Connect with us

ព័ត៌មានអន្ដរជាតិ

របបសឹកមីយ៉ាន់ម៉ាបិទបញ្ចប់ការបោះឆ្នោត ចំពេលមានការថ្កោលទោសពីអន្តរជាតិ

បានផុស

នៅ

របបយោធាមីយ៉ាន់ម៉ា បានបិទបញ្ចប់ការបោះឆ្នោតសកលដែលមានបីដំណាក់កាលកាលពីថ្ងៃអាទិត្យទី​២៥​ខែ​មករា ដែលជាដំណើរការមួយត្រូវបានសហគមន៍អន្តរជាតិរិះគន់យ៉ាងខ្លាំងថា ជាការប៉ុនប៉ងធ្វើ​ឲ្យ​ការកាន់កាប់អំណាចរបស់យោធាក្លាយជាផ្លូវការ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន UPI ការបោះឆ្នោតដែលបានប្រព្រឹត្តទៅនៅថ្ងៃទី​២៨​ធ្នូ ថ្ងៃទី១១មករា និងថ្ងៃទី២៥មករា ត្រូវបានគេរំពឹងថានឹងផ្តល់ជ័យជម្នះយ៉ាងលើសលប់ដល់គណបក្សសាមគ្គីភាព និងការអភិវឌ្ឍន៍សហព័ន្ធ (USDP) ដែលគាំទ្រដោយយោធា។ នាយឧត្តមសេនីយ៍ Min Aung Hlaing មេដឹកនាំរបបសឹក និងជាប្រធានាធិបតីស្តីទី ត្រូវបានគេរំពឹងថានឹងត្រូវបានតែងតាំងជាប្រធានាធិបតីពេញសិទ្ធិដោយសភាថ្មីនៅក្នុងខែមេសាខាងមុខ។

របាយការណ៍បានបង្ហាញថា ការបោះឆ្នោតនេះត្រូវបានសម្របសម្រួលតាមរយៈកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីស្តារស្ថិរភាពឡើងវិញ ទោះបីជាការបោះឆ្នោតបានប្រព្រឹត្តទៅតែនៅក្នុងផ្នែកតូចមួយនៃក្រុងនានាទូទាំងប្រទេស ដោយសារតែសង្រ្គាមស៊ីវិលកំពុងបន្តក៏ដោយ។

លោក Min Aung Hlaing (រូបថត៖ EPA)

ដំណើរការបោះឆ្នោតនេះ បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសមហាអំណាចលោកខាងលិច និងប្រទេសជិតខាងក្នុងតំបន់។ ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បានហៅការបោះឆ្នោតនេះថាជា «ការបោកប្រាស់» ដោយលើកឡើងពីការរំលាយគណបក្សប្រឆាំង រួមទាំងគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី និងការដាក់ពន្ធនាគារគូប្រជែងនយោបាយ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន បានប្រកាសថា ពួកគេនឹងមិនទទួលស្គាល់លទ្ធផលនេះទេ ខណៈដែលអាស៊ានទាំងមូលបានបដិសេធបញ្ជូនអ្នកសង្កេតការណ៍។

របាយការណ៍ក្នុងស្រុកក៏បានបង្ហើប​ឲ្យ​ដឹងពីការប្រើប្រាស់វិធីសាស្ត្របង្ខិតបង្ខំ រួមទាំងការបង្ខំ​ឲ្យ​ប្រជាពលរដ្ឋទៅបោះឆ្នោតជាថ្នូរនឹងការទទួលបានសេវាចាំបាច់ផ្សេងៗ ដូចជាការបន្តទិដ្ឋាការជាដើម។ ទោះបីជាមានការប្រឆាំងក៏ដោយ ក៏លោក Min Aung Hlaing បានច្រានចោលការព្រួយបារម្ភរបស់អន្តរជាតិ ដោយបញ្ជាក់ថា អាទិភាពរបស់យោធាគឺការទទួលស្គាល់ក្នុងស្រុក ជាជាងការយល់ព្រមពីបរទេស៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម