Connect with us

ព័ត៌មានជាតិ

ប្រមុខមហាផ្ទៃបញ្ជាឱ្យដាក់កម្លាំងការពារផ្ទះ និងទ្រព្យពលរដ្ឋភៀសសឹកពីការលួច បំផ្លាញពីសំណាក់ជនខិលខូច​

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្ដមសេនីយ៍ ស សុខា  បញ្ជាឱ្យអភិបាលខេត្តជាប់ព្រំដែនត្រូវដាក់កម្លាំង ការពារសន្តិសុខ និងសុវត្ថិភាពនៅតាមទីជំរុំសុវត្ថិភាព ការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិពលរដ្ឋភៀសសឹកពីការលួចគាស់ និងការបំផ្លិចបំផ្លាញពីសំណាក់ជនខិលខូច។ លោកបញ្ជាដូច្នេះ តាមរយៈលិខិតចុះថ្ងៃទី៩ ខែធ្នូ ទៅកាន់អភិបាលខេត្តជាប់ព្រំដែនប្រទេសថៃ ចំពោះមុខសភាពការណ៍ឈ្លានពានពីសំណាក់យោធាថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា ក៏បានណែនាំឱ្យអភិិបាលខេត្តជាប់ព្រំដែនថៃ ត្រូវចាត់ចែង និងផ្តល់ជូនជនភៀសសឹកនូវគ្រឿងឧបភោគបរិភាគ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី រៀបចំជម្រកឬតង់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងតម្រូវការចាំបាច់ផ្សេងទៀតឱ្យ បានសមស្រប។

រដ្ឋមន្ត្រីមហាផ្ទៃ ក៏ណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនស្វែងរកជំនួយជាស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជំនួយ និងសេវាសង្គមចាំបាច់ពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ពីសប្បុរសជននានា ដើម្បីជូនប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅតាមទីជម្រកសុវត្ថិភាព។

លោក ស សុខា ក៏បានបញ្ជាឱ្យរៀបចំក្រុមការងារមួយទៀត មានភារកិច្ចកត់ត្រា និងចងក្រងភស្តុតាងកើតចេញពីការវាយប្រហារ និងការឈ្លានពានរបស់កងទ័ពថៃរួមមានអ្នករងរបួស និងអ្នកស្លាប់បាត់បង់អាយុជីវិតជនស៊ីវិល ការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិផ្សេងទៀត ដោយត្រូវភ្ជាប់មកជាមួយនូវរូបថត វីដេអូ ទីតាំងនិយាមកាជាក់លាក់ និងភស្តុតាងប្រសិនបើមាន។

គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី៩ ខែធ្នូ ពលរដ្ឋកម្ពុជាស្លូតត្រង់ប្រមាណ៥ម៉ឺន៥ពាន់ត្រូវរត់ភៀសសឹកទៅកាន់ទីតាំងសុវត្ថិភាព ព្រោះទង្វើដ៏សាហាវឃោរឃៅរបស់យោធាថៃដែលឈ្លានពាន បាញ់ប្រហារមិនរើសទីតាំងឡើយ។នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម