ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី៖ គ្មានឲ្យឯកសារផ្អឹបចោលលើតុ លក្ខខណ្ឌគ្រប់យ៉ាងនឹងសម្រួលមិនឲ្យរាំងស្ទះវិនិយោគិនមកខេត្តរតនគិរី
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជំរុញការវិនិយោគនៅខេត្តភូមិភាគឦសាន ដោយផ្តល់នូវឱកាសមាសសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកលើការវិនិយោគលើវិស័យកសិកម្ម និងទេសចរណ៍។
លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគីរីបានឲ្យដឹងថា អ្នកវិនិយោគនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន តាមរយៈគោលនយោបាយលើកទឹកចិត្តក្នុងការមកវិនិយោគក្នុងខេត្តរតនគិរី។
ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជាទៅខេត្តរតនគិរី ឆ្លើយតបការសាកសួររបស់ក្រុមអ្នកសារព័ត៌មានពីកម្មវិធីជំរុញការវិនិយោគនៅខេត្តភូមិភាគឦសាន លោក ញ៉ែម សំអឿន បញ្ជាក់ថា «លក្ខខណ្ឌការវិនិយោគក៏មានភាពស្រដៀងគ្នាទៅនឹងការវិនិយោគនៅខេត្តព្រះសីហនុ ដូចជាការទទួលបានប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ការលើកលែងពន្ធ ហើយមានសុពលភាពរហូតដល់ឆ្នាំ ២០២៨»។

លោកអភិបាលខេត្តបានអះអាងថា «វិនិយោគិននឹងទទួលបានការសម្របសម្រួលគ្រប់បែបយ៉ាង។ ឯកសារនឹងមិនឲ្យរាំងស្ទះ ឬផ្អិបទុកចោលលើតុឡើយ»។
លោកអភិបាលខេត្តបន្តថា លោកបើកទទួលការទំនាក់ទំនង ២៤ ម៉ោងលើ ២៤ ម៉ោង មិនថានៅលើបណ្តាញដូចជា Facebook និង WhatsApp ដើម្បីអាចដោះស្រាយទុក្ខកង្វល់របស់វិនិយោគិនឬអាចទៅអង្គភាពពាក់ព័ន្ធអន្តរាគមន៍បានឆាប់រហ័ស។
ពាក់ព័ន្ធការវិនិយោគក្នុងខេត្តរតនគិរី លោកអភិបាលខេត្តលើកទឹកចិត្តឲ្យវិនិយោគលើវិស័យកសិកម្ម និងរោងចក្រកែច្នៃ ខណៈដែលខេត្តរតនគិរីមានផ្ទៃដី ១ ៧៨២ គីឡូម៉ែត្រក្រឡា ដែលសម្បូរទៅដោយដីកសិកម្មមានជីជាតិ និងតំបន់ព្រៃឈើ ប៉ុន្តែនៅខ្វះខាតរោងចក្រឧស្សាហកម្ម និងការវេចខ្ចប់។

ខេត្តមានផ្ទៃដីដាំដុះកៅស៊ូជាង ៨ ម៉ឺនហិកតា ដែលបច្ចុប្បន្នការកែច្នៃនៅមានកម្រិតជាវត្ថុធាតុដើមនៅឡើយ ខណៈផ្ទៃដីដាំដុះស្វាយចន្ទីមានរហូតដល់ ១០ ម៉ឺនហិកតា។
លោក ញ៉ែម សំអឿនបានគូសបញ្ជាក់ថា ក្រៅពីដំណាំស្វាយចន្ទី និងកៅស៊ូដ៏មានសក្តានុពល ខេត្តរតនគីរីក៏មានការដាំដុះដំណាំផ្សេងទៀតដូចជា កាហ្វេ កាកាវ និងទុរេន ដែលកំពុងមានតម្លៃខ្ពស់លើទីផ្សារ។
បច្ចុប្បន្នខេត្តរតនគិរីមានរោងចក្រវេចខ្ចប់ចេកចំនួន ២ កន្លែង និងរោងចក្រវេចខ្ចប់ផ្លែឈើផ្សេងៗពី ២ ទៅ ៣ កន្លែងទៀត។ ក្នុងខេត្តក៏មានរោងចក្រកែច្នៃដំឡូងមី ដែលមានសមត្ថភាពអាចកិនដំឡូងមីស្រស់ទៅជាម្សៅបានចំនួន ១ ០០០ តោនក្នុងមួយថ្ងៃ សម្រាប់នាំចេញទៅកាន់ប្រទេសចិន សិង្ហបុរី និងទីផ្សារផ្សេងៗទៀត។
ទន្ទឹមនឹងវិស័យកសិកម្មជំរុញការវិនិយោគ លោកក៏លើកឡើងឲ្យវិនិយោគិនពិនិត្យមើលលទ្ធភាពវិនិយោគលើវិស័យទេសចរណ៍ ដោយសារអំណោយផលនៃធនធានធម្មជាតិនៅក្នុងតំបន់នេះ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


