Connect with us

ព័ត៌មានជាតិ

កម្ពុជា​គ្រោងរៀបចំ​ការ​ប្រឡង​ទទួល​ស្គាល់​ជំនាញ​របស់​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ស៊ុន មេសា បាន​ឱ្យ​ដឹង​ថា​ក្រសួង​គ្រោង​នឹង​រៀបចំ​ធ្វើ​ការ​ប្រឡង​​តេស្ត​សមត្ថភាព​លើ​ជំនាញ​ និង​ចេញ​វិញ្ញាបនបត្រ​ដល់​​អតីត​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​នៅ​ខែ​មេសា​ខាង​មុខ​។ លោក​ថា​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ផ្ដល់​នូវ​ការ​ទទួល​ស្គាល់​ជំនាញ​ពិតប្រាកដ​មួយ​ជូន​ដល់​អតីត​ពលករ​ខ្មែរ​ទាំង​នោះ​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ការងារ​ និង​ឱកាស​ការងារ​កាន់​តែ​ល្អ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់​កម្ពុជា​ថ្មី​តាម​សារ​អេឡិចត្រូនិក​តេឡេក្រាម លោក ស៊ុន មេសា បាន​បញ្ជាក់​ថា ការ​ផ្ដល់​សញ្ញាប័ត្រ​​ទទួល​ស្គាល់​ជំនាញ​នេះ​ជា​ការ​ផ្ដល់​តម្លៃ​ និង​បង្កើន​ការ​ទុក​ចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​ និង​វិស័យ​ឯកជន​ក្នុង​ការ​ជ្រើស​រើស​យក​អតីត​ពលករ​ទាំង​នោះ​ទៅ​ធ្វើ​ការ​នៅ​តាម​ស្ថាប័ន​របស់​ពួកគេ។

លោក​ថា៖ «យើង​ស្រមៃ​មើល​ថា​ពលរដ្ឋ​ម្នាក់​ពេល​ដែល​យើង​មាន​ជំនាញ​ហើយ​មាន​ទាំង​សញ្ញាបត្រ​ថែម​ទៀត​ផង។ អ៊ីចឹង​វា​គ្រប់​ធាតុ​ដែល​វិស័យ​ឯកជន​គាត់​ហ្នឹង​ទទួល​យក។ ក្រសួង​ការងារ​ចង់​បញ្ជាក់​ដែរ​ថា​ការ​ធ្វើ​របស់​យើង​នេះ​គឺ​មាន​ស្ដង់ដា​ជាក់លាក់​ច្បាស់លាស់ ការ​ប្រឡង​របស់​យើង​ជាក់​លាក់​ច្បាស់​លាស់​ដែល​មាន​គ្រូ​ក្នុង​ការ​ត្រួត​ពិនិត្យ​ដែល​មាន​ភាព​ជាក់​លាក់​ច្បាស់លាស់​ផង​ដែរ»

ជា​ជំហាន​ដំបូង​នៃ​ការ​ទទួល​ស្គាល់​លើ​ជំនាញ​នេះ​ក្រសួង​សម្រេច​ទទួល​ស្គាល់​លើ​ជំនាញ​លើ​វិស័យ​សំណង់​ដែល​មាន​៨​មុខ​គឺ​ការងារ​កំបោរ ការ​ងារ​ការ៉ូ ការងារ​ដំឡើង​ពុម្ព ការងារ​ត​បណ្ដាញ​បំពង់​ទឹក ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អាគារ ការងារ​រន្ទា ការ​ដំឡើង​សរសៃ​ដែក​ និង​ការ​ផ្សារ​អគ្គិសនី​។

លោក​បាន​បញ្ជាក់​ថា​ការ​ធ្វើ​តេស្ត​សមត្ថភាព​ និង​ការ​ផ្ដល់​សញ្ញាប័ត្រ​ទទួល​ស្គាល់​ជំនាញ​នេះ​នឹង​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​នោះ​ទេ។

​​​​​​​​​​​លោក​អំពាវនាវ​ឱ្យ​អតីត​ពលករ​មក​ពី​ថៃ​ដែល​មាន​ជំនាញ​ដូច​រៀបរាប់​ខាង​លើ​ត្រៀម​ខ្លួន​ដើម្បី​ប្រឡង​យក​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ជំនាញ​របស់​ពួកគេ​ដែល​មាន​ដើម្បី​មាន​ការងារ​ធ្វើ​កាន់​តែ​ល្អ​។

​​​ក្នុង​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​កាល​ពី​ឆ្នាំ​២០២៥ មាន​អតីត​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ត្រលប់​ចូល​ប្រទេស​វិញ​ប្រមាណ​ជាង​៩០ម៉ឺន​នាក់​ ខណៈ​ដែល​ក្រសួង​ការងារ​បាន​ផ្គូរផ្គង​រក​ការងារ​ជូន​ដល់​អតីត​ពលករ​ទាំង​នោះ​បាន​មួយ​ភាគ​ធំ​ ខណៈ​នៅ​សល់​ការងារ​រាប់​ម៉ឺន​កន្លែង​ទៀត​ដែល​ក្រសួង​កំពុង​បន្ត​ស្វែង​រក​មនុស្ស​ដើម្បី​ចូល​ធ្វើការ​ផង​ដែរ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម