Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ​៖ អ៊ីរ៉ង់​​ក៏មានមីស៊ីល Tomahawk ដែរ ក្រោយមានការវាយប្រហារដ៏រន្ធត់លើសាលារៀនក្មេង​ស្រី

បានផុស

នៅ

លោកប្រធានាធិបតី ដូណាល់ ត្រាំ​ បានធ្វើ​ឲ្យមជ្ឈដ្ឋានអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការផ្ទុះដ៏សាហាវនៅសាលារៀនសិស្ស​ស្រីមួយកន្លែងក្នុងទីក្រុង Minab ដោយលោកបានលើកឡើងថា ប្រទេសអ៊ីរ៉ង់​ខ្លួនឯងក៏មានមីស៊ីល Tomahawk ប្រើប្រាស់ដែរ។

លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយរបស់ India Today នា​ថ្ងៃ​ទី​១០​ខែ​មីនា​ឆ្នាំ​២០២៦ នៅពេលត្រូវបានគេសួរដេញដោលអំពីវីដេអូភស្តុតាង ដែលបង្ហាញថា មីស៊ីល Tomahawk របស់អាមេរិក បានបាញ់ប្រហារលើមូលដ្ឋានទ័ព​អ៊ីរ៉ង់ ដែលនៅជាប់នឹងសាលាបឋមសិក្សានោះ លោកត្រាំបានឆ្លើយតបថា លោកមិនទាន់បានឃើញវីដេអូនោះទេ ប៉ុន្តែលោកបានកត់សម្គាល់ថា អាវុធប្រភេទនេះត្រូវបានលក់ និងប្រើប្រាស់ដោយប្រទេសជាច្រើន។ លោកបានបញ្ជាក់យ៉ាងខ្លីថា «អ៊ីរ៉ង់​ក៏មាន Tomahawk ខ្លះដែរ» ដែលនេះហាក់ដូចជាការបដិសេធ​ទទួលខុសត្រូវចំៗ ចំពោះព្រឹត្តិការណ៍ដ៏សោកសៅដែលបានក្លាយជាចំណុចក្ដៅនៃជម្លោះរយៈពេល​១១ថ្ងៃកន្លងមកនេះ។

ហេតុការណ៍វាយប្រហារកាលពីថ្ងៃទី២៨​​កុម្ភៈ បានបណ្តាលឲ្យ​មនុស្សដល់ទៅ​១៧៥​នាក់បាត់បង់ជីវិត ដែលភាគច្រើនលើសលប់គឺជាក្មេង​សិស្សស្រី ហើយវាត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សាហាវបំផុតមួយចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង។ កាលពីថ្ងៃទី៣​​មីនា ទូរទស្សន៍រដ្ឋរបស់​អ៊ីរ៉ង់ បានផ្សាយរូបភាពដ៏រំជួលចិត្តនៃពិធីបុណ្យសពជនរងគ្រោះ ដោយបង្ហាញនូវជួរមឈូសតូចៗដែលគ្របដណ្តប់ដោយទង់ជាតិ ដែលរូបភាពនេះបានធ្វើ​ឲ្យពិភពលោកទាំងមូលចេញមុខថ្កោលទោសយ៉ាងខ្លាំង។ ជាមួយគ្នានេះ វីដេអូថ្មីៗដែលចែកចាយតាមអ៊ីនធឺណិត បង្ហាញពីទិដ្ឋភាពមីស៊ីលបាញ់ចំគោលដៅក្បែរសាលារៀន បានធ្វើ​ឲ្យ​មានការទាមទារកាន់តែខ្លាំង​ឲ្យ​មានការស៊ើបអង្កេតឯករាជ្យមួយលើសោកនាដកម្មនេះ។

ចូលមកដល់សប្តាហ៍ទីពីរនៃជម្លោះ ការទម្លាក់កំហុសដាក់គ្នាជុំវិញរឿងនៅទីក្រុង Minab នៅតែជាចំណុចចម្រូងចម្រាសបំផុតរវាងប្រទេសទាំងពីរ។ ខាងអ៊ីរ៉ង់ នៅតែបន្តចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការវាយប្រហារនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន​នៅតែរក្សាជំហរមិនបញ្ជាក់ច្បាស់លាស់អំពីតួនាទីរបស់ខ្លួនឡើយ។ ភាពចម្រូងចម្រាសនេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងការជជែកដេញដោលជាអន្តរជាតិ ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពជនស៊ីវិល និងរបៀបនៃការធ្វើសង្គ្រាមនៅក្នុងតំបន់៕

ការ​វាយប្រហារ​លើ​សាលារៀន​ក្នុង​ទីក្រុង Minab កាលពី​ថ្ងៃទី២៨កុម្ភៈ (រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម