Connect with us

កីឡា

បុរស​ខ្មែរវ័យជាង​៥០​ឆ្នាំ គីម សារឿន បាន​ប្រកួត​រត់​ចម្ងាយ ១០០ ​គ.ម.ជា​ច្រើន​​នៅ​ក្រៅ​ប្រទេស​

បានផុស

នៅ

លោក គីម សារឿន ទើប​តែ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ សម្រាប់ការ​ប្រកួត​រត់​​ម៉ារ៉ាតុង​អន្តរជាតិ​​ឆ្លង​ឧបសគ្គចម្ងាយ​ឆ្ងាយ​ Malaysia Ultra Trail 2025 កាល​ពី​ថ្ងៃទី ២៧-២៨ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី សម្រាប់​វិញ្ញាសា​អាយុ​ ៥០​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​​រត់​ម៉ារ៉ាតុង​ឆ្លង​ឧបសគ្គ​ចម្ងាយ​ឆ្ងាយ​​ Malaysia Ultra Trail របស់​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ ២០២៥ ​មានវិញ្ញាសា​ចម្ងាយ ១៣​គីឡូម៉ែត្រ ២៥​គីឡូម៉ែត្រ ៥០​គីឡូម៉ែត្រ និង ១០០​គីឡូម៉ែត្រ ហើយ​ក៏​កំណត់​​​អាយុ និង​ភេទ​សម្រាប់​ការ​ចូល​រួមប្រកួត​ដើម្បី​ឲ្យ​ស្មើ​ភាព​គ្នា​តាម​វិញ្ញាសា​នីមួយ​ៗ។ ​កីឡាករ កីឡាការិនី​ ក្មេង​ ចាស់ ប្រុស​ស្រី​រាប់​រយ​នាក់​​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​បាន​ចូល​រួម​ប្រកួត កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ហើយ​​វិញ្ញាសា​ចម្ងាយ​ ១០០​គីឡូម៉ែត្រ​ត្រូវ​​រត់​​ឆ្លង​ថ្ងៃ​ឈាន​ចូល​​ទី ២៨​ ខែ​កញ្ញា​ ថែម​ទៀតផង។

ក្នុង​នោះ​កីឡាករ​រត់​ប្រណាំង​កម្ពុជា លោក គីម សារឿន បាន​ចូល​រួម​​រត់​​ក្នុង​វិញ្ញាសា​បុរស​អាយុ​ចន្លោះ ៥០ ទៅ ៥៥​ឆ្នាំ ចម្ងាយ ១០០​គីឡូម៉ែត្រ។ ទី​បំផុត លោក ទទួល​បាន​ចំណាត់​​ថ្នាក់​លេខ ៣ (មេដាយ​សំរិទ្ធ) ក្នុង​ចំណោម​អ្នក​ចូល​រួម​រត់​ជា​ច្រើន​នាក់។

នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​របស់​​បុរស​ខ្មែរ​វ័យ​ជាង ៥០​ឆ្នាំ​រូប​នេះ​សម្រាប់​ការ​ចូល​រួម​រត់​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស។ តាម​ពិត​ទៅ លោក​ធ្លាប់​ចូល​រួម​រត់​ម៉ារ៉ាតុង​អន្តរជាតិ​​ជា​ច្រើន​នៅបណ្តា​ប្រទេស​ផ្សេង​ៗ​ ហើយ​ព្រឹត្តិការណ៍​រត់​ជា​ច្រើន​នៅ​ក្នុង​ស្រុក​ក៏​កម្រ​បាត់​មុខ​លោក​ណាស់។ ទោះ​បី​ជា​យ៉ាង​ណា មហា​ជន​មិន​សូវ​បាន​ដឹង​ពី​លោក​ឡើយ។

កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ ២០២៥ លោក គីម សារឿន បាន​ចូល​រួម​​រត់​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​​​ Ultra-Trail Xianmen by UTMB – ចម្ងាយ ១០០ គីឡូម៉ែត្រ នៅ​ប្រទេស​ចិន ដោយ​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ ១៩២ ក្នុង​ចំណោម ៥០៤​នាក់។

នៅ​ព្រឹត្តិការណ៍ Vietnam Mountain Marathon 2024 – Ultra ចម្ងាយ​ ១០០​ម៉ាយស៍ (ជាង ១០០​គីឡូម៉ែត្រ) ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នៅ​ប្រទេស​ វៀតណាម លោក​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ ៥៥ ក្នុង​ចំណោម ១០៥ នាក់។

ព្រឹត្តិការណ៍ Vietnam Mountain Marathon 2023 – Ultra ចម្ងាយ ១០០​គីឡូម៉ែត្រ ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ ២០២៣ នៅ​ប្រទេស វៀតណាម លោក​បញ្ចប់ចំណាត់​ថ្នាក់​លេខ ៨៥ ក្នុង​ចំណោម​ ២៤៥​នាក់។

ព្រឹត្តិការណ៍ Vietnam Mountain Marathon 2022 – Ultra ចម្ងាយ ១០០​គីឡូម៉ែត្រ ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ ២០២២ នៅ​ប្រទេស​ វៀតណាម លោក​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ ៥៤ ក្នុង​ចំណោម ៨៥​នាក់។

លោក គីម សារឿន បាន​ចូល​រួម​ប្រកួត​​ក្នុង​​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​​អន្តរជាតិ​អង្គរ​ឆ្លង​ឧបសគ្គ​ចម្ងាយ​ឆ្ងាយ Ultra-Trail Angkor International Marathon ​លើ​វិញ្ញាសា​ ៦៤​គីឡូម៉ែត្រ ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ ២០១៩ នៅ​​ខេត្ត​សៀម​រាប ដោយ​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ ១១ ក្នុង​ចំណោម ៥៥​នាក់។

ខាង​លើ​គ្រាន់​តែ​ព័ត៌មាន​តិច​តូច​ ប៉ុន្តែ​នៅ​មាន​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ជា​ច្រើន​ទៀត​ដែល​លោក​បាន​ចូល​រួម​ប្រកួត។ កម្ពុជា​ថ្មី នឹង​ព្យាយាម​ទាក់​ទង​លោក​ដើម្បីលំអិត​ពីជីវិត​រត់​ប្រណាំង​របស់​លោក​នៅ​ពេល​ក្រោយ​ទៀត៕

អត្ថបទ៖ វីរបុត្រ
រូបភាព ដក​ស្រង​ចេញ​ពី​គណនី​របស់​លោក គីម សារឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម