Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់៖ បុគ្គលិកសុខាភិបាល ត្រូវខិតខំបម្រើសេវាប្រកបដោយសមធម៌ ទាំងប្រជាជនកម្ពុជា និងជនបរទេស

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានណែនាំដល់មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវខិតខំបម្រើសេវាប្រកបដោយសមធម៌ មិនឱ្យនរណាម្នាក់មិនទទួលបានការថែទាំ ព្យាបាលនោះទេ (No one left behind) ទាំងប្រជាជនកម្ពុជា និងជនបរទេសដែលមានធុរៈសុខភាពនៅក្នុងទឹកដីកម្ពុជា ហើយស្ថានទូតសូមសម្របសម្រួលកិច្ចការនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញចុះអភិបាលកិច្ច និងត្រួតពិនិត្យការងារជាក់ស្តែងនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ នាឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានពាំនាំនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលផ្តោតលើចំណុចគន្លឹះចំនួន ដូចជា ការលើកទឹកចិត្តមន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យទាំងអស់ ឱ្យយកទឹកចិត្តទុកដាក់ និងមានក្រមសីលធម៌។

ក្នុងនោះលោកស្រី បានជំរុញឱ្យមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែងបម្រើសេវាពិនិត្យ និងព្យាបាលឱ្យកាន់តែប្រសើរ។ ទោះបីស្ថិតក្នុងស្ថានភាពមមាញឹក ឬមានអ្នកជំងឺច្រើនកុះករយ៉ាងណាក៏ដោយ បុគ្គលិកត្រូវរក្សាទឹកមុខញញឹមរាក់ទាក់ជានិច្ច ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងផ្នែកប្រពោធនកម្ម (ICU) ។ លើសពីនេះ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបម្រើសេវាដោយសមធម៌ និងមិនរើសអើង គោលការណ៍ “សមធម៌” ត្រូវតែអនុវត្តយ៉ាងម៉ឹងម៉ាត់ ដោយបម្រើសេវាជូនអ្នកជំងឺគ្រប់រូបដោយស្មើភាព មិនថាជាអ្នកជំងឺបង់ថ្លៃដោយខ្លួនឯង អ្នកជំងឺមានប័ណ្ណ ប.ស.ស ឬប័ណ្ណក្រីក្រ (មូលនិធិសមធម៌)។ ចំពោះអ្នកជំងឺដែលខ្វះលទ្ធភាព និងមិនទាន់មានប័ណ្ណក្រីក្រ ត្រូវពិចារណាលើកលែងការបង់ថ្លៃ។

សម្រាប់ជនបរទេស ដែលមកធ្វើធុរកិច្ចនៅកម្ពុជា ជាទេសចរណ៍ ធ្វើការងាររយៈពេលខ្លី មធ្យម ឬវែង ត្រូវលើកទឹកចិត្តឱ្យជនបរទេសដែលរស់នៅ ធ្វើការ ឬទេសចរណ៍ក្នុងប្រទេសកម្ពុជា មានការធានារ៉ាប់រងសុខភាពគ្រប់កម្រិត ដើម្បីធានាដល់ការថែទាំ និងគ្រប់គ្រងហានិភ័យសុខភាពដែលអាចកើតឡើងជាយថាហេតុ។ ក្នុងករណីអ្នកជំងឺបរទេសខ្វះការគាំទ្រពីគ្រួសារ មន្ទីរពេទ្យត្រូវទទួលបន្ទុកមើលថែ និងព្យាបាលឱ្យអស់ពីលទ្ធភាព រហូតដល់ដំណាក់កាលចុងក្រោយ។ ត្រូវមានកិច្ចសហការជិតស្និទ្ធជាមួយស្ថានទូត ដោយមន្ទីរពេទ្យត្រូវបន្តសហការជាមួយស្ថានទូតនានា ក្នុងការទំនាក់ទំនងជាមួយក្រុមគ្រួសារអ្នកជំងឺបរទេស ជាពិសេសករណីសង្គ្រោះបន្ទាន់។

ដើម្បីពង្រឹងការគ្រប់គ្រង និងការទំនាក់ទំនង មន្ដ្រីរាជការ និងបុគ្គលិក ត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈម ហើយត្រូវធានាថា ការវាយតម្លៃស្ថានភាពអ្នកជំងឺ និងការផ្តល់ព័ត៌មានមានភាពច្បាស់លាស់ និងត្រឹមត្រូវតាមជាក់ស្តែងហើយចៀសវាងការខ្វះចន្លោះជាយថាហេតុណាមួយ ឬការទំនាក់ទំនងមិនច្បាស់ ដែលអាចបណ្ដាលឱ្យមានការយល់ច្រឡំ និងការសន្និដ្ឋានមួយមិនជាក់ស្ដែងទៅតាមស្ថានភាព និងរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម។

ក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅផ្នែកសំខាន់ៗ រួមមាន ផ្នែកទទួលជំងឺដំបូង (Emergency ) ផ្នែកប្រពោធនកម្មវេជ្ជសាស្ត្រ (ICU) ផ្នែកវះកាត់ទូទៅ និងផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ (OPD) ។ ព្រមទាំងបានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ចំពោះការលះបង់កន្លងមក និងបានជំរុញឱ្យគណៈកម្មការមន្ទីរពេទ្យបន្តផ្សព្វផ្សាយ ដល់គ្រប់ផ្នែកទាំងអស់ អនុវត្តតាមការណែនាំនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម