ព័ត៌មានអន្ដរជាតិ
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្ទេរពីពន្ធនាគារ មកជាប់ឃុំក្នុងផ្ទះវិញ
រឿងរ៉ាវរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំដ៏ល្បីល្បាញរបស់ប្រទេសមីយ៉ាន់ម៉ា បានឈានចូលដល់ជំពូកថ្មីមួយទៀតហើយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា បានប្រកាសថា លោកស្រីត្រូវបានគេផ្ទេរចេញពីការឃុំខ្លួនក្នុងពន្ធនាគារ ឲ្យមកជាប់ឃុំខ្លួនក្នុងផ្ទះវិញ។

តាមការផ្សាយរបស់ BBC នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកស្រី អ៊ុងសាន ស៊ូជី ដែលបច្ចុប្បន្នមានវ័យ ៨០ឆ្នាំទៅហើយនោះ បានជាប់ឃុំខ្លួនតាំងពីឆ្នាំ ២០២១ មកម្ល៉េះ ពោលគឺ តាំងពីពេលដែលយោធាធ្វើរដ្ឋប្រហារ ទម្លាក់លោកស្រីចេញពីតំណែង។ កន្លងមក គេជឿថា លោកស្រីត្រូវបានគេឃុំទុកនៅក្នុងពន្ធនាគារយោធាមួយកន្លែង ក្នុងទីក្រុងណៃពិដោ។
លោក មីង អ៊ុងឡាំង ដែលជាមេដឹកនាំយោធា និងទើបឡើងជាប្រធានាធិបតីថ្មីមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយថា លោកបានសម្រេចបន្ធូរបន្ថយទោស ដែលនៅសេសសល់របស់លោកស្រី ដោយអនុញ្ញាតឲ្យលោកស្រីមកអនុវត្តទោសនៅតាមទីតាំងដែលគេបានកំណត់ទុកវិញ។ កាលពីមុន លោកស្រី អ៊ុងសាន ស៊ូជី ធ្លាប់បានដឹកនាំប្រទេសក្នុងឆ្នាំ ២០១៥ បន្ទាប់ពីមានការកែទម្រង់ប្រជាធិបតេយ្យ ប៉ុន្តែមុនពេលទទួលបានជ័យជម្នះនោះ លោកស្រីក៏ធ្លាប់បានចំណាយពេលអស់ជាង ១៥ឆ្នាំមកហើយក្នុងការឃុំខ្លួនក្នុងផ្ទះ កំឡុងពេលតស៊ូមតិដើម្បីសិទ្ធិសេរីភាព។
ទោះបីជាមានការប្រកាសបែបនេះក្តី កូនប្រុសរបស់លោកស្រី គឺលោក Kim Aris បែរជាបង្ហាញការសង្ស័យ និងមិនសូវជឿជាក់លើដំណឹងនេះឡើយ។ លោកបានប្រាប់សារព័ត៌មាន BBC ថា រូបភាពដែលទូរទស្សន៍រដ្ឋយកមកបញ្ចាំងបង្ហាញពីសកម្មភាពលោកស្រីអង្គុយជាមួយមន្ត្រីយោធានោះ គឺជារូបភាពចាស់តាំងពីឆ្នាំ ២០២២ មកម្ល៉េះ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ដរាបណាលោកមិនទាន់បានទាក់ទងជាមួយម្តាយដោយផ្ទាល់ ឬមានអ្នកណាម្នាក់អាចបញ្ជាក់ពីទីតាំងពិតប្រាកដ និងសុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី បានទេនោះ លោកនឹងមិនជឿលើពាក្យសម្តីរបស់ក្រុមយោធានោះឡើយ។ សូម្បីតែក្រុមមេធាវីរបស់លោកស្រី ក៏បានឲ្យដឹងដែរថា ពួកគេមិនទាន់ទទួលបានដំណឹងផ្លូវការណាមួយអំពីការផ្លាស់ប្តូរនេះនៅឡើយទេ។
គេសង្កេតឃើញថា ការបង្ហាញមុខលោកស្រីតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនាពេលនេះ អាចជាសញ្ញាមួយ ដែលយោធាមីយ៉ាន់ម៉ាចង់កែប្រែស្ថានភាពនយោបាយ ឬប្រហែលជាចង់ដោះលែងលោកស្រីទាំងស្រុងនាពេលខាងមុខ។ មេដឹកនាំយោធាមីយ៉ាន់ម៉ា ប្រហែលជាកំពុងព្យាយាមបន្ធូរបន្ថយសម្ពាធពីអន្តរជាតិ បន្ទាប់ពីពួកគេទទួលបានជោគជ័យខ្លះៗ នៅលើសមរភូមិប្រឆាំងនឹងក្រុមប្រដាប់អាវុធក្នុងស្រុក។
លោកស្រី អ៊ុងសាន ស៊ូជី ធ្លាប់ជាវីរនារីដែលពិភពលោកគោរពកោតសរសើរ តាមរយៈការតស៊ូដោយអហិង្សា រហូតទទួលបានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ១៩៩១។ ប៉ុន្តែ កេរ្តិ៍ឈ្មោះដ៏ល្អស្អាតស្អំរបស់លោកស្រី ក៏ធ្លាប់ត្រូវបានប៉ះពាល់យ៉ាងខ្លាំងផងដែរ កាលពីឆ្នាំ ២០១៧ នៅពេលដែលលោកស្រីបានចេញមុខការពារកងទ័ពមីយ៉ាន់ម៉ា ចំពោះការចោទប្រកាន់ពីបទប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅចំពោះមុខតុលាការអន្តរជាតិ។ យ៉ាងណាមិញ សម្រាប់ប្រជាជនមីយ៉ាន់ម៉ាភាគច្រើន លោកស្រីនៅតែជាតួអង្គដ៏សំខាន់បំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រជាតិរបស់ពួកគេ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


