Connect with us

ព័ត៌មានអន្ដរជាតិ

ចិនចោទប្រកាន់ជប៉ុនថាបង្កើនភាពតានតឹង ជាមួយនឹងផែនការដាក់មីស៊ីលនៅក្បែរតៃវ៉ាន់

បានផុស

នៅ

ចិនបានចោទប្រកាន់ជប៉ុនថា មានចេតនាបង្កើនភាពតានតឹងក្នុងតំបន់ បន្ទាប់ពីទីក្រុងតូក្យូបាននិយាយថា ខ្លួននឹងបន្តផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសនៅលើកោះយ៉ូណាហ្គូនី (Yonaguni) ដែលជាកោះមួយស្ថិតនៅចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់។

លោកស្រី ម៉ៅ នីង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​រ៉យទ័រ​ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) កាល​ពី​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ បាននិយាយថា វិធានការនេះមានបំណង«បង្កភាពតានតឹងក្នុងតំបន់ និងញុះញង់​ឲ្យ​មានការប្រឈមមុខដាក់គ្នាផ្នែកយោធា» ដោយព្រមានថា «កម្លាំងស្តាំនិយមនៅជប៉ុន កំពុងដឹកនាំជប៉ុន និងតំបន់ទៅរកគ្រោះមហន្តរាយ»។ លោកស្រីបានបន្ថែមថា ទីក្រុងប៉េកាំងមាន«ការតាំងចិត្ត និងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន»។

ការរិះគន់នេះ គឺជាការផ្ទុះឡើងចុងក្រោយនៅក្នុងជម្លោះការទូតដ៏តានតឹងបំផុតរបស់ប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលបង្កឡើងដោយការអត្ថាធិប្បាយថ្មីៗរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊ី តាកាអ៊ីជី (Sanae Takaichi) ដែលថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចជំរុញ​ឲ្យ​មានការឆ្លើយតបផ្នែកយោធាពីសំណាក់ជប៉ុន។ ចិនបានសងសឹកវិញ តាមរយៈការអត្ថាធិប្បាយវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការហាមឃាត់គ្រឿងសមុទ្រជប៉ុន ការផ្អាកការចាក់បញ្ចាំងភាពយន្តជប៉ុន និងការព្រមានពីការធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្សូមី (Shinjiro Koizumi) បាននិយាយកាលពីថ្ងៃអាទិត្យថា ផែនការដាក់ពង្រាយនេះ «កំពុងដំណើរការទៅមុខជាលំដាប់» ដែលជាផ្នែកមួយនៃការធ្វើទំនើបកម្មយោធាដ៏ទូលំទូលាយនៅទូទាំងខ្សែសង្វាក់កោះភាគនិរតីរបស់ជប៉ុន។ ទីក្រុងតូក្យូអះអាងថា អង្គភាពនេះគឺចាំបាច់ដើម្បីការពារកោះយ៉ូណាហ្គូនី និងអាចជួយទប់ស្កាត់ជម្លោះបាន។

នៅទីក្រុងតៃប៉ិ អនុរដ្ឋមន្ត្រីការបរទេស លោក ហ្វ្រង់ស័រ វូ (Francois Wu) បានលើក​ឡើង​ថា ជប៉ុនក្នុងនាមជារដ្ឋអធិបតេយ្យ មានសិទ្ធិពង្រឹងវិស័យការពារជាតិរបស់ខ្លួន ហើយថា ទីតាំងយោធាជប៉ុនដែលកាន់តែរឹងមាំនៅក្បែរកោះតៃវ៉ាន់ គឺ«មានប្រយោជន៍ដល់ការរក្សាសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់»។

ទីក្រុងប៉េកាំង ដែលទាមទារថាកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបង្កើនសារផ្នែកយោធានៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក្រសួងការពារជាតិចិនបានព្រមានកាលពីពាក់កណ្តាលខែវិច្ឆិកាថា ជប៉ុននឹងប្រឈមមុខនឹងបរាជ័យ «យ៉ាងធ្ងន់ធ្ងរ» ប្រសិនបើខ្លួនលូកដៃក្នុងជម្លោះកោះតៃវ៉ាន់។ ចាប់តាំងពីពេលនោះមក ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិន (PLA) ជាច្រើនបានបញ្ចេញវីដេអូចម្រៀងជាតិនិយមដែលបង្ហាញពីមីស៊ីល នាវាចម្បាំង និងកងទ័ពត្រៀមប្រយុទ្ធ រួមទាំងវីដេអូមួយរបស់កងកម្លាំងគ្រាប់រ៉ុក្កែតដែលបង្ហាញពីមីស៊ីលផ្លោងអន្តរទ្វីប និងដាក់ចំណងជើងថា «បើថ្ងៃនេះសង្គ្រាមផ្ទុះឡើង នេះជាការឆ្លើយតបរបស់ខ្ញុំ»៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម