Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ជាបណ្តោះអាសន្ន ចំពេលមានវិបត្តិផ្គត់ផ្គង់

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Scott Bessent បានប្រកាសកាលពីថ្ងៃទី២០​ខែមីនាថា សហរដ្ឋអាមេរិកបានសម្រេចដកទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេងរបស់អ៊ីរ៉ង់ដែលបានផ្ទុកនៅលើនាវារួចរាល់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិផ្គត់ផ្គង់ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការ​ផ្សាយរបស់ AFP ការសម្រេចចិត្តនេះអនុញ្ញាត​ឲ្យ​អ៊ីរ៉ង់លក់ប្រេងឆៅ និងផលិតផលប្រេងចំនួន ១៤០លានបារ៉ែល ដែលបានផ្ទុកលើនាវាមុនថ្ងៃទី២០មីនា ដោយមានសុពលភាពរហូតដល់ថ្ងៃទី១៩ខែមេសា ក្នុងគោលបំណងបង្កើនការផ្គត់ផ្គង់ថាមពលពិភពលោក និងកាត់បន្ថយសម្ពាធតម្លៃប្រេងដែលបានហក់ឡើងដល់ ១១០ដុល្លារក្នុងមួយបារ៉ែល។

វិធានការនេះមានគោលដៅបញ្ចេញប្រេងដែលអ៊ីរ៉ង់ធ្លាប់លក់ក្នុងតម្លៃថោកឲ្យប្រទេសចិន មកកាន់ទីផ្សារពិភពលោកវិញ ប៉ុន្តែវាមិនត្រូវបានអនុវត្តចំពោះការដឹកជញ្ជូនទៅកាន់ប្រទេសគុយបា កូរ៉េខាងជើង ឬតំបន់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីនោះទេ។ លោក Bessent បានបញ្ជាក់ថា នេះគឺជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីរក្សាស្ថិរភាពទីផ្សារ បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០% នៃតម្រូវការសកល។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងប្រេងរបស់អ៊ីរ៉ង់ លោក Saman Ghoddoosi បានច្រានចោលការអះអាងនេះតាមរយៈបណ្តាញសង្គម X ដោយលើកឡើងថា អ៊ីរ៉ង់មិនមានប្រេងឆៅលើសតម្រូវការនៅលើសមុទ្រ សម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិនោះទេ ហើយសម្តីរបស់រដ្ឋមន្ត្រីអាមេរិកគ្រាន់តែជាការផ្តល់សង្ឃឹមខ្យល់ដល់អ្នកទិញប៉ុណ្ណោះ។ បើតាមរបាយការណ៍ពី CNN អ៊ីរ៉ង់នៅតែបន្តលក់ប្រេងដោយអនុញ្ញាតឲ្យនាវាដឹកប្រេងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលអាចឲ្យពួកគេពង្រីកទីផ្សារទៅកាន់ប្រទេសលោកខាងលិច ជំនួស​ឲ្យ​ការលក់ផ្តាច់មុខឲ្យ​តែប្រទេសចិន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម