Connect with us

ព័ត៌មានអន្ដរជាតិ

លោករូតេ៖ រុស្ស៊ីគ្មានសិទ្ធិលូកមាត់​រឿង​អ៊ុយក្រែនចូលជាសមាជិក​ណាតូឡើយ

បានផុស

នៅ

អគ្គលេខាធិការ​អង្គការ​ណាតូ លោក ម៉ាក រូតេ បាននិយាយថា ប្រទេសរុស្ស៊ីគ្មានសិទ្ធិអំណាចក្នុងការរារាំងផ្លូវរបស់អ៊ុយក្រែនឆ្ពោះទៅរកការចូលជាសមាជិកសម្ព័ន្ធភាពនោះទេ ដោយសង្កត់ធ្ងន់ថា ការសម្រេចចិត្តចូលជាសមាជិកគឺអាស្រ័យលើការយល់ព្រមជាឯកច្ឆន្ទពីបណ្តារដ្ឋជាសមាជិក​ណាតូ​តែ​ប៉ុណ្ណោះ។ សម្តីរបស់លោកធ្វើឡើងក្នុងបទសម្ភាសន៍មួយជាមួយកាសែត El Pais។

លោក ម៉ាក រូតេ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករូតេ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ទី​២៦​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ថា «រុស្ស៊ីគ្មានសិទ្ធិបោះឆ្នោត ឬសិទ្ធិវេតូលើអ្នកណាដែលនឹងក្លាយជាសមាជិក​ណាតូ​នោះឡើយ» ខណៈពេលដែលលោកបានកត់សម្គាល់ថា សម្ព័ន្ធមិត្តមួយចំនួន រួមទាំងសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងជំទាស់នឹងការចូលជាសមាជិករបស់អ៊ុយក្រែន ទោះបីជា​ណាតូ​បានប្រកាស​ហើយ​ថា ទីក្រុងកៀវ​កំពុងស្ថិតនៅលើ«ផ្លូវដែលមិនអាច​បក​ក្រោយ​វិញបាន» ឆ្ពោះទៅរកការចូលជាសមាជិកក៏ដោយ។

លោករូតេ បាន​បញ្ជាក់​ថា ផែនការសន្តិភាពដែលដឹកនាំដោយ​អាមេរិក ទាមទារ​ឲ្យ​មាន​ការធានាសន្តិសុខខ្លាំងក្លាសម្រាប់អ៊ុយក្រែន បើការចូលជាសមាជិក​ណាតូ​មិនអាចធ្វើទៅបានភ្លាមៗ។ លោកបានបន្ថែម​ថា កិច្ចចរចាកំពុងផ្តោតលើការរក្សាភាពរឹងមាំផ្នែកយោធារបស់អ៊ុយក្រែន ការរួមចំណែកដោយ«សម្ព័ន្ធយោធាសុច្ឆន្ទៈ coalition of the willing» និងតួនាទីរបស់​ទីក្រុងវ៉ាស៊ីនតោន។

ប្រមុខ​ណាតូ បានបន្ត​ទៀត​ថា អ៊ុយក្រែនអាចចូលរួមក្នុងសម្ព័ន្ធភាពនាពេលអនាគតក្រោមសន្ធិសញ្ញាវ៉ាស៊ីនតោនឆ្នាំ១៩៤៩ ប៉ុន្តែត្រូវ​មាន​ការគាំទ្រជាឯកច្ឆន្ទ។ លោកបានព្រមានថា រុស្ស៊ីនៅតែជាការគំរាមកំហែងរយៈពេលវែងដល់ទ្វីបអឺរ៉ុប ដោយនិយាយថា ថ្នាក់ដឹកនាំទីក្រុងមូស្គូបានបង្ហាញពីឆន្ទៈក្នុងការលះបង់«ប្រជាជនខ្លួនឯងមួយលាននាក់» សម្រាប់គោលដៅសង្រ្គាមរបស់ខ្លួន។

មតិយោបល់របស់លោក ធ្វើឡើងស្របពេលដែលព័ត៌មានលម្អិតបានលេចចេញពីកិច្ចពិគ្រោះយោបល់របស់សហរដ្ឋអាមេរិកជាមួយរុស្ស៊ីលើសំណើសន្តិភាពថ្មីមួយ។ យោងតាម Axios សេចក្តីព្រាងមួយដែលមាន២៨ចំណុច ហើយក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម១៩ចំណុច បន្ទាប់ពីកិច្ចចរចានៅទីក្រុងហ្សឺណែវ បានរួមបញ្ចូលការរំពឹងទុកដែលថា អ៊ុយក្រែននឹងបោះបង់ចោលទឹកដីដុនបាស់មួយចំនួន កាត់បន្ថយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងបោះបង់ចោលអាវុធមួយចំនួន ជាថ្នូរនឹងការធានាសន្តិសុខរបស់​អាមេរិកសម្រាប់ទីក្រុងកៀវ និងទ្វីបអឺរ៉ុប។

អ្នកចរចាអ៊ុយក្រែន និងអាមេរិកនៅទីក្រុងហ្សឺណែវ បានយល់ព្រមបន្តធ្វើការលើក្របខ័ណ្ឌរួមមួយដែលគោរពអធិបតេយ្យភាពរបស់អ៊ុយក្រែន និងធានា«សន្តិភាពប្រកបដោយចីរភាព និងយុត្តិធម៌»។ មន្ត្រីអ៊ុយក្រែននិយាយថា បញ្ហាដែលនៅសេសសល់ទាក់ទងនឹងសហភាពអឺរ៉ុប (EU) និង​ណាតូ នឹងត្រូវបានដោះស្រាយតាមរយៈ​ការទូតដាច់ដោយឡែក​មួយ៕

(រូបថត៖ Axios)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម