ព័ត៌មានជាតិ
អង្គការ UNFPA ផ្តល់កញ្ចប់សម្ភារបរិក្ខារពេទ្យជួយសង្គ្រោះដល់ស្ត្រី មាតា និងទារករងប៉ះពាល់ដោយសារជម្លោះតាមព្រំដែន
អង្គការ UNFPAបានផ្តល់កញ្ចប់សម្ភារបរិក្ខារពេទ្យចំនួន៧០កញ្ចប់ ដល់ក្រសួងសុខាភិបាលដើម្បីយកទៅជួយសង្គ្រោះដល់ស្ត្រី មាតា និងទារកដែលរងប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែនដែលបង្កឡើងដោយភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។

ថ្លែងក្នុងពិធីប្រគល់-ទទួលកញ្ចប់សម្ភារបរិក្ខារពេទ្យ ដើម្បីសង្គ្រោះជីវិតទាក់ទងនឹងសុខភាពបន្តពូជសម្រាប់សហគមន៍នៅតាមព្រំដែនកាលពីថ្ងៃទី១២មករា នៅទីស្តីការក្រសួង លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ទោះបីជាបទឈប់បាញ់ត្រូវបានសម្រេចក៏ដោយ ប៉ុន្តែផលប៉ះពាល់ផ្នែកសុខភាពនៅតែបន្តកើតមាន។លោករដ្ឋមន្ត្រីបន្តថា កញ្ចប់សម្ភារទាំង ៧០ ដែលរួមមានឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះជីវិត និងឱសថសំខាន់ៗ នឹងត្រូវដាក់ពង្រាយដើម្បីធានានិរន្តរភាពនៃសេវាថែទាំមាតា និងទារក ការពារហានិភ័យនៃការស្លាប់របស់មាតា និងឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋដែលភៀសខ្លួន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជំនួយនាថ្ងៃនេះ គឺស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ ឆ្លើយតបទៅនឹងសសរស្តម្ភគន្លឹះទាំង៤ រួមមាន ការពង្រឹងសុខភាពមាតា និងទារក ការបង្កើនភាពធន់នៃប្រព័ន្ធសុខាភិបាល ការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល និងការលើកកម្ពស់អភិបាលកិច្ច និងការសម្របសម្រួល។ ភាពជាដៃគូយូរអង្វែង ការគាំទ្រនេះមិនត្រឹមតែបង្ហាញពីសមត្ថភាពឆ្លើយតបសង្គ្រោះបន្ទាន់របស់ UNFPA ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការជាង ៣ទសវត្សរ៍កន្លងមក។

លោករដ្ឋមន្ត្រីបានប្តេជ្ញា និងធានាអះអាងថា នឹងធ្វើការបែងចែកសម្ភារទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ទៅកាន់មូលដ្ឋានសុខាភិបាល និងសហគមន៍ដែលកំពុងត្រូវការចាំបាច់ ដើម្បីកសាងប្រព័ន្ធសុខាភិបាលកម្ពុជាមួយដ៏រឹងមាំ អាចការពារគ្រប់ជីវិតប្រជាជនក្នុងគ្រប់កាលៈទេសៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ពិសេសមិនបោះបង់នរណាម្នាក់ចោលដោយមិនទទួលបានការថែទាំនោះទេ ពោលគឺក្រសួងសុខាភិបាលផ្តល់អាទិភាពខ្ពស់ ក្នុងការធានាថា សេវាសុខភាពបន្តដំណើរការជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNFPA ដែលបានផ្តល់ការគាំទ្រទាន់ពេលវេលា និងប្រកបដោយតម្លៃមិនអាចកាត់ថ្លៃបាន ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់ស្ត្រី មាតា និងទារក ដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន។

លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA ប្រចាំកម្ពុជាក៏បានថ្លែងអំណរគុណចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការបញ្ជូនក្រុមសុខភាពចល័តពីមន្ទីរពេទ្យជាតិ ទៅកាន់ខេត្តដែលរងផលប៉ះពាល់នៅតាមបណ្តាខេត្តជាប់ព្រំដែន។

សូមបញ្ជាក់ដែរថា កញ្ចប់សម្ភារបរិក្ខារសម្រាប់សុខភាពបន្តពូជចំនួន ៧០កញ្ចប់ ដែលត្រូវបានបញ្ជូនទៅឃ្លាំងឱសថកណ្តាល រួមមានឧបករណ៍វេជ្ជសាស្រ្ត និងថ្នាំពេទ្យជាច្រើនប្រភេទដែលត្រូវការសម្រាប់ការសង្គ្រោះថែទាំផ្នែកសម្ភព និងទារកទើបនឹងកើត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


