Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖កាតព្វកិច្ចយោធាមិនមែនផ្តោតតែលើហ្វឹកហាត់បាញ់កាំភ្លើងនោះទេ ក៏មានវគ្គហ្វឹកហ្វឺនរាងកាយ វិន័យ សីលធម៌  

បានផុស

នៅ

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កាតព្វកិច្ចយោធាមិនមែនមានគោលបំណងត្រឹមតែហ្វឹកហាត់បាញ់កាំភ្លើងប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយសំខាន់ក្នុងការបណ្តុះបណ្តាលវិន័យ សីលធម៌ និងការអភិវឌ្ឍសមត្ថភាពរបស់យុវជនផងដែរ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្រ្តីបានអនុម័តសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ប៉ុន្តែច្បាប់នេះនៅមិនទាន់ឆ្លងកាត់រដ្ឋសភា ព្រឹទ្ធសភា និងមិនទាន់មានព្រះរាជក្រមដាក់ឲ្យអនុវត្តជាផ្លូវការនៅឡើយទេ ពោលអាចមានការកែប្រែខ្លឹមសារមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាអធិបតី “សំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦” នៅព្រឹកថ្ងៃទី​២៦ ខែមេសានេះ សម្តេចធិបតី បានបញ្ជាក់ថា កាតព្វកិច្ចយោធាមានសារៈសំខាន់មិនត្រឹមតែសម្រាប់វិស័យការពារជាតិទេ ប៉ុន្តែមានអត្ថប្រយោជន៍ទូលំទូលាយដល់សង្គម។ យុវជនដែលចូលរួមនឹងទទួលបានការបណ្តុះបណ្តាលអំពីវិន័យ សីលធម៌ ការងារជាក្រុម និងជំនាញជីវិត ដែលអាចជួយឲ្យពួកគេក្លាយជាកម្លាំងពលកម្មមានគុណភាពបន្ទាប់ពីបញ្ចប់កាតព្វកិច្ច។

សម្តេចបញ្ជាក់ថា៖«កងទ័ពមិនមែនយកទៅតែហ្វឹកហាត់បាញ់កាំភ្លើងនោះទេ គឺមានវគ្គហ្វឹកហ្វឺនច្រើន ​ហើយយើងមានវគ្គបណ្តុះបណ្តាលមួយចំនួនមុនគាត់បញ្ចប់កាតព្វកិច្ចយោធា។ យុវជនម្នាក់ដែលឆ្លងកាត់មានសមត្ថភាព ក្លាយទៅជាកម្លាំងពលកម្មមួយដែលខ្លាំងក្លា មានសក្តានុពល ប្រជាពលរដ្ឋ ប្រទេសយើងក៏នឹងមានយុវជនដែលបានការបណ្តុះបណ្តាល ហាត់ពត់លត់ដំវិន័យ ដែលនេះជាផលដែលបានមកពីកាតព្វកិច្ចយោធា»។

សម្តេចពន្យល់ទៀតថា ការអនុវត្តកាតព្វកិច្ចយោធា សម្រាប់យុវជនអាយុពី ១៨ ដល់ ២៥ ឆ្នាំ មិនមែនមានន័យថា នឹងប្រមូលយុវជនទាំងអស់ចូលកងទ័ពក្នុងពេលតែមួយនោះទេ។ ចំនួនអ្នកត្រូវចូលបំពេញកាតព្វកិច្ចនឹងអាស្រ័យលើតម្រូវការកងទ័ពប្រចាំឆ្នាំ ដែលអាចមានចំនួនជាច្រើនម៉ឺននាក់ប៉ុណ្ណោះ។ ក្នុងនោះ ការជ្រើសរើសអាចប្រើរូបមន្តពីរ គឺការស្ម័គ្រចិត្ត និងការបង្ខំ។ អាទិភាពនឹងផ្តល់ជូនអ្នកស្ម័គ្រចិត្តជាមុន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកដែលកំពុងមានការងារ ឬការសិក្សា។ ប្រសិនបើចំនួនមិនគ្រប់ គឺនឹងអនុវត្តការជ្រើសរើសកាតព្វកិច្ចយោធាដោយបង្ខំតាមនីតិវិធី។

លើសពីនេះ កងទ័ពក៏នឹងផ្តល់វគ្គបណ្តុះបណ្តាលជំនាញផ្សេងៗ មុនពេលយុវជនបញ្ចប់កាតព្វកិច្ច ដើម្បីបង្កើនសមត្ថភាព និងឱកាសការងារនាពេលអនាគត។ សម្តេចធិបតី បានបន្ថែមថា នៅប្រទេសជាច្រើន អ្នកដែលធ្លាប់ឆ្លងកាត់កាតព្វកិច្ចយោធា តែងតែទទួលបានអាទិភាពក្នុងទីផ្សារការងារ ដោយសារមានវិន័យ និងជំនាញច្បាស់លាស់។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា យុវជននឹងក្លាយជាយោធិនបម្រុងរហូតដល់អាយុ ៤៥ ឆ្នាំ ហើយអាចត្រូវបានហៅមកហ្វឹកហាត់បន្ថែមរយៈពេលខ្លីជាប្រចាំឆ្នាំ ដើម្បីរក្សាសមត្ថភាព។ ក្នុងអំឡុងពេលនេះ កន្លែងការងារត្រូវធានាទាំងតួនាទី និងអត្ថប្រយោជន៍ដើមរបស់បុគ្គលនោះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម