ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រើឱកាសនាវាកូរ៉េខាងត្បូងផ្ទុះឆេះ អូសទាញក្រុងសេអ៊ូល ឲ្យចូលរួមជម្លោះជាមួយអ៊ីរ៉ង់
វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំបន្ទាន់មួយ នាថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ នេះ ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតប បន្ទាប់ពីមានហេតុការណ៍ផ្ទុះ និងឆេះយ៉ាងសន្ធោសន្ធៅនៅលើនាវាដឹកទំនិញខ្នាតធំមួយគ្រឿងរបស់ខ្លួន នៅក្នុងតំបន់ច្រកសមុទ្រហ័រមូស។ ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានចេញមុខជំរុញឲ្យទីក្រុងសេអ៊ូល ចូលរួមក្នុងបេសកកម្មយោធាដឹកនាំដោយក្រុងវ៉ាស៊ីនតោន ដើម្បីការពារសុវត្ថិភាពផ្លូវទឹកដ៏គ្រោះថ្នាក់មួយនេះផងដែរ។

បើតាមការផ្សាយរបស់ Anadolu ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ ខណៈដែលនាវាឈ្មោះ HMM Namu កំពុងឈប់នៅក្បែរឆ្នេរសមុទ្រនៃ ប្រទេសអារ៉ាប់រួម។ អគ្គិភ័យ បានចាប់ផ្ដើមឆាបឆេះចេញពីបន្ទប់ម៉ាស៊ីន ដែលបង្ខំឲ្យសមាជិកនាវិកទាំងអស់ ២៤នាក់ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង ៦នាក់ និងជនជាតិបរទេស ១៨នាក់ ត្រូវតស៊ូជាមួយភ្លើងអស់រយៈពេលដល់ទៅ ៤ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ជាសំណាងល្អ មនុស្សទាំងអស់នៅលើនាវា ត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព ប៉ុន្តែនាវានេះ ត្រូវរង់ចាំការអូសសណ្ដោង ដើម្បីពិនិត្យការខូចខាត ទើបអាចដឹងច្បាស់ថា ការផ្ទុះនេះ បង្កឡើងដោយបញ្ហាម៉ាស៊ីន ឬក៏រងការវាយប្រហារពីខាងក្រៅ។
ស្របពេលដែលស្ថានការណ៍កំពុងតានតឹង លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា វាដល់ពេលហើយ ដែលកូរ៉េខាងត្បូង គួរតែបញ្ជូនកម្លាំងមកចូលរួម ក្នុងបេសកកម្មនៅច្រកសមុទ្រហ័រមូស។ ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ពីមានរបាយការណ៍មិនច្បាស់លាស់ពីខាងអ៊ីរ៉ង់ ដែលថា មាននាវាចម្បាំងអាមេរិកត្រូវរងការវាយប្រហារដោយគ្រាប់មីស៊ីល ប៉ុន្តែអាមេរិកបានបដិសេធភ្លាមៗ។ បច្ចុប្បន្ន មាននាវាដឹកទំនិញរបស់កូរ៉េខាងត្បូងចំនួន ២៦គ្រឿងទៀត កំពុងជាប់គាំងនៅក្នុងច្រកសមុទ្រនោះ ដែលធ្វើឲ្យរដ្ឋាភិបាលសេអ៊ូលមានការព្រួយបារម្ភយ៉ាងខ្លាំង។
ជម្លោះនៅក្នុងតំបន់នេះ បានឆាបឆេះខ្លាំងឡើង ចាប់តាំងពីមានការវាយប្រហារគ្នារវាងអាមេរិក និងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ ទោះបីជាមានការព្រមព្រៀងឈប់បាញ់បណ្ដោះអាសន្ន ក្រោមការសម្រុះសម្រួលពីប៉ាគីស្ថានក៏ដោយ ក៏កិច្ចចរចាកន្លងមក មិនបានសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងណាមួយឡើយ។ ជាមួយនឹងការប្រកាសរបស់អ៊ីរ៉ង់ថា នឹងចាត់វិធានការដាច់ខាត ចំពោះនាវាណា ដែលរំលោភច្បាប់ធ្វើដំណើរ និងការបន្តបិទខ្ទប់ផ្លូវទឹកពីសំណាក់អាមេរិក ធ្វើឲ្យតំបន់ច្រកសមុទ្រហ័រមូស ក្លាយជាចំណុចក្ដៅបំផុត ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


