សន្តិសុខសង្គម
កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់យោធាថៃ ដែលបានដាក់របាំង កុងតឺន័រ និងសាងសង់ផ្លូវ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានប្រកាសតវ៉ាជាផ្លូវការ ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជាដែលថៃកំពុងកាន់កាប់។

កម្ពុជាបានជំទាស់យ៉ាងដាច់អហង្ការចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់។
កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់កុងតឺន័របិទផ្លូវនៅទីតាំងចំនួនពីរ ក្នុងខេត្តឧត្តរមានជ័យ រួមមាន ភូមិរួតចំប៉ី និងភូមិអូរខ្លាឃ្មុំ ស្ថិតក្នុងស្រុកអូរស្មាច់។ បន្ទាប់មក នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងថៃបានចាប់ផ្តើមសាងសង់ផ្លូវមួយខ្សែ ដែលលាតសន្ធឹងចេញពីទីតាំងបិទផ្លូវដោយកុងតឺន័រ នៅក្នុងភូមិអូរខ្លាឃ្មុំ។
ដោយឡែក នៅខេត្តពោធិ៍សាត់ កងកម្លាំងប្រដាប់អាវុធថៃ ក៏បានដាក់កុងតឺន័របន្ថែម នៅក្នុងឃុំថ្មដា ស្រុកវាលវែង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ផងដែរ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ទីតាំងទាំងអស់ខាងលើស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ក្នុងអនុសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង សន្ធិសញ្ញា ឆ្នាំ១៩០៧។
កម្ពុជាចាត់ទុកថា ការដាក់របាំង និងការសាងសង់ផ្លូវនៅក្នុងតំបន់ទាំងនេះ ផ្ទុយស្រឡះនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នាក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើឡើងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងការបរទេសកម្ពុជា អះអាងថា សកម្មភាពរបស់កងកម្លាំងថៃ បានបង្កឧបសគ្គបន្ថែមដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ពលរដ្ឋភៀសសឹកកម្ពុជា ទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ។

កម្ពុជាមើលឃើញថា វាជាការប៉ុនប៉ងដោយចេតនា ដើម្បីបង្កើតស្ថានភាពថ្មី និងកំណត់ឡើងវិញនូវបរិយាកាសសន្តិសុខនៅលើទីតាំងជាក់ស្តែង ក្នុងតំបន់ដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា សកម្មភាពទាំងនេះ ជាការរំលោភលើគោលការណ៍មូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមមធ្យោបាយសន្តិភាព និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងៗទៀត៕




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


