Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ចាប់ផ្តើមរាយមីនសមុទ្រថែមទៀត នៅច្រក Hormuz

បានផុស

នៅ

ទន្ទឹមនឹងការប្តេជ្ញាចិត្តមិនបើកច្រកសមុទ្រ Hormuz ឡើងវិញដោយចោទថាអាមេរិក-អ៊ីស្រាអែល រំលោភបទឈប់បាញ់នោះ ឥឡូវស្រាប់តែអ៊ីរ៉ង់ ដាក់ពង្រាយមីនសមុទ្រថែមទៀតហើយនៅច្រកនេះ ដោយធ្វើឲ្យស្ថានការណ៍ជម្លោះនិងការធ្វើនាវាចរណ៍ កាន់តែស្មុគស្មាញ។

(រូប៖ Reuters)

តាមការផ្សាយរបស់ New York Post នៅថ្ងៃសុក្រ ទី២៤​ ខែមេសា ឆ្នាំ២០២៦ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មើលឃើញទ័ពជើងទឹកនៃកងឆ្មាំបដិវត្តឥស្លាម (IRGC) ចាប់ផ្តើមចល័តកម្លាំងនៅច្រក Hormuz ហើយពង្រាយមីនសមុទ្រថែមទៀតជាច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បញ្ជាក់ថា ខ្លួនកំពុងតាមដានស្ថានការណ៍នេះ យ៉ាងយកចិត្តទុកដាក់។

នេះគឺជាការដាក់ពង្រាយមីនសមុទ្រលើកទី២ហើយ នៅច្រក Hormuz តាំងពីសង្គ្រាមដែលអាមេរិកចាប់ដៃអ៊ីស្រាអែល វាយអ៊ីរ៉ង់ ផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ 

(រូប៖ Reuters)

ក្នុងប្រតិបត្តិការដាក់មីនលើកដំបូង ក្រុមអ្នកជំនាញជឿថា អ៊ីរ៉ង់ ប្រហែលពង្រាយមិនដល់១០០គ្រាប់ឡើយ ទោះមកទល់ពេលនេះ គេអត់ដឹងច្បាស់ថា តើមានមីនប៉ុន្មានគ្រាប់បានផ្ទុះ និងប៉ុន្មានគ្រាប់នៅសល់។

រឿងនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីប្រមុខសេតវិមាន ដូណាល់ ត្រាំ ​ប្រកាស​ថា អ៊ីរ៉ង់​ព្រមសហការជាមួយអាមេរិក ដើម្បីបោសសម្អាតគ្រាប់មីនក្នុងទឹកដែលធ្លាប់បានដាក់កន្លងមក ឲ្យ​អស់ចេញពី​​​ច្រក​ Hormuz។

ការបោសសម្អាតមីនទាំងនេះ គឺជាកិច្ចការដ៏ចាំបាច់បំផុត ដើម្បីផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ ជាពិសេសកប៉ាល់ដឹកប្រេងដែលត្រូវឆ្លងកាត់​ច្រក​ Hormuz៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម