Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនាំចេញវៀតណាមបង្ហាញសុទិដ្ឋិនិយមចំពោះពន្ធបណ្ដោះអាសន្ន ១០% របស់អាមេរិក​

បានផុស

នៅ

បណ្ដា​ក្រុមហ៊ុននាំចេញ​វៀតណាម​បាន​បង្ហាញពី​សុទិដ្ឋិនិយម​ជុំវិញការដាក់ពន្ធបណ្ដោះអាសន្ន ១០% របស់សហរដ្ឋអាមេរិក​លើទំនិញ​នាំចូលពីគ្រប់ប្រទេស ដោយ​ជឿជាក់ថា វាអាចបើកឱកាសថ្មី​ឱ្យ​វៀតណាម​ទទួល​បាន​នូវការធានាបញ្ជាទិញ​ពីទីផ្សារដ៏សំខាន់មួយនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre នៅថ្ងៃសុក្រ (២៧ កុម្ភៈ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្ដែងសុទិដ្ឋិនិយមនេះ ធ្វើឡើងបន្ទាប់ពីពន្ធថ្មី ១០% របស់អាមេរិក បាន​ចូលជាធរមាននៅថ្ងៃអង្គារ (២៤ កុម្ភៈ) និងមាន​សុពលភាព ១៥០ ថ្ងៃ ក្រោយ​តុលាការកំពូលអាមេរិក​ដកចេញនូវពន្ធបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១០ កុម្ភៈ។ ​មុននោះ វៀតណាម​រងនូវអត្រាពន្ធបដិការ ២០% របស់អាមេរិក​។

បណ្ដាក្រុមហ៊ុននាំចេញវៀតណាម​បាន​និយាយថា ទោះបីជាពន្ធ ១០% នៅតែជាបន្ទុកចំណាយក្ដី ប៉ុន្តែវាគឺជាព័ត៌មាន​ល្អ។

លោក Nguyen Duc Thang នាយកប្រតិបត្តិក្រុមហ៊ុន Dap Cau Garment Corporation Joint Stock Company ដែលធ្វើការនាំចេញទំនិញវាយនភណ្ឌទៅអាមេរិក បានប្រាប់ Tuoi Tre ថា ចាប់តាំងពីពន្ធបដិការអាមេរិកដាក់ចេញនៅឆ្នាំមុនមក ​ការបញ្ជាទិញ និងតម្លៃទំនិញ​របស់ក្រុមហ៊ុនបានធ្លាក់ចុះ ១៥-២០%។

ជាលទ្ធផល ខ្សែច្រវ៉ាក់ផលិតកម្មជាច្រើនមិនទាន់ដំណើរការពេញលេញនៅឡើយទេ។ ក្នុងរយៈពេល ៤​ខែកន្លងមកនេះ ​អតិថិជន​បានដាក់ការបញ្ជាទិញតូចៗ និងមិនសូវញឹកញាប់។ ក្រុមហ៊ុនបានទទួលយកការបញ្ជាទិញស្ទើរតែទាំងអស់ ទោះបីជាមានប្រាក់ចំណេញតិចតួច ឬគ្មានក៏ដោយ ដើម្បី​ឱ្យរោងចក្រដំណើរការ និងការពារការងាររបស់កម្មករ។

លោកជឿជាក់ថា ការដាក់ពន្ធ ១០% របស់អាមេរិក​នឹង​ធ្វើឱ្យទំនិញវាយនភណ្ឌវៀតណាម​មាន​ការប្រកួតប្រជែងច្រើន។ លោកបន្តថា ​វៀតណាមមានគុណសម្បត្តិជាងដៃគូប្រកួត​នៅអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ដោយសារតែសម្បូរ​កម្មករជំនាញ គុណភាពផលិតផលល្អ ការដឹកជញ្ជូនលឿន និងការកំណត់តម្លៃដែលអាចបត់បែនបាន។

ដោយឡែក​លោក ផាំ ក្វាង អាញ (Pham Quang Anh) នាយកក្រុមហ៊ុន Dony Garment Production Company បាន​និយាយថា វៀតណាម​មាន​ភាពលេចធ្លោ ប្រសិនបើទទួល​បាន​អត្រាពន្ធទាបជាងមុន ប៉ុន្តែបញ្ហានោះគឺ «អស្ថិរភាពគោលនយោបាយ» ក្នុងដំណាក់កាលឆ្នាំ ២០២៥-២៦។

លោកបានកត់សម្គាល់ថា ភាពមិនប្រាកដប្រជាបានធ្វើឱ្យអតិថិជនអាមេរិកមានការប្រុងប្រយ័ត្នជាងមុន ដោយពេញចិត្តការបញ្ជាទិញរយៈពេលខ្លីជាជាងកិច្ចសន្យារយៈពេលវែង ដែលធ្វើឱ្យស្មុគស្មាញដល់ការធ្វើផែនការផលិតកម្ម និងការសម្រេចចិត្តវិនិយោគ។

ចំណែក លោក ដាំង ភុក ង្វៀន (Dang Phuc Nguyen) អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ពន្ធគយ ១០% ​គឺជាដំណឹងល្អសម្រាប់ការនាំចេញផ្លែឈើរបស់វៀតណាម។

ពីមុន ផ្លែឈើវៀតណាមជាច្រើនបានប្រឈមមុខនឹងពន្ធគយរហូតដល់ ២០% ដោយខ្ពស់ជាងអត្រា ១៩% ដែលប្រទេសក្នុងតំបន់ជាច្រើនទទួលបាន​។ ជាមួយនឹងអត្រាថ្មីស្មើគ្នា ១០%​ ផលិតផលវៀតណាម ដែលមានគុណភាព​ល្អរួចហើយនោះ ​អាចនឹង​លេចធ្លោរកាន់តែខ្លាំងសម្រាប់ការប្រកួតប្រជែង។

ទោះជាយ៉ាងណាក៏ដោយ លោក ដាំង បានព្រមានថា រយៈពេល ១៥០ ថ្ងៃ បញ្ជាក់ពីភាពមិនប្រាកដប្រជា​នៃគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ ក្រៅពីពន្ធគយ ឧបសគ្គបច្ចេកទេសដូចជាស្តង់ដារគុណភាពកាន់តែតឹងរ៉ឹង តម្រូវការផលិតកម្មបៃតង និងការគ្រប់គ្រងកាន់តែតឹងរ៉ឹងនៃលេខកូដតំបន់ដាំដុះ បង្កបញ្ហាប្រឈមកាន់តែខ្លាំងឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម