Connect with us

កីឡា

​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រភព​អង្គរ ២០២៦ មានសន្ទុះខ្លាំង ខណៈអ្នកចុះឈ្មោះដល់ ៥ ពាន់នាក់ហើយ

បានផុស

នៅ

​ព្រឹត្តិការណ៍​រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើកទី ១១ ដែលនឹងធ្វើនៅខេត្តសៀមរាប នាថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២៦ កំពុង​មាន​សន្ទុះខ្លាំងលើសពីឆ្នាំមុនៗ ខណៈគិតត្រឹមពេលនេះមានអ្នកចុះឈ្មោះ ៥,០០០ នាក់ហើយ ដែលមកពី ៤៨ ប្រទេសជុំវិញពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការ NOCC នាព្រឹកថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៦ ថា ការរៀបចំព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រភព​អង្គរលើកទី ១១ នេះមានគោលបំណងធំ ២។

ទី ១. ដើម្បីជួយដល់វិស័យទេសចរណ៍ ស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍ ដែលជម្រុញឱ្យមានការរៀបចំព្រឹត្តិការណ៍កីឡាឱ្យបានច្រើន ក្នុងពេលរដូវកាលភ្លៀង។ ទី ២. ដើម្បីធ្វើសប្បុរសធម៌ ដោយថវិការទទួលបាន នឹងយកទៅជួយមន្ទីរពេទ្យជាតិផ្សេងៗ ដូចជាមន្ទីរពេទ្យគន្ធបុផ្ផាជាដើម។

លោក​អគ្គលេខា NOCC បានបញ្ជាក់ ថា ព្រឹត្តិការណ៍​រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ឆ្នាំ ២០២៦ នេះ មានសន្ទុះខ្លាំងជាងឆ្នាំមុនៗ ដោយគិតត្រឹមថ្ងៃនេះ មានអ្នកចុះឈ្មោះដល់ ៥,០០០ នាក់ហើយ មកពី ៤៨ ប្រទេសផ្សេងគ្នាជុំវិញពិភពលោក។ ចំណែកឆ្នាំមុនវិញ គិតត្រឹមថ្ងៃធ្វើសន្និសីទដូចគ្នានេះ គឺមានអ្នកចុះឈ្មោះត្រឹម ២,០០០ ទៅ ៣,០០០ នាក់ប៉ុណ្ណោះ ហើយរហូតដល់ថ្ងៃរត់តែម្តង ទើបមានអ្នកចូលរួមជាង ៤,០០០ នាក់។ ឆ្នាំនេះលោក​ដាក់ក្តីរំពឹងខ្ពស់ ថា នៅពេលដល់ថ្ងៃរត់ នឹងអាចមានអ្នកចូលរួមឈានដល់ចំនួន ៦,០០០ នាក់។

ចំណែក លោក សែម ផល្លា នាយក​​ម៉ារ៉ាតុង​​កម្ពុជា បាន​ថ្លែង​ថា ​ព្រឹត្តិការណ៍​រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើកទី ១១ ជាព្រឹត្តិការណ៍រត់លក្ខណៈស្តង់ដាអន្តរជាតិ ដែលមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និង ថ្នាក់អន្តរជាតិ ហើយត្រូវបានវាស់វែងផ្លូវរត់ដោយគណៈកម្មការម៉ារ៉ាតុងពិភពលោក។

លោកបានបញ្ជាក់ ថា ការរត់នឹងត្រូវចេញដំណើរពីមុខប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ម៉ារ៉ាតុងនេះដែរ ត្រូវបានបែងចែកចម្ងាយផ្លូវជា ៤ រួមមានម៉ារ៉ាតុងពេញ (Full Marathon) ចម្ងាយ ៤២ គីឡូម៉ែត្រ, ពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ ២១ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម