគោលនយោបាយគឺ «មិនមានមូលដ្ឋានទាល់តែសោះ»៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


