Connect with us

ព័ត៌មានអន្ដរជាតិ

វាយបកទៅ ត្រាំ! អធិការបតីអាល្លឺម៉ង់ បោះសម្តីថា គ្មានអាមេរិក ក៏អឺរ៉ុប អាចការពារខ្លួនបានដែរ

បានផុស

នៅ

ជម្លោះរវាងមហាអំណាចលេខ១លើលោក និងមហាអំណាចអឺរ៉ុប កាន់តែក្តៅគគុកទៅៗ ដោយប្រមុខសេតវិមាន ជះកំហឹងយ៉ាងខ្លាំងចំពោះអាល្លឺម៉ង់ ឈានដល់ការសម្រេចដកទ័ពចេញពីប្រទេសនេះ ព្រោះតែការរិះគន់ខ្លួន ជុំវិញសង្គ្រាមនៅអឺរ៉ង់ ហើយឥឡូវជាការវាយបក ទីក្រុងបែរឡាំង ក៏បោះពាក្យទៅវិញថា គ្មានអាមេរិក ក៏អឺរ៉ុប អាចការពារខ្លួនបានដែរ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងកិច្ចសម្ភាសជាមួយ ទូរទស្សន៍ ARD កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ អធិការបតីអាល្លឺម៉ង់ Friedrich Merz បញ្ជាក់យ៉ាងច្បាស់ថា សមាជិកអឺរ៉ុបរបស់អង្គការណាតូ នៅតែមានសមត្ថភាពរារាំង និងការពារខ្លួនបាន បើទោះបីជាគ្មានអាវុធ ឬការគាំទ្រពីកងកម្លាំងសហរដ្ឋអាមេរិក ក៏ដោយ។

ទោះបែបនេះ លោកសង្កត់ធ្ងន់ថា អាល្លឺម៉ង់ មិនបោះបង់ចោល ការខិតខំប្រឹងប្រែង ដើម្បីពង្រឹងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកនោះទេ ហើយក៏មិនបោះបង់ចោល នូវកិច្ចសហប្រតិបត្តិការជាមួយលោក ត្រាំ ដែរ។ អាមេរិកនៅតែជាដៃគូដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់ ក្នុងអង្គការណាតូ ហើយនៅតែមានឱកាស សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

អធិការបតីអាល្លឺម៉ង់ Friedrich Merz (រូប៖ Reuters)

ការថ្លែងរបស់លោក Merz កើតឡើង ក្រោយពេល ក្រសួងសង្គ្រាមអាមេរិក សម្រេ​ច ដកទ័ព ៥ ០០០​នាក់ ​ចេញពីអាល្លឺម៉ង់ បន្ទាប់ពីមានជម្លោះពាក្យសម្តី យ៉ាងតឹងសរសៃ ក រវាងមេដឹកនាំប្រទេសទាំងពីរ។

យ៉ាងណា ក្រោយមក ប្រមុខសេតវិមាន បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅ South Florida ថា អាមេរិក មានផែនការ ដកទ័ពលើស ៥ ០០០នាក់ទៅទៀត។

រឿងនេះ បានទាក់ទាញប្រតិកម្មយ៉ាងខ្លាំងពីណាតូ ដោយអ្នកនាំពាក្យអង្គការនេះ គឺលោកស្រី Allison Hart និយាយថា ការកែសម្រួលនេះ សបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការរបស់អឺរ៉ុប ដែលត្រូវបន្តវិនិយោគបន្ថែមទៀត លើវិស័យការពារជាតិ និងត្រូវរួមចំណែកកាន់តែធំ សម្រាប់សន្តិសុខរួមរបស់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម