ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ថាកម្ពុជានឹងប្រើយន្តការនៃការផ្សះផ្សាដោយបង្ខំរបស់ UNCLOS ដើម្បីបន្តដោះស្រាយជាមួយថៃបើប្រទេសនេះពិតជាដកខ្លួនចេញពី MOU ២០០១
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសលោក គង់ ភោគ បានបង្ហាញការសោកស្ដាយចំពោះការចង់ដកខ្លួនរបស់ថៃចេញពីអនុសារណៈយោគយល់គ្នាលើព្រំដែនដែនសមុទ្រ MOUឆ្នាំ២០០១ តែថាបើទោះបីថៃដកខ្លួនចេញក្ដីក៏កម្ពុជានៅតែមានយន្តការបន្តក្នុងការដោះស្រាយផងដែរ ជាពិសេសគឺការប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។

ក្នុងកិច្ចសម្ភាសន៍ពិសេសផ្សាយដោយទូរទស្សន៍ជាតិនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋលេខាធិការក្រសួងការបរទេស លោក គង់ ភោគ បានបញ្ជាក់ថាបើទោះបីជាគ្មាន MOU ឆ្នាំ២០០១ ដើម្បីសម្របសម្រួលយន្តការលើដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ដែលធ្លាប់អនុវត្តន៍២៥ឆ្នាំមកហើយក្ដី ក៏កម្ពុជានៅតែអាចរក្សាប្រយោជន៍ និងដំណើរការចរចារបានដដែលតាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទឆ្នាំ១៩៨២ (UNCLOS 1982) ជាពិសេសគឺយន្តការនៃការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation)។
លោកថា៖ «យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំគឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រដើម្បីជួយទៅដល់រដ្ឋភាគីដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីនិងស្របទៅតាមច្បាប់អន្តរជាតិ»។
លោកបានបញ្ជាក់ថាការសម្រេចចិត្តរបស់កម្ពុជាគឺបានឆ្លុះបញ្ចាំងពីក្ដីសង្ឃឹមដែលកម្ពុជា និងថៃអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។

យន្តការនៃការផ្សះផ្សាដោយបង្ខំ Compulsory Conciliation ត្រូវបានចែងក្នុង UNCLOS ដែលជាយន្តដោះស្រាយកណ្ដាល ដែលរដ្ឋភាគីណាមួយនៃជម្លោះអាចទាមទារឱ្យមានការផ្សះផ្សាដោយបង្ខំបានទោះបីភាគីមួយទៀតមិនព្រមសហការក្ដី ក៏យន្តការនេះនៅតែអាចបន្តទៅមុខបានតាមរយៈការចាត់តាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ។ យន្តការនេះត្រូវបានបង្កើតឡើងដើម្បីបំបែកភាពទាល់ច្រក និងដាក់សម្ពាធខាងនយោបាយឱ្យរដ្ឋដែលរឹងរូសងាកមកចរចាដោយសន្តិវិធីវិញ។
ក្រុមប្រឹក្សាសន្តិសុខជាតិថៃកាលពីថ្ងៃទី២៣ ខែមេសា បានសម្រេចដកខ្លួនចេញពី MOU ២០០១ ក្នុងតំបន់ត្រួតស៊ីគ្នាដែនសមុទ្រកម្ពុជា-ថៃ។ ការដកខ្លួននេះត្រូវបានអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ បណ្ឌិត Surachart Bamrungsuk ថាការលុប MOU គឺត្រូវអនុវត្តតាមការកំណត់ក្នុងអនុសញ្ញាក្រុងវីយ៉ែនឆ្នាំ១៩៦៩ មិនមែនគ្រាន់តែប្រកាសហើយចាត់ទុកថាបញ្ចប់ និងលុបចោលភ្លាមៗនោះទេ ដែលការលុបរបស់ថៃនៅពេលនេះបានបង្កើតជាសំណួរមួយដែរថាមានការពិតកម្រិតណាចំពោះការលុបនេះ។ លោកយល់ថាការលុប MOU ឆ្នាំ២០០១ដោយថៃគឺគ្រាន់តែផ្គាប់ចិត្តក្រុមជាតិនិយម និងបណ្ដាក្រុមជ្រុលនិយមប៉ុណ្ណោះ ដែលបានធ្វើឱ្យបាត់បង់នូវក្របខ័ណ្ឌនៃការចរចារវាងកម្ពុជា-ថៃដែលធ្លាប់អនុវត្តន៍កន្លងមកប៉ុណ្ណោះ។

លោកសរសេរថា៖ «ការលុបចោល MoU 44 គឺជាការបោះបង់ចោលផលប្រយោជន៍ដែនសមុទ្ររបស់ថៃ ក្នុងទិដ្ឋភាពច្បាប់អន្តរជាតិ ដូចដែលការចរចាមុនបានរៀបចំក្របខ័ណ្ឌទុកមក។ លើកលែងតែរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin ជឿជាក់ដោយខ្លួនឯងថា លោកអាចបង្កើតក្របខ័ណ្ឌចរចាដែនសមុទ្រថ្មីបានល្អជាងក្រុមចាស់ ឬជឿថា លោកមានអ្នកពូកែដែលមានចំណេះដឹង និងបទពិសោធន៍ផ្នែកច្បាប់សមុទ្រច្រើនជាងបុគ្គលដូចជា សាស្ត្រាចារ្យ បណ្ឌិត Surakiart Sathirathai និង នាយឧត្តមនាវី Thanom Charoenlap តែជាអកុសលខ្ញុំមិនជឿឡើយ ហើយក៏គ្មានផ្លូវជឿដែរ ព្រោះនៅពេលបានស្ដាប់អ្នកដែលនៅជាមួយរដ្ឋាភិបាល ប្រជាជន ក្រសួងការបរទេស និងកងទ័ពជើងទឹកហើយ វារឹតតែធ្វើឱ្យខ្ញុំមិនអាចជឿទុកចិត្តបានទាល់តែសោះ»។
ទាក់ទងនឹងការលុបMOU ឆ្នាំ២០០១ ដោយប្រទេសថៃនេះ ក៏ត្រូវបានប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមរបស់សម្ដេចកាលពីថ្ងៃទី១ ខែឧសភា ដោយបានសម្ដែងការគាំទ្រចំពោះយោបល់របស់អ្នកវិភាគរបស់ថៃរូបនេះ និងថាការលុប MOU ស្ដីពីតំបន់ដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃនេះ ហាក់បីដូចជារដ្ឋាភិបាលថៃចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ដែលសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា ដែលទាំងនេះវាយផ្ទុយស្រឡះពីអ្វីដែលថៃទាមទារចង់បានទ្វេភាគីជាមួយកម្ពុជានោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


