ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ៖ គិលានុបដ្ឋាក ជាស្ថាបត្យករថែទាំដ៏សំខាន់ក្នុងវិស័យសុខាភិបាល
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា គិលានុបដ្ឋាក ជាស្ថាបត្យករថែទាំដ៏សំខាន់នៅក្នុងវិស័យសុខាភិបាល និងប្រៀបបានដូចជាម្តាយនៅក្នុងគ្រួសារដែលផ្តល់ការថែទាំយ៉ាងកក់ក្តៅដល់កូនៗ របស់ខ្លួន។

ថ្លែងបើកសន្និបាតរបស់សមាគមគិលានុបដ្ឋាកកម្ពុជា ឆ្នាំ ២០២៥ ក្រោមប្រធានបទ ៖ «សុវត្ថិភាពទាំងអស់គ្នា ៖ លើកកម្ពស់សុខុមាលភាពគិលានុបដ្ឋាក ធានាបាននូវសុវត្ថិភាពអ្នកជំងឺ» កាលពីព្រឹកថ្ងៃទី ៦ ធ្នូ នេះ លោករដ្ឋមន្ត្រី បានបន្តថា គិលានុបដ្ឋាកជាអ្នកជួយអ្នកជំងឺដំបូងគេ ជាអ្នកទំនាក់ទំនងជាមួយគ្រប់សហភាតរៈ ក្នុងការថែទាំអ្នកជំងឺឱ្យមានប្រសិទ្ធភាព ផ្តល់ការប្រឹក្សាជាមួយអ្នកជំងឺ និងក្រុមគ្រួសារតាំងពីចូលដំបូង រហូតដល់ចេញពីមន្ទីរពេទ្យ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា លើសពីនេះទៀត គិលានុបដ្ឋាក ជាភ្នាក់ងារសម្របសម្រួលក្នុងសេវាសុខាភិបាលឱ្យមានសុជីវភាពខ្ពស់ និងដើរតួជាជនគំរូឥរិយាបថ ទាំងកាយវិការ និងពាក្យសំដី ដើម្បីបម្រើសេវាប្រកបគុណភាពជូនអ្នកជំងឺ។ ព្រោះសុខុមាលភាព នៃអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងសុវត្ថិភាពអ្នកជំងឺ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ទាំងពីរគឺអាស្រ័យគ្នាទៅវិញទៅមកជាចាំបាច់។

លោករដ្ឋមន្ត្រី បានណែនាំដល់គិលានុបដ្ឋាក ត្រូវថែទាំសុខភាពរបស់ខ្លួនឯងឱ្យបានល្អ ដើម្បីមានកម្លាំង និងថាមពលគ្រប់គ្រាន់ ក្នុងការបម្រើសេវាជូនអ្នកជំងឺ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។ ដោយសារតួនាទី គិលានុបដ្ឋាក រួមចំណែកជ្រោមជ្រែងការអភិវឌ្ឍវិស័យអាទិភាពក្រសួងសុខាភិបាល ដោយផ្តោតយ៉ាងហ្មត់ចត់លើសុវត្ថិភាពអ្នកជំងឺ និងការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកផ្តល់សេវាសុខាភិបាល។
លោករដ្ឋមន្ត្រី បានបន្ថែមថា ដូចនេះ ការអភិវឌ្ឍសមត្ថភាពរបស់គិលានុបដ្ឋាក គិលានុបដ្ឋាយិកាទាំងអស់ នឹងធ្វើឱ្យការបម្រើសេវាថែទាំអ្នកជំងឺ បានត្រឹមត្រូវតាមបច្ចេកទេស គុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ និងស្របតាមក្របខណ្ឌវិជ្ជាជីវៈថែទាំ។ វិជ្ជាជីវៈថែទាំ ជាវិជ្ជាជីវៈមួយ ដើរតួនាទីជួរមុខយ៉ាងសំខាន់ ជាបេះដូងដើរយ៉ាងសកម្ម ឆ្ពោះទៅមុខជានិច្ច ដូចជា បេះដូង នៃប្រព័ន្ធសុខាភិបាល។ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គិលានុបដ្ឋាក ចូលរួមក្នុងការពង្រឹងសមត្ថភាពបន្ថែមទៀត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


