Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់គំរាមបិទផ្លូវទឹកសំខាន់ៗថែម​ទៀត ខណៈអាមេរិកឡោមព័ទ្ធកំពង់ផែ​​របស់​ខ្លួន

បានផុស

នៅ

ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងតែឡើងកម្ដៅជាថ្មី បន្ទាប់ពីមេទ័ពកំពូលម្នាក់របស់អ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Ali Abdollahi Aliabadi បានចេញមុខព្រមានកាលពីថ្ងៃពុធថា ទីក្រុងតេហេរ៉ង់អាចនឹងសម្រេចចិត្តបិទរាល់ការដឹកជញ្ជូនតាមសមុទ្រក្រហម និងផ្លូវទឹកសំខាន់ៗដទៃទៀតក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះ​ផ្សាយ​ថ្ងៃទី​១៥​ខែមេសា FoxNews បាន​ឲ្យ​ដឹង​ថា ការគំរាមកំហែងនេះបានកើតឡើងជាការឆ្លើយតបទៅនឹងការដែលកងទ័ពសហរដ្ឋអាមេរិក បាននិងកំពុងធ្វើការឡោមព័ទ្ធកំពង់ផែរបស់អ៊ីរ៉ង់យ៉ាងតឹងរ៉ឹង ដែលលោកឧត្តមសេនីយ៍​អ៊ីរ៉ង់​ចាត់ទុកថា ជាទង្វើបង្កអសន្តិសុខដល់នាវាពាណិជ្ជកម្ម និងជាសញ្ញានៃការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលកំពុងមាន។

លោក Ali Abdollahi Aliabadi បានបញ្ជាក់យ៉ាងដាច់អហង្ការតាមរយៈទូរទស្សន៍រដ្ឋថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងមិនអនុញ្ញាត​ឲ្យ​មានការនាំចេញ ឬនាំចូលណាមួយប្រព្រឹត្តទៅបានឡើយ ទាំងនៅក្នុងឈូងសមុទ្រពែរ្ស សមុទ្រអូម៉ង់ និងសមុទ្រក្រហម ប្រសិនបើអាមេរិកនៅតែបន្តបិទផ្លូវសមុទ្ររបស់ខ្លួនបែបនេះ។ លោកយល់ថា សកម្មភាពរបស់អាមេរិកគឺជាការត្រៀមលក្ខណៈដើម្បីឈានទៅរកការផ្ទុះអាវុធសាជាថ្មី និងបំផ្លាញរាល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពនាពេលកន្លងមក។

ឆ្លើយតបនឹងការគំរាមកំហែងនេះ សេតវិមានបានបង្ហាញជំហររឹងមាំមិនរាថយឡើយ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានលើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងក្រុមការងារចរចា បានកំណត់ខ្សែបន្ទាត់ក្រហមយ៉ាងច្បាស់លាស់រួចហើយ។ លោកស្រីបានបន្ថែម​ថា ការឡោមព័ទ្ធតាមសមុទ្ររបស់អាមេរិកកំពុងមានប្រសិទ្ធភាពខ្លាំង ដែលធ្វើឲ្យ​អ៊ីរ៉ង់កាន់តែចង់បានកិច្ចព្រមព្រៀង ហើយនាវាដឹកប្រេងទាំងនោះនឹងត្រូវបង្ខំចិត្តងាកមករកតំបន់ដែលអាមេរិកគ្រប់គ្រងវិញ។

ក្នុងពេលជាមួយគ្នានេះ បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិកបានរាយការណ៍ថា ក្នុងរយៈពេល៤៨​ម៉ោងដំបូងនៃការឡោមព័ទ្ធ គ្មាននាវាណាមួយអាចឆ្លងកាត់របាំងការពាររបស់កងទ័ពអាមេរិកបានឡើយ។ នាវាចម្បាំងអាមេរិកបានរារាំងនាវាដឹកប្រេងចំនួន ៩គ្រឿងដែលព្យាយាមចាកចេញពីកំពង់ផែអ៊ីរ៉ង់ ហើយបានបញ្ជា​ឲ្យ​នាវាទាំងនោះត្រឡប់ក្រោយវិញ។ សកម្មភាពយោធាដ៏តឹងរ៉ឹងនេះបានបង្ហាញ​​ឲ្យ​ឃើញថា ទោះបីជាមានការចរចាសន្តិភាពក៏ដោយ ប៉ុន្តែកម្លាំងបាយនៅលើសមរភូមិសមុទ្រនៅតែបន្តប្រឈមមុខដាក់គ្នាដែលពិភពលោកកំពុងតាមដានយ៉ាងដិតដល់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម