Connect with us

ព័ត៌មានជាតិ

អាជីវករជុំវិញផ្សារអូរឫស្សី ស្នើឱ្យចំណតភាស៊ីទុកចន្លោះសម្រាប់ដឹកជញ្ជូនទំនិញ ចៀសវាងប៉ះពាល់ការប្រកបអាជីវកម្ម

បានផុស

នៅ

អាជីវករលក់ដូរនៅជុំវិញផ្សារអូរឫស្សី បានលើកជាសំណូមពរដូចៗគ្នា សុំឱ្យរដ្ឋបាលខណ្ឌ៧មករា ជួយអន្តរាគមន៍ និងសម្របសម្រួលជាមួយក្រុមគ្រប់គ្រងចំណតភាស៊ីរថយន្តផ្សារអូរឫស្សី ដើម្បីទុកចន្លោះមុខផ្ទះនិងមុខតូបមួយចំនួន សម្រាប់រទេះដឹកជញ្ជូនទំនិញចេញចូលឱ្យបានងាយស្រួល ចៀសវាងការប៉ះពាល់ជាមួយរថយន្តដែលចូលមកផ្ញើនៅចំណត និងជួយសម្រួលដល់ការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីសំណេះសំណាលរវាងរដ្ឋបាលខណ្ឌ៧មករា និងអាជីវករជុំវិញផ្សារអូរឫស្សី ក្រោមអធិបតីភាព លោក ណុប ផា អភិបាលរងខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា។

លោក ណុប ផា អភិបាលរងខណ្ឌ៧មករា

ក្នុងជំនួបសំណេះសំណាលនេះ រដ្ឋបាលខណ្ឌបានទទួលយកសំណូមពរ និងបញ្ហាប្រឈមនានាពីអាជីវករ ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយសមស្រប ធានាសណ្ដាប់ធ្នាប់ សោភ័ណភាព និងការប្រកបអាជីវកម្មឱ្យកាន់តែប្រសើរ។

ពាក់ព័ន្ធជាមួយគ្នានេះអាជីវករបានលើកឡើងពីបញ្ហាសំខាន់ៗមួយចំនួន ដូចជា៖ ស្នើឱ្យក្រុមគ្រប់គ្រងចំណតភាស៊ីរថយន្ត ជួយទុកចន្លោះមុខផ្ទះ និងមុខតូបលក់ដូរ សម្រាប់រទេះរុញដឹកទំនិញចេញចូល ដើម្បីបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការកកស្ទះ ឬ ការប៉ះទង្គិចជាមួយរថយន្តដែលចូលមកផ្ញើនៅចំណត។

បញ្ហាទី២៖ ស្នើឱ្យមានការរៀបចំសណ្ដាប់ធ្នាប់ក្នុងការដាក់តាំងលក់ទំនិញឱ្យមានស្តង់ដារដូចគ្នា ដោយសុំឱ្យអាជីវករទាំងអស់ដាក់តាំងលក់ត្រឹមសំយ៉ាបមុខផ្ទះរៀងៗខ្លួន ដើម្បីរក្សារបៀបរៀបរយ សោភ័ណភាព និង ទុកផ្លូវសម្រាប់អ្នកថ្មើរជើង។ សំណើនេះ ត្រូវបានអាជីវករភាគច្រើនសម្តែងការគាំទ្រ និងឯកភាពដូចគ្នា និង បញ្ហាទី៣៖ អាជីវករបានស្នើឱ្យមានការបន្ថែមធុងសំរាមនៅតាមមុខផ្ទះ ឬ មុខតូបនីមួយៗ ដោយសារបច្ចុប្បន្នចំនួនធុងសំរាមនៅមានកម្រិត ខណៈសំរាមត្រូវបានយកមកបោះចោលប្រមូលផ្តុំក្នុងធុងតែមួយចំនួន បណ្ដាលឱ្យមានភាពរញ៉េរញ៉ៃ បង្កក្លិនមិនល្អ និងប៉ះពាល់ដល់បរិស្ថានជុំវិញផ្សារ។

ជាការឆ្លើយតប លោក ណុប ផា អភិបាលរងខណ្ឌ៧មករា បានបញ្ជាក់ប្រាប់អាជីវករថា បញ្ហាចំណតភាស៊ីរថយន្ត គឺស្ថិតក្រោមការគ្រប់គ្រងរបស់ចំណតភាស៊ីរដ្ឋបាលរាជធានីភ្នំពេញ ហើយលោកនឹងអញ្ជើញភាគីពាក់ព័ន្ធ និងម្ចាស់ចំណតមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយសមស្របជូនអាជីវករ។

ចំពោះបញ្ហាការដាក់តាំងទំនិញ អាជីវករទាំងអស់បានឯកភាពគ្នា រៀបចំការលក់ដូរឱ្យមានរបៀបរៀបរយ ដោយដាក់តាំងទំនិញត្រឹមសំយ៉ាបមុខផ្ទះរៀងៗខ្លួន។

ដោយឡែក ពាក់ព័ន្ធបញ្ហាសំរាម និងការខ្វះធុងសំរាម លោក ណុប ផា បានបញ្ជាក់ថា រដ្ឋបាលខណ្ឌនឹងចាត់ឱ្យក្រុមការងារចុះពិភាក្សាជាមួយក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម Mizuda ដើម្បីពិនិត្យលទ្ធភាពបន្ថែមធុងសំរាម និងរៀបចំការប្រមូលសំរាមឱ្យមានប្រសិទ្ធភាពជាងមុន។

អាជីវករសង្ឃឹមថា ក្រោយការសំណេះសំណាល និងការយកចិត្តទុកដាក់ពីរដ្ឋបាលខណ្ឌ បញ្ហាប្រឈមនានាជុំវិញផ្សារអូរឫស្សី នឹង ត្រូវបានដោះស្រាយជាបន្តបន្ទាប់ ដើម្បីធានាបរិយាកាសល្អ សណ្ដាប់ធ្នាប់ និងភាពងាយស្រួលក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃ៕ អត្ថបទ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម