Connect with us

ព័ត៌មានជាតិ

កម្ពុជាបញ្ជាក់ជាថ្មីពីការមិនប្រើកម្លាំងដោះស្រាយបញ្ហា និងអំពាវនាវឱ្យអាស៊ានបង្កើនកិច្ចសហការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

បានផុស

នៅ

ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ជាថ្មីម្ដងទៀតពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជៀសវាងការប្រើប្រាស់កងកម្លាំង ដើម្បីដោះស្រាយបញ្ហា និងអំពាវនាវឱ្យអាស៊ានបង្កើនកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀតលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់ និងការអំពាវនាវរបស់កម្ពុជាធ្វើឡើង ស្របពេលនៅឯតាមព្រំដែនកម្ពុជា-ថៃ នៅតែមានភាពតានតឹង បទឈប់បាញ់មានភាពផុយស្រួយ  ខណៈកន្លងទៅថៃយកលេសបង្ក្រាបការឆបោកតាមអនឡាញលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីបិទបាំងទង្វើបើកការវាយប្រហារខុសច្បាប់ និងវាតទី កាន់កាប់ទឹកដីកម្ពុជា បំពានខ្សែរព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ។

ក្នុងបទអន្តរាគមន៍ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី៣១ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពអធិបតេយ្យ និងការមិនប្រើកម្លាំង ស្របតាមច្បាប់អន្តរជាតិ។ ប្រមុខការទូតកម្ពុជា សង្កត់ធ្ងន់ថា អាស៊ាននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ដែលជាកម្លាំងចលករសម្រាប់សន្តិភាព ស្ថិរភាព និងការជឿទុកចិត្តគ្នា នៅក្នុងតំបន់ និងពិភពលោក។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា៖«នៅចំពោះមុខការកើនឡើងនៃភាពស្មុគស្មាញស្តីពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាអំពាវនាវឱ្យមានការបង្កើនកិច្ចសហការក្នុងតំបន់ និងការចូលរួមយ៉ាងសកម្មជាមួយដៃគូ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះឱ្យមានប្រសិទ្ធភាព។ »។

ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈឆ្លងដែន កន្លងទៅ កម្ពុជាបានអះអាងថា បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ អង្គការអន្តរជាតិ និងយន្តការពហុភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបច្ចេកទេសរួមគ្នា។ កម្ពុជាបានសហការយ៉ាងសកម្មក្នុងការស្រាវជ្រាវ បង្ក្រាប និងបញ្ជូនជនសង្ស័យ ព្រមទាំងការជួយសង្គ្រោះជនរងគ្រោះ ដែលពាក់ព័ន្ធនឹងបណ្តាញ ឧក្រិដ្ឋកម្មតាម ប្រព័ន្ធបច្ចេកវិទ្យា។

រាជរដ្ឋាភិបាល កម្ពុជា ក៏អំពាវនាវឱ្យមានការសហការពីអន្តរជាតិបន្ថែម ដោយផ្អែកលើគោលការណ៍ទំនួលខុសត្រូវរួម និងការចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហារួមរបស់តំបន់។ កម្ពុជា ក៏បានបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្រយុទ្ធប្រឆាំងរយៈពេលវែង ដែលត្រូវការចូលរួមពីគ្រប់ភាគីទាំងក្នុងប្រទេស និងអន្តរជាតិ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម